រដ្ឋបាលខេត្តកំពង់ធំ បិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៥-២០២៦

10-04-2026 14:34

(កំពង់ធំ)៖ លោក លី វេត អភិបាលរងខេត្តកំពង់ធំ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកប្រចាំខេត្តកំពង់ធំ លើប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្មឆ្នាំ ២០២៥-២០២៦ នៅវិទ្យាល័យកំពង់ធំ។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេប កីឡាករ កីឡាការិនី មធ្យមសិក្សាលើប្រភេទកីឡាដែលត្រូវប្រកួតរួមមាន៖

១៖ កីឡាបាល់ទាត់៖ បុរសចំនួន ៨ក្រុម កីឡាករសរុបចំនួន ១៤៤នាក់, នារីចំនួន ៦ក្រុម កីឡាការិនីសរុបចំនួន ១០៨នាក់។ កីឡាបាល់ទះ បុរសចំនួន ៧ក្រុម កីឡាករសរុបចំនួន ៨៤នាក់, នារី ចំនួន ៧ក្រុម កីឡាការិនីសរុបចំនួន ៨៤នាក់។ កីឡាបាល់បោះ បុរសចំនួន ៤ក្រុម កីឡាករសរុបចំនួន ៤៨នាក់, នារី ចំនួន ៣ក្រុម កីឡាការិនីសរុបចំនួន ៣៦នាក់។ កីឡាប៉េតង់ បុរសចំនួន ៧ក្រុម កីឡាករសរុបចំនួន ២៨នាក់, នារី ចំនួន ៥ក្រុម កីឡាការិនីសរុបចំនួន ២០នាក់។ កីឡាអត្តពលកម្ម មាន ៦វិញ្ញាសា (រត់ល្បឿន ១០០m លោតកម្ពស់ លោកតចម្ងាយ ចោលដុំដែក រត់ចម្ងាយ ៣០០០m និងដើរ ៥០០០m បុរសនារី ) កីឡាករសរុបចំនួន ៥៤នាក់ និងកីឡាការិនីសរុបចំនួនៈ ៥៤នាក់ សរុប ៦៦០នាក់ នារី ៣០២នាក់។

ថ្លែងនាឱកាសនោះ លោក លី វេត បានឱ្យដឹងថា កីឡាករ កីឡាការិនី គឺជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍជាតិនាថ្ងៃអនាគតដែលមិនអាចខ្វះបានហើយ ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះគឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ ការប្រកួតកីឡាពេលនេះ បានផ្តល់ឱ្យកីឡាករ កីឡាការិនី និងគូរប្រកួតមានឱកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ ដើម្បីទទួលជ័យជម្នះ ទន្ទឹមនិងនេះដែរវិស័យកីឡា បានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជា ការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ក្នុងសង្គមជាតិ។

លោក លី វេត បានសម្តែងនូវអំណរគុណនិងកោតសសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការរៀបចំការប្រកួតកីឡាបានយ៉ាងល្អប្រសើរ ព្រមទាំងគណៈកម្មាការប្រកួតកីឡា គណៈប្រតិភូកីឡាស្រុក/ក្រុងទាំង៩ ដែលបានសហការគ្នាបានយ៉ាងល្អក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាក្នុងពេលនេះឱ្យទទួលបានជោគជ័យនិងលទ្ធផលល្អ និងសម្រាប់ផ្តល់កិត្តិយស ឱ្យក្រុង/ស្រុកនីមួយៗរបស់ខ្លួនផងដែរ។

លោក លី វេត បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីទៅប្រកួតនៅថ្នាក់ជាតិនៅពេលខាងមុខ និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រក៏ក្លាយខ្លួនទៅជាពលរដ្ឋដែលមានសមត្ថភាពក្នុងការបម្រើប្រទេសជាតិឲ្យមានការីកចម្រើន។

គួរបញ្ជាក់ថា លទ្ធផលនៃការប្រកួត៖ ផ្នែកអត្តពលកម្ម បានលើស្រុកប្រាសាទបល្ល័ង្ក។ ផ្នែកកីឡាប៊ូល និងប៉េតង់ ១នាក់ទល់ និង ១នាក់នារី បានលើឈ្មោះ ចាន់ ឆេងនាង ស្រុកសណ្តាន់, ១នាក់ទល់និង ១នាក់បុរស បានលើឈ្មោះ ណាក់ វ៉ាន់ណេត ក្រុងស្ទឹងសែន, ៣នាក់ទល់និង ៣នាក់នារី លេខ១ បានទៅលើស្រុកប្រាសាទសំបូរ, ៣នាក់ទល់ និង៣នាក់បុរស លេខ១ បានទៅលើស្រុកប្រាសាទសំបូ។

ផ្នែកកីឡាក្រុម៖ បាល់បោះនារី លេខ១ បានទៅលើស្រុកបារាយណ៍, បាល់បោះបុរស លេខ១ បានទៅលើស្រុកប្រាសាទសំបូរ, បាល់ទះនារី លេខ១ បានទៅលើស្រុកប្រាសាទបល្ល័ង្ក, បាល់ទះបុរស លេខ១ បានទៅលើស្រុកប្រាសាទបល្ល័ង្ក, បាល់ទាត់នារី លេខ១ បានទៅលើក្រុងស្ទឹងសែន, បាល់ទាត់បុរស លេខ១ បានទៅលើស្រុកតាំងគោក៕