ចំណូលត្រីមាសទី១ របស់ TSMC ហក់ឡើង ៣៥% លើសពីការរំពឹងទុករបស់ទីផ្សារ

10-04-2026 15:28

(បរទេស)៖​ យោងតាមរបាយការណ៍នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន TSMC (Taiwan Semiconductor Manufacturing Co) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបតាមកិច្ចសន្យាធំបំផុតក្នុងលោក បានបង្ហាញពីកំណើនចំណូលយ៉ាងខ្លាំងក្លានៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៦ ដែលជំរុញដោយតម្រូវការខ្ពស់ឥតឈប់ឈរនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

យោងតាមរបាយការណ៍បានឲ្យដឹងថា​​ ចំណូលក្នុងត្រីមាសទី១ បានកើនឡើង៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​​​ ចំណូលសរុបមានចំនួនប្រមាណ ៨០៥.៤៣ ពាន់លានដុល្លារតៃវ៉ាន់ (ស្មើនឹងប្រហែល ២៥.១ ពាន់លានដុល្លារអាមេរិក)។ តួលេខនេះបានយកឈ្នះការទស្សន៍ទាយរបស់អ្នកវិភាគ ដែលធ្លាប់រំពឹងថានឹងទទួលបានត្រឹមតែប្រហែល ៧៧៥.៥ ពាន់លានដុល្លារតៃវ៉ាន់ប៉ុណ្ណោះ។ ការរីកចម្រើនយ៉ាងរហ័សនៃកម្មវិធី AI បានធ្វើឱ្យក្រុមហ៊ុនធំៗដូចជា Nvidia និង Apple (ដែលជាអតិថិជនសំខាន់របស់ TSMC) បន្តបញ្ជាទិញបន្ទះឈីបកម្រិតខ្ពស់បំផុត។​ ក្រៅពី AI តម្រូវការសម្រាប់គ្រឿងអេឡិចត្រូនិកទំនើបៗ និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Centers) ក៏បានវិលត្រឡប់មកមានសន្ទុះខ្លាំងឡើងវិញដែរ។

គួរជម្រាបថា​ ក្រោយការប្រកាសទិន្នន័យនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន TSMC បានកើនឡើងភ្លាមៗ ដោយសារតែអ្នកវិនិយោគមានទំនុកចិត្តកាន់តែខ្លាំងលើស្ថិរភាពសេដ្ឋកិច្ចរបស់ក្រុមហ៊ុន បើទោះបីជាមានភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដោយ។​ TSMC នៅតែបន្តរក្សាតំណែងជា «ឆ្អឹងខ្នង» នៃឧស្សាហកម្មបច្ចេកវិទ្យាពិភពលោក។ ភាពជោគជ័យក្នុងត្រីមាសទី១ នេះ គឺជាសញ្ញាវិជ្ជមានបង្ហាញថា វិស័យពាក់កណ្តាលចម្លង (Semiconductor) នឹងបន្តរីកចម្រើនខ្លាំងពេញមួយឆ្នាំ២០២៦​នះ៕