ឥណ្ឌូណេស៊ីសម្រេចដាក់ទណ្ឌកម្ម YouTube ជុំវិញច្បាប់ការពារកុមារលើបណ្ដាញសង្គម

10-04-2026 16:09

(បរទេស)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសម្រេចផ្ញើលិខិតព្រមានជាផ្លូវការទៅកាន់ក្រុមហ៊ុន Google បន្ទាប់ពីបណ្ដាញ YouTube មិនបានអនុវត្តតាមបទប្បញ្ញត្តិថ្មីដែលរឹតបន្តឹងការប្រើប្រាស់បណ្ដាញសង្គមចំពោះកុមារ។ ច្បាប់ថ្មីដែលបានចូលជាធរមានកាលពីចុងខែមីនានេះ តម្រូវឱ្យបណ្ដាញសង្គមទាំងអស់បិទគណនីកុមារដែលមានអាយុក្រោម ១៦ ឆ្នាំ ដើម្បីការពារពីហានិភ័យនៃជំងឺបាក់ទឹកចិត្ត និងការគំរាមកំហែងតាមអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

លោកស្រី Meutya Hafid រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងឌីជីថល បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ «រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្មានជម្រើសផ្សេងក្រៅពីការមិនអត់ឱនឱ្យពួកគេឡើយ... ហើយឥឡូវនេះយើងកំពុងឈានទៅរកការដាក់ទណ្ឌកម្ម»។ លោកស្រីបានបន្ថែមថា ការផ្ញើលិខិតព្រមាននេះគឺជាជំហានដំបូង ហើយប្រសិនបើនៅតែមិនព្រមអនុវត្តតាម ឥណ្ឌូណេស៊ីអាចនឹងឈានដល់ការបិទខ្ទប់បណ្ដាញសង្គមនេះទាំងស្រុងតែម្ដង។

ខណៈ YouTube កំពុងរងការព្រមាន បណ្ដាញសង្គមធំៗផ្សេងទៀតដូចជា Meta (ម្ចាស់ Facebook និង Instagram), X និង Bigo Live បានសម្រេចកែប្រែប្រព័ន្ធរបស់ខ្លួនឱ្យស្របតាមច្បាប់ឥណ្ឌូណេស៊ីរួចរាល់ហើយ។ លោកស្រីរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បញ្ហាបច្ចេកទេសមិនមែនជាលេសនោះទេ ដោយលោកស្រីលើកឡើងថា៖ «នេះគឺជាបញ្ហានៃឆន្ទៈ និងសុច្ឆន្ទៈរបស់បណ្ដាញសង្គមធំៗ ក្នុងការគោរពច្បាប់របស់ប្រទេសឥណ្ឌូណេស៊ី»។

គួររំលឹកផងដែរថា ឥណ្ឌូណេស៊ីមិនមែនជាប្រទេសដំបូងឡើយដែលរឹតបន្តឹងលើបញ្ហានេះ ពោលគឺធ្វើឡើងតាមគំរូរបស់ប្រទេសអូស្ត្រាលី ដែលបានដាក់បម្រាមស្រដៀងគ្នាកាលពីឆ្នាំមុន ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបច្ចេកវិទ្យាទៅលើសុខភាពផ្លូវចិត្តរបស់យុវជនជំនាន់ក្រោយ៕