ក្រុមនិសិត្ស AUPP Gaming នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានបរិច្ចាគ​ដល់សាលាបឋមសិក្សា​ហ៊ុនណេង​បឹងស្នាយ

10-04-2026 16:51

(កំពង់ចាម)៖ ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ ក្រុមសមាជិកក្លឹប AUPP Gaming បានចុះអនុវត្តសកម្មភាពសប្បុរសធម៌ ដោយនាំយកថវិកាដែលប្រមូលបានពីការប្រកួតហ្គេម Mobile Legends ផ្តល់ជូនសាលាបឋមសិក្សា ហ៊ុនណេង បឹងស្នាយ នៅខេត្តកំពង់ចាម សរុបចំនួន ១០,០០០,០០០ រៀល និងសម្ភារៈសិក្សា រួមមាន សៀវភៅ ៤០០ ក្បាល ប៊ិច ៤០០ ដើម ខ្មៅដៃ ២០០ ដើម កាបូបសិស្ស ១០០ និងមីកញ្ចប់ ១០០ កេស ដែលបានជួយគាំទ្រដល់សិស្សានុសិស្ស និងបរិយាកាសសិក្សា។

ក្លឹប AUPP Gaming របស់មហាវិទ្យាល័យ American University of Phnom Penh (AUPP) បានរៀបចំព្រឹត្តិការណ៍ប្រកួតហ្គេម Mobile Legends Tournament ដោយជោគជ័យ កាលពីថ្ងៃទី ៦ - ៧ ខែមេសា ដោយបានប្រមូលផ្តុំយុវជនអ្នកលេងហ្គេមជាច្រើនរូប ក្នុងគោលបំណងដ៏មានអត្ថន័យសម្រាប់សង្គម។ ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំដោយប្រធានក្លឹប AUPP Gaming យុវជន ស្រី ចេស្តា រួមជាមួយសមាជិកក្លឹបទាំងអស់ ក្នុងគោលបំណងប្រមូលថវិកា ឧបត្ថម្ដដល់ កុមារ និងនិស្សិតរបស់សាលាបឋមសិក្សា ហ៊ុនណេង បឹងស្នាយ នៅខេត្តកំពង់ចាម។ គំនិតផ្តួចផ្តើមនេះបង្ហាញពីចលនាថ្មីរបស់យុវជនក្នុងការរួមបញ្ចូលកីឡាអេឡិចត្រូនិចជាមួយនឹងការទទួលខុសត្រូវសង្គម។

យុវជន ស្រី ចេស្តា ប្រធានក្លឹប AUPP Gaming បានលើកឡើងថា៖ «កីឡាអេឡិចត្រូនិចមិនមែនមានតែការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែអាចបង្កើតផលវិជ្ជមានពិតប្រាកដក្នុងសហគមន៍ ផងដែរ»

ព្រឹត្តិការណ៍នេះទទួលបានការគាំទ្រយ៉ាងសំខាន់ពីអ្នកឧបត្ថម្ភធំ លោកជំទាវ នីម ធីតា ដែលបានចូលរួមផ្តល់ជូន សៀវភៅ ៤០០ ក្បាល ប៊ិច ៤០០ ដើម ខ្មៅដៃ ២០០ ដើម និងកាបូបសិស្ស ១០០ ជាផ្នែកមួយនៃអំណោយ ដល់សាលារៀន។ បន្ថែមពីនេះ ក៏មានការគាំទ្រពីដៃគូឧបត្ថម្ភផ្សេងៗ រួមមាន Indomie Cambodia និង VP Printing. ក្លឹប AUPP Gaming ក៏សូមថ្លែងអំណរគុណ ចំពោះដៃគូផ្សេងៗរួមមាន AUPP Film Makers, Crybaby Store, CoolApp , Fresh News, និង Fresh AI។

តាមរយៈសកម្មភាពនេះ ក្លឹប AUPP Gaming សង្ឃឹមថានឹងជំរុញឱ្យមានគម្រោងដឹកនាំដោយយុវជនបន្ថែមទៀត ដែលអាចបញ្ចូលចំណង់ចំណូលចិត្តជាមួយគោលបំណងល្អ ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមានសម្រាប់សង្គម។⁩