សហគមន៍ស៊ី អាយ អេ ហ្វឺសត៍ អបអរសង្ក្រាន្តឆ្នាំថ្មី នៅទីតាំងសិក្សាទាំង៤ទីតាំង ក្នុងរាជធានីភ្នំពេញ
10-04-2026 16:58
(ភ្នំពេញ)៖ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សានៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានប្រារព្ធធ្វើពិធីជួបជុំសង្ក្រានឆ្នាំថ្មី នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦នេះ នៅទីតាំងសិក្សាទាំង៤ គឺសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សែនសុខ វិទ្យាល័យអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ច្បារអំពៅ និងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ឫស្សីកែវ។
ការជួបជុំប្រកបដោយភាពសប្បាយរីករាយ និងស្នាមញញឹមនេះ ធ្វើឡើងដើម្បីចូលរួមអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីចូលរួមរក្សាវប្បធម៌ និងអរិយធម៌ខ្មែរ។
គណៈគ្រប់គ្រងសាលាបានរៀបចំសកម្មភាពវប្បធម៌ និងកម្សាន្ដ ជាច្រើនដូចជា ការរាំរបាំ ជូនពរ របាំ ព្នង របាំភួងនារី របាំត្រុដិ ការសម្ដែងចង្វាក់រាំ ការលេងល្បែងប្រជាប្រិយខ្មែរ ការដើរបង្ហាញម៉ូតសម្លៀកបំពាក់ ប្រពៃណីខ្មែរ និងពិធីរាប់បាត្រ ដែលមានមាតាបិតាអ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សចូលរួមសម្ដែង និងលេងកម្សាន្ដយ៉ាងច្រើនកុះករ។
លោកបណ្ឌិត Jerome Banks នាយកសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ បានសម្ដែងក្ដីរំភើបរីករាយចំពោះការចូលរួមយ៉ាងអធិកអធមពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល ប្អូនៗ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់ក្នុងកម្មវិធីសង្ក្រាន្ត ស៊ី អាយ អេ ហ្វឺសត៍ នៅឆ្នាំនេះ។
លោកបណ្ឌិតបានលើកឡើងថា កម្មវិធីសង្ក្រាន្តនេះមិនត្រឹមជាពេលវេលាជួបជុំសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែ សាលាបានបញ្ជ្រាបការយល់ដឹងអំពីប្រពៃណី វប្បធម៌ដ៏ផូរផង់របស់ខ្មែរក្នុងចំណោមយុវជនជំនាន់ក្រោយ ជា ពិសេសក្មេងៗ ដែលកំពុងសិក្សានៅសាលាអន្តរជាតិ។
លោកស្រី ហៃ ដារ៉ានីឡែន ជាម្ដាយដែលមានកូនៗ ២នាក់សិក្សានៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានសម្ដែងក្ដីសប្បាយរីករាយ ដែលបានចូលរួមក្នុងកម្មវិធីសង្ក្រាន្ត ស៊ី អាយ អេ ហ្វឺសត៍ ព្រោះកម្មវិធី នេះបានបង្ហាញ និងផ្ដល់តម្លៃដល់ប្រពៃណីវប្បធម៌ខ្មែរដូចជាការលេងល្បែងប្រជាប្រិយ ការបង្ហាញម៉ូតសម្លៀក បំពាក់ប្រពៃណីខ្មែរ និងជាពិសេសគឺការរាំរបាំជូនពរ និងរបាំត្រុដិ ដែលមហាជនខ្មែរទូទៅគោរពផ្ដល់តម្លៃ។
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ជាថ្នាលបណ្ដុះបណ្ដាល ដែលផ្ដល់ការអប់រំលើកម្មវិធីសិក្សា អន្តរជាតិ ដែលមានការទទួលស្គាល់ពីគណៈកម្មការវាយតម្លៃ និងទទួលស្គាល់ គុណភាពអប់រំអន្តរជាតិ ហៅកាត់ ថា WASC និងកម្មវិធីចំណេះទូទៅខ្មែរ (FTK) ដែលមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងកម្មវិធីសិក្សាភាសា និងវប្បធម៌ខ្មែរ (FTC) ផងដែរ ដើម្បីធានាបាននូវការផ្ដល់ជូនការអប់រំគ្រប់ជ្រុង ជ្រោយដល់សិស្សានុសិស្សគ្រប់រូប។ សូមជូនពរឆ្នាំថ្មី សិរីសួស្តី ឆ្នាំមមី!































