សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធក្រុមហ៊ុន SSN និង Kave Kafe ជាមួយមហិច្ឆតាពង្រីកវិសាលភាពអាជីវកម្មពហុវិស័យ

10-04-2026 17:26

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវក្រុមហ៊ុន SSN Food Industry Co., Ltd និងហាងកាហ្វេ Kave Kafe ដែលមានទីតាំងស្ថិតនៅអគារលេខ១ តាមបណ្តោយផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ កញ្ញា ស៊ុយ ស្រីណុច នាយកប្រតិបត្តិ នៃក្រុមហ៊ុន SSN Food Industry Co., Ltd បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជាអធិបតី ដែលនេះគឺជាការផ្ដល់កិត្តិយស និងការលើកទឹកចិត្តយ៉ាងធំធេងសម្រាប់សហគ្រិនក្នុងស្រុក។

នៅក្នុងពិធីនោះផងដែរ កញ្ញា ស៊ុយ ស្រីណុច បានលើកឡើងពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រុមហ៊ុនថា ក្រុមហ៊ុនមានការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការផ្តល់ជូនអតិថិជននូវបទពិសោធន៍ដ៏ល្អឥតខ្ចោះលើផ្នែកម្ហូបអាហារ ភេសជ្ជៈ សេវាកម្មទេសចរណ៍ និងកីឡា ប្រកបដោយគុណភាព និងស្តង់ដារ។

បច្ចុប្បន្នក្រុមហ៊ុនកំពុងជោគជ័យលើការគ្រប់គ្រងភោជនីយដ្ឋាន Little Sheep Hot Pot ចំនួន ៣សាខា និងគ្រោងនឹងបើកសម្ពោធសាខាទី៤ នៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ នាពេលឆាប់ៗខាងមុខ ដើម្បីឆ្លើយតប នឹងការគាំទ្ររបស់អតិថិជន។ លើសពីនេះ ក្រុមហ៊ុនក៏កំពុងពង្រីកបន្ថែមទៀត លើវិស័យកីឡា និងការកម្សាន្ត តាមរយៈគម្រោង “Hay Ground” ដែលនឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពកីឡា សុខភាព និងការរស់នៅបែបប្រណិតភាព។

អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុន SSN មិនត្រឹមតែផ្ដោតលើអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ និងការងារសង្គម ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។ ក្រុមហ៊ុនប្ដេជ្ញាបង្កើតឱកាសការងារ ពង្រឹងសមត្ថភាពធនធានមនុស្ស និងអនុវត្តអាជីវកម្មដោយផ្អែកលើសុចរិតភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់។

‎វត្តមានអញ្ជើញចូលរួមពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺជាសក្ខីភាពសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះការវិនិយោគទុនក្នុងស្រុក ដែលជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងមានភាពទាក់ទាញខ្លាំងឡើង។

ក្រុមហ៊ុន SSN គឺជាក្រុមហ៊ុនវិនិយោគពហុវិស័យ ដែលផ្ដោតសំខាន់លើវិស័យកសិកម្ម ឧស្សាហកម្មចំណីអាហារ និងសេវាកម្ម ដោយប្រកាន់ខ្ជាប់នូវការផ្ដល់តម្លៃជូនអតិថិជនជាចម្បងបំផុត៕