ក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា ក្រោយជាង២ទសវត្សរ៍ ពេលនេះបង្កើតម៉ាកភីហ្សារបស់ខ្លួន
10-04-2026 20:48
(ភ្នំពេញ)៖ គ្រប់អាជីវកម្ម ម្ហូបអាហារនិងភេសជ្ជៈរបស់ ក្រុមហ៊ុន អ៊ីអេហ្វជី (អិចប្រេស ហ្វូដគ្រុប) (EFG Cambodia) បន្តរីកចម្រើនទៅមុខ។ ពេលនេះ អ្វីថ្មីនឹងលេចឡើងនាពេលឆាប់ៗនេះ។
អ៊ីអេហ្វជី កម្ពុជា ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានបើកអាជីវម្មលើវិស័យម្ហូបអាហារនិងភេសជ្ជៈចំរុះមុខជាច្រើនប្រភេទនៅព្រះរាជាណាចក្រកម្ពុជា។ មានច្រើនម៉ាក និងហាងប្រមាណ១០០ នៅទូទាំងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងខេត្តផ្សេងៗទៀត ក្រុមហ៊ុនអ៊ីអេហ្វជីបានបម្រើនូវសេវាកម្មម្ហូបអាហារនិងភេសជ្ជៈជូនដល់អតិថិជនកម្ពុជារាប់សែននាក់ជារៀងរាល់ខែ។ ក្រុមការងារប្រមាណ ជាង៦៥០នាក់កំពុងបំរើការ ផ្តល់សេវាជូនអតិថិជនជារៀងរាល់ថៃ្ងនៅទូទាំងប្រទេសកម្ពុជា។
គុណភាពនៃសេវាកម្ម និងម្ហូបអាហារ ស្តង់ដាបទដ្ឋានម្ហូបអាហារនៅក្នុងចង្ក្រាន និង ភាពឥតខ្ចោះក្នុងការប្រតិបត្តការងារ និងបទពិសោធន៍ដែលអតិថិជនរំពឹងទុក នៅតាមបណ្តាហាងទាំងអស់របស់ក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា នៅតែមិនមានការប្រែប្រួលឡើយ។ ក្រុមហ៊ុនបានធ្វើការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងស្តង់ដាប្រតិបត្តិការរបស់ខ្លួនមិនឈប់ឈរ ជាមួយនឹងភាពរីកចម្រើនដែលបានកសាងឡើងអស់រយៈពេលជាង២ទសវត្សរ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏កំពុងបន្តឥតឈប់ឈរ។ ថ្ងៃនេះ អ៊ីអេហ្វជី កម្ពុជា សូមប្រកាសជូនថា ក្រុមហ៊ុនកំពុងតែរៀបចំដើម្បីបើក ហាងភីហ្សាថ្មី ជាម៉ាកយីហោបង្កើតថ្មីដោយផ្ទាល់របស់ខ្លួន។ នេះជាសករាជថ្មីរបស់ក្រុមហ៊ុនអ៊ីអេហ្វជីកម្ពុជា ជាប្រតិបត្តិករ ឯករាជ្យ ពីម៉ាកទិញសិទ្ធិផ្តាច់មុខ (Franchise)។
ការបណ្តាក់ទុនថ្មីនេះ ផ្តើមចេញពីបទពិសោធន៍ដែលក្រុមហ៊ុនអ៊ីអេហ្វជីរៀនសូត្រពីអាជីវកម្មកន្លងមក ដូចជា ការស្វែងយល់យ៉ាងស៊ីជម្រៅអំពីអតិថិជនរបស់ខ្លួន បទពិសោធន៍អនុវត្តន៏ស្តង់ដាប្រតិបត្តិ ជាង២០ឆ្នាំកន្លងមក ការផ្គត់ផ្គង់គ្រឿងផ្សំសាច់បន្លែក្នុងស្រុក និងការយល់ច្បាស់ពីសហគមន៍នៅជុំវិញខ្លួន ។ ជាលទ្ធផល វានឹងជាហាងភីហ្សាមួយ ដែលបង្កើតឡើងសំរាប់ប្រទេសខ្មែរ ដោយកូនខ្មែរ។
ជាមួយគ្នានេះ លោក ទេព វិរៈ ជាអគ្គនាយកក្រុមហ៊ុន បានលើកឡើងថា «អតិថិជនរបស់យើងបានគាំទ្រ និងនៅជាមួយពួកយើងគ្រប់អាជីវកម្មទាំងអស់ អស់រយៈពេលជាយូរណាស់មកហើយ។ ពួកគាត់បានយល់ច្បាស់ពីគោលជំហររបស់យើង។ អ្វីដែលយើងកំពុងបង្កើតនេះគឺសម្រាប់ពួកគាត់។ វាជាអ្វីដែលថ្មី ដែលពួកគាត់ធ្លាប់ស្គាល់ តែវាជាសមិទ្ធិផលដែលយើងហៅថា ជារបស់យើង ខ្មែរ»
ក្រុមហ៊ុនអ៊ីអេហ្វជី កម្ពុជា នឹងធ្វើការប្រកាសសេចក្តីលំអិត និង សម្ពោធបើកជាផ្លូវការនៅខែឧសភាឆ្នាំ២០២៦ខាងមុខនេះ៕



