ជោគជ័យថ្មី! ហូឡង់ផ្ដល់ការអនុញ្ញាតឱ្យ Tesla ប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ (FSD) ជាលើកដំបូងក្នុងតំបន់អឺរ៉ុប

11-04-2026 10:28

(បរទេស)៖ និយតករនៃប្រទេសហូឡង់ បានសម្រេចផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន Tesla ក្នុងការដាក់ឱ្យប្រើប្រាស់កម្មវិធីបើកបរដោយខ្លួនឯង ក្រោមការត្រួតពិនិត្យរបស់មនុស្ស (Full Self-Driving - Supervised) នៅលើផ្លូវហាយវ៉េ និងផ្លូវក្នុងក្រុង។ នេះគឺជាសញ្ញាវិជ្ជមាន និងជាជំហានដំបូងដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក Elon Musk ក្នុងការវាយលុកទីផ្សារសហភាពអឺរ៉ុប (EU)។

អាជ្ញាធរយានយន្តហូឡង់ (RDW) បានផ្ដល់ការអនុញ្ញាតបន្ទាប់ពីបានធ្វើតេស្ត និងវិភាគយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាង ១៨ខែ។ ស្ថាប័ននេះបានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធជំនួយការបើកបរនេះបានត្រឹមត្រូវ នឹងរួមចំណែកយ៉ាងវិជ្ជមានដល់សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ បើទោះបីជាវាមានសមត្ថភាពអាចបញ្ជាចង្កូត ចាប់ហ្វ្រាំង និងបង្កើនល្បឿនដោយខ្លួនឯងក៏ដោយ ប៉ុន្តែអ្នកបើកបរត្រូវតែ «មានការត្រួតពិនិត្យជាប់ជានិច្ច»។ ប្រព័ន្ធនេះនឹងមានឧបករណ៍សេនស័រតាមដានភ្នែក និងដៃរបស់អ្នកបើកបរ ដើម្បីធានាថាពួកគេនៅតែផ្ដោតអារម្មណ៍លើដងផ្លូវ និងអាចចូលបញ្ជាភ្លាមៗក្នុងករណីចាំបាច់។ ការយល់ព្រមពីហូឡង់នឹងក្លាយជា «ស្ពាន» សម្រាប់ Tesla ក្នុងការស្នើសុំការអនុញ្ញាតជាបន្តបន្ទាប់ទៅកាន់បណ្ដាប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុប។

អាជ្ញាធរ RDW ក៏បានត្រៀមខ្លួនក្នុងការបញ្ជូនពាក្យស្នើសុំនេះ ដើម្បីឱ្យបច្ចេកវិទ្យានេះអាចប្រើប្រាស់បានទូទាំងតំបន់ EU ផងដែរ។ ការជំរុញការប្រើប្រាស់ FSD គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កើនប្រាក់ចំណូលរបស់ Tesla ខណៈពេលដែលការលក់រថយន្តនៅអឺរ៉ុបមានការថយចុះនាពេលថ្មីៗនេះ។ អ្នកវិភាគរំពឹងថា ការអនុម័តនេះនឹងជួយឱ្យការលក់រថយន្ត Tesla កើនឡើងវិញ ដោយសារអ្នកប្រើប្រាស់មានការចង់ដឹងចង់សាកល្បងបច្ចេកវិទ្យាថ្មីនេះ។

គួរជម្រាបថា វាគឺជាប្រព័ន្ធ AI កម្រិតខ្ពស់ដែលជំនួយដល់ការបើកបរ ចាប់ពីការចេញដំណើររហូតដល់កន្លែងដៅ (Door-to-Door) រួមមានការឆ្លងកាត់ផ្លូវបំបែក ការឈប់តាមភ្លើងសញ្ញាចរាចរណ៍ និងការប្តូរគន្លងផ្លូវដោយស្វ័យប្រវត្តិ។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជា «រថយន្តដែលគ្មានអ្នកបើកបរទាំងស្រុង» នោះទេ ពោលគឺអ្នកបើកបរនៅតែជាអ្នកទទួលខុសត្រូវចម្បងលើសុវត្ថិភាព៕