Denza Z9 GT សាកថ្មត្រឹម ៩នាទីពេញ ជាមួយបច្ចេកវិទ្យាបត់ Crab Walk តើទំនើបជាងរថយន្តអឺរ៉ុបចំណុចណាខ្លះ?
11-04-2026 10:50
(បរទេស)៖ ក្រុមហ៊ុនយក្ស BYD បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការដាក់បង្ហាញរថយន្តអគ្គិសនីស៊េរីថ្មី Denza Z9 GT សម្រាប់ទីផ្សារអឺរ៉ុបឆ្នាំ២០២៦ ដែលបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ពោលគឺសាកត្រឹមតែ ៩នាទីអាចពេញស្ទើរតែ ១០០% និងមានចំណុចពិសេសៗដែលធ្វើឱ្យរថយន្តនេះក្លាយជាកំពូលរថយន្តអគ្គិសនីប្រចាំឆ្នាំផងដែរ។
Denza Z9 GT គឺបានបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនដូចផ្លេកបន្ទោរ (Flash Charging) បានក្លាយជារថយន្តអគ្គិសនីបំបែកកំណត់ត្រាថ្មីជាមួយប្រព័ន្ធសាកថ្មមានកម្លាំងរហូតដល់ ១,៥០០គីឡូវ៉ាត់ (1,500 kW) ដោយប្រើប្រាស់អាគុយ Blade Battery ជំនាន់ទី ២ ដែលមានសមត្ថភាពសាក ៥នាទី អាចទទួលបានថាមពលពី ១០% ឡើងដល់ ៧០% ហើយការឈរចាំសាក ៩នាទី និងអាចទទួលបានថាមពលឡើងដល់ ៩៧% ។
ការផលិតម៉ូឌែលនេះមក គឺតម្រូវទៅនឹងអាកាសធាតុត្រជាក់ខ្លាំង Denza Z9 GT ក៏នៅតែអាចសាកថ្មបានយ៉ាងលឿនបំផុត ដែលជាដំណោះស្រាយដ៏ល្អសម្រាប់តំបន់អឺរ៉ុប ខណៈម៉ូឌែលនេះបានដាក់កម្លាំងម៉ាស៊ីនដ៏មហិមា និងការរចនាប្រណីត
មិនត្រឹមតែលឿនក្នុងការសាកថ្មនោះទេ វាមានសមត្ថភាពបើកបរក៏ខ្លាំងក្លាផងដែរ ដោយបំពាក់ម៉ូទ័រចំនួន ៣ ផលិតកម្លាំងបានជាង ៩៦០សេះ និងអាចជាន់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលមិនដល់ ៣វិនាទីឡើយ។
ជាមួយចម្ងាយបើកបរអាចរត់បានរហូតដល់ ៨០០គីឡូម៉ែត្រ(ស្ថិតលើជម្រើស Option) រាល់ពេលសាកពេញម្តង ខណៈក្រុមវិស្វករបានគូស Denza Z9 GT ជារូបរាងស្ព័រ (Shooting Brake) ដ៏ទាក់ទាញ និងផ្ទៃខាងក្នុងបំពាក់ដោយប្រព័ន្ធសំឡេងលំដាប់កម្រិតគុណភាព Devialet ។
ខណៈតម្លៃនៅទីផ្សារចិន មានចាប់ពី ៣៩,១០០ដុល្លារ ដល់ ៥៣,៦០០ដុល្លារ (អាស្រ័យលើប្រភេទ Option) ហើយតម្លៃនៅទីផ្សារអឺរ៉ុប នៅចន្លោះប្រហែល ១៣០,០០០ដុល្លារ (រួមបញ្ចូលពន្ធ និងការដឹកជញ្ជូន)។ Denza Z9 GT គឺមានបច្ចេកវិទ្យាពិសេសប្រព័ន្ធបញ្ជាកង់ក្រោយដែលអាចឱ្យរថយន្តបត់នៅនឹងកន្លែង (Compass Turn) និងបច្ចេកវិទ្យា Crab Walk (បញ្ជាកង់បើកបរបញ្ឆិត ការចូលចតកន្លែងចង្អៀត)។
Denza Z9 GT មានម៉ូឌែលខ្ពស់បំផុតអាចរត់បានរហូតដល់ ១,០៣៦គីឡូម៉ែត្រ (ស្តង់ដារ CLTC) ដែលជាការវិវត្តន៍ថ្មីដ៏អស្ចារ្យសម្រាប់រថយន្តអគ្គិសនីសុទ្ធ។ ហើយតាមរយៈរូបរាង និងលក្ខខណ្ឌបច្ចេកទេសទំនើបនេះបានធ្វើឱ្យ Denza Z9 GT ក្លាយជាម៉ូឌែលចាប់ផ្តើមវាយលុកទីផ្សារអឺរ៉ុប និងឈរលើយុទ្ធសាស្ត្រផ្សព្វផ្សាយខ្លាំង ដើម្បីពង្រីកឥទ្ធិពលក្នុងតំបន់អឺរ៉ុប។
ក្រុមហ៊ុនក៏បានជ្រើសរើសកំពូលតារាសម្ដែងលោក Daniel Craig (តួអង្គ James Bond 007) ធ្វើជាទូតសុច្ឆន្ទៈ ហើយក្រុមហ៊ុនរថយន្តចិន BYD គ្រោងនឹងសាងសង់ស្ថានីយសាកថ្មល្បឿនលឿនចំនួន ៣,០០០កន្លែងនៅទូទាំងតំបន់អឺរ៉ុបត្រឹមឆ្នាំ២០២៦ ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា រថយន្ត Denza Z9 GT នេះ ត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែល ១១៥,០០០ អឺរ៉ូ (ឬប្រហែលជាង ១៣ម៉ឺនដុល្លារអាមេរិក) សម្រាប់ទីផ្សារអឺរ៉ុប ដែលជាគូប្រជែងដ៏មុតស្រួចជាមួយរថយន្តអគ្គិសនីល្បីៗដូចជា Porsche Taycan និង Tesla ជាដើម៕



