ក្រុមហ៊ុន Big Tech បង្វែរមកបោះទុនលើ «ថាមពលនុយក្លេអ៊ែរជំនាន់ថ្មី» ដើម្បីដោះស្រាយវិបត្តិថាមពល AI

11-04-2026 10:58

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកដូចជា Google, Amazon និង Meta កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី ដោយបង្វែរលុយរាប់ពាន់លានដុល្លារទៅវិនិយោគលើថាមពលនុយក្លេអ៊ែរជំនាន់ថ្មីវិញ។ ការសម្រេចចិត្តនេះ ធ្វើឡើងដើម្បីធានាថា មជ្ឈមណ្ឌលទិន្នន័យ (Data Centers) ដែលជា «ខួរក្បាល» របស់ AI នឹងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ខណៈដែលតម្រូវការថាមពលកំពុងកើនឡើងខ្លាំងមិនធ្លាប់មាន។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។

កិច្ចព្រមព្រៀងធំៗទាំងនេះ បានក្លាយជា «ដង្ហើម» សម្រាប់ក្រុមហ៊ុននុយក្លេអ៊ែរ ដែលកំពុងអភិវឌ្ឍរ៉េអាក់ទ័រខ្នាតតូច (SMRs) ដែលមានទំហំតូចជាងមុន សុវត្ថិភាពជាង និងចំណាយតិចជាងរោងចក្រនុយក្លេអ៊ែរបែបបុរាណ។ លោកស្រី Shioly Dong អ្នកវិភាគជាន់ខ្ពស់នៅ BMI បានពន្យល់ថា វត្តមានរបស់ក្រុមហ៊ុន Big Tech បានផ្តល់ទំនុកចិត្តដល់វិស័យហិរញ្ញវត្ថុថា៖ «ពួកគេ (Big Tech) បង្កើតឱ្យមានភាពប្រាកដប្រជានៃចំណូល ដែលធនាគារត្រូវការបំផុត ដើម្បីហ៊ានបញ្ចេញកម្ចីសម្រាប់ការសាងសង់»។

ទោះជាយ៉ាងណា ការដើរលើវិថីថាមពលថ្មីនេះមិនមែនជារឿងសាមញ្ញឡើយ ដោយសារវាត្រូវប្រឈមនឹងការសុំច្បាប់ដ៏តឹងរ៉ឹង និងការខ្វះខាតជាងជំនាញ។ លោក Tim Winter អ្នកគ្រប់គ្រងមូលនិធិ Gabelli Utilities Fund បានកត់សម្គាល់ថា ភាពជោគជ័យអាស្រ័យលើការហ៊ានទទួលហានិភ័យ៖ «ឧស្សាហកម្មនេះត្រូវការ "នរណាម្នាក់" ដើម្បីចេញមុខរ៉ាប់រងលើបញ្ហាចំណាយលើសផែនការ ឬការសាងសង់យឺតយ៉ាវ»។ លោកបន្ថែមថា ចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សហ៊ានចាក់បញ្ចូល នឹងកំណត់ពីល្បឿននៃបដិវត្តន៍ថាមពលនេះ។

គួរជម្រាបថា បើទោះបីជាមានការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងក្រាស់ក្រែលក៏ដោយ ក៏តម្រូវការតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ។ លោកស្រី Bonita Chester អ្នកនាំពាក្យក្រុមហ៊ុន Oklo បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ការធ្វើពាណិជ្ជកម្ម និងការដាក់ឱ្យប្រើប្រាស់ក្នុងទ្រង់ទ្រាយធំ នៅតែអាស្រ័យលើការអនុវត្តជាក់ស្តែងលើអាជ្ញាប័ណ្ណ ការផ្គត់ផ្គង់ឥន្ធនៈ និងការសាងសង់... ដូច្នេះតម្រូវការ AI មិនមែនជាកត្តាតែមួយគត់ដែលអាចពន្លឿនរឿងនេះបានឡើយ»។ ពិភពលោកកំពុងរង់ចាំមើលថា តើកម្លាំងលុយរបស់មហាយក្សបច្ចេកវិទ្យា អាចសម្រេចមហិច្ឆតានុយក្លេអ៊ែរនេះបាននៅពេលណា៕