កម្មវិធី ChatGPT លើ macOS អាចប្រឈមហានិភ័យ បន្ទាប់ពីឧបករណ៍ភាគីទីបីត្រូវ Hacker វាយប្រហារ
11-04-2026 14:12
(បរទេស)៖ ក្រុមហ៊ុន OpenAI បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនបានរកឃើញបញ្ហាសន្តិសុខមួយ ដែលពាក់ព័ន្ធនឹងឧបករណ៍អភិវឌ្ឍន៍របស់ភាគីទីបីមានឈ្មោះថា «Axio» ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងចាត់វិធានការដើម្បីការពារដំណើរការបញ្ជាក់សញ្ញាបត្រកម្មវិធី macOS របស់ខ្លួន ដើម្បីធានាថាវាគឺជាកម្មវិធីផ្លូវការ និងស្របច្បាប់របស់ OpenAI។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។
ក្រុមហ៊ុនផលិត ChatGPT មួយនេះបានបញ្ជាក់ថា ខ្លួនមិនបានរកឃើញភស្តុតាងណាមួយដែលបង្ហាញថា ទិន្នន័យអ្នកប្រើប្រាស់ត្រូវបានចូលប្រើប្រាស់, ប្រព័ន្ធ ឬកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន ត្រូវបានរំលោភបំពានឬកម្មវិធីរបស់ខ្លួនត្រូវបានកែប្រែនោះទេ។ ក្រុមហ៊ុនបានឱ្យដឹងថា ខ្លួនកំពុងធ្វើបច្ចុប្បន្នភាពវិញ្ញាបនបត្រសន្តិសុខ (Security Certifications) និងតម្រូវឱ្យអ្នកប្រើប្រាស់កម្មវិធីលើ macOS ទាំងអស់ធ្វើបច្ចុប្បន្នភាពកម្មវិធី OpenAI របស់ពួកគេទៅកាន់កំណែចុងក្រោយបំផុត ដើម្បីជួយបង្ការហានិភ័យពីជនណាម្នាក់ដែលព្យាយាមចែកចាយកម្មវិធីក្លែងក្លាយ។
យោងតាម OpenAI, បណ្ណាល័យ (Library) Axios ដែលជាកន្លែងដ៏ពេញនិយមមួយសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី (Software Developers) ប្រើប្រាស់ដើម្បីធ្វើការទំនាក់ទំនងរវាងកម្មវិធី និងម៉ាស៊ីនមេ (Server)នោះ ត្រូវបានជ្រៀតចូលកាលពីថ្ងៃទី៣១ ខែមីនា ដែលជាផ្នែកមួយនៃការវាយប្រហារលើខ្សែចង្វាក់ផ្គត់ផ្គង់កម្មវិធី (Software Supply Chain Attack) ដោយក្រុមសកម្មជនដែលគេជឿថាមានទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងជើង។
OpenAI បានបញ្ជាក់ថា តាមរយៈការវិភាគលើឧប្បត្តិហេតុនេះ ក្រុមហ៊ុនបានសន្និដ្ឋានថា វិញ្ញាបនបត្រចុះហត្ថលេខាដែលមាននៅក្នុងប្រព័ន្ធការងារ ទំនងជាមិនត្រូវបានលួចចេញទៅក្រៅដោយជោគជ័យតាមរយៈមេរោគនោះទេ។ ក្រុមហ៊ុនបានបន្ថែមថា ចាប់ពីថ្ងៃទី ៨ ខែឧសភា តទៅ កម្មវិធី OpenAI លើ desktop សម្រាប់ macOS កំណែចាស់ៗនឹងមិនទទួលបានការធ្វើបច្ចុប្បន្នភាព ឬការគាំទ្រទៀតទេ ហើយក៏អាចនឹងមិនអាចដំណើរការបានផងដែរ។ ចំណែកឯពាក្យសម្ងាត់ (Passwords) និង API keys របស់ OpenAI គឺមិនរងផលប៉ះពាល់ដោយសារបញ្ហាសន្តិសុខរបស់ភាគីទីបីនេះទេ ហើយមូលហេតុចម្បងនៃបញ្ហានេះគឺដោយសារការកំណត់រចនាសម្ព័ន្ធខុស (Misconfiguration) នៅក្នុង GitHub Actions ដែលបច្ចុប្បន្នត្រូវបានដោះស្រាយរួចរាល់ហើយ៕








