ប្រធាន MMA កម្ពុជា ចង់ប្រែក្លាយកីឡាយុទ្ធគុនខ្មែរបុរាណ ជាធនធានមួយ ដើម្បីជំរុញយុទ្ធគុនចម្រុះអន្ដរជាតិ
11-04-2026 14:19
(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា (MMA) បានដាក់គោលដៅយុទ្ធសាស្ដ្រ ក្នុងការប្រែក្លាយកីឡាយុទ្ធគុនខ្មែរបុរាណ ក្លាយជាធនធានមួយ ដើម្បីជំរុញការអភិវឌ្ឍកីឡាយុទ្ធគុនចម្រុះអន្ដរជាតិ។
ការលើកឡើងនេះបន្ទាប់ពីលោក បានទទួលការគាំទ្រពីអង្គមហាសន្និបាតជ្រើសតាំងបន្ដធ្វើជាប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា អាណត្តិទី៤ ឆ្នាំ២០២៦-២០៣០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។
នៅក្នុងអាណត្តិទី៣ កន្លងមក សហព័ន្ធបានសម្រេចនូវសមិទ្ធផលជាច្រើន ជាក់ស្ដែងក្រោយត្រូវបានអញ្ជើញចូលជាសមាជិកពេញសិទ្ធរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) និងសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី (AMMA) ដើម្បីរួមចំណែកកីឡាយុទ្ធគុនចម្រុះក្នុងទ្វីប សហព័ន្ធបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល រហូតទទួលបានគោលការណ៍រៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចបវរធិបតី ជារៀងរាល់ឆ្នាំ។
លោក វ៉ាត់ ចំរើន បន្ដថា ក្រោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ស្របពេល MMA ត្រូវបានបញ្ចូលក្នុងចលនាកីឡាអាស៊ីផងនោះ សហព័ន្ធត្រូវការសម្រួចសកម្មភាពការងារជាច្រើន ពិសេសយុទ្ធសាស្ដ្រ ធ្វើឲ្យកីឡាយុទ្ធគុនខ្មែរបុរាណ ក្លាយទៅជាធនធានមួយ ដើម្បីជំរុញកីឡាយុទ្ធគុនចម្រុះអន្ដរជាតិ ព្រមទាំងអ្នកហាត់កីឡាប្រយុទ្ធផ្សេងទៀត ដែលត្រូវប្រមូលផ្ដុំមកពង្រឹងការហ្វឹកហាត់ និងដុសខាតសមត្ថភាពកម្រិតខ្ពស់ សម្រាប់ចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ។
លោកថា «យុទ្ធសាស្ដ្ររបស់យើង គឺធ្វើឲ្យកីឡាយុទ្ធគុនខ្មែរបុរាណ ទៅជាធនធានមួយ ដើម្បីរុញ MMA អន្ដរជាតិ។ ទាល់តែយើងយកប្រភព ឬធនធានមនុស្សចេញពីក្បាច់គុនបុរាណរបស់យើងគ្រប់ប្រភេទមកចូលគ្នា ហើយក៏មានប្រភេទកីឡាផ្សេងៗទៀត មានន័យថា ក្បាច់គុនចម្រុះរបស់យើង គឺត្រងពីហ្នឹងមក។ អ្នកខ្លះគាត់លេងកីឡាមួយអត់បានជោគជ័យ ឬគាត់ចង់ប្ដូរជំនាញកីឡា ឬចង់មកប្រកួត MMA គាត់អាចចូលរួម ។ ចឹងយើងអាចត្រង់បានគ្រប់ប្រភេទកីឡាទាំងអស់ ឲ្យតែកីឡាប្រយុទ្ធ»។
បន្ថែមលើនេះ លោកក៏បានជំរុញដល់ការពង្រីកនូវការបណ្ដុះបណ្ដាល ទាំងកម្រិតសុខភាព និងអាជីពឲ្យបានកាន់តែច្រើន ដើម្បីធានាបាននូវការស្វែងរកធនធានថ្មីៗ ក្នុងកម្រិតជំនាញ ទាំងមនុស្សពេញវ័យ និងថ្នាលបន្ដវេន សម្រាប់ឈានទៅរកការប្រកួតប្រជែងលក្ខណៈកីឡា ដ្បិតចំពោះមុខសហព័ន្ធ នឹងទទួលបាននូវជំនួយទាំងស្មារតី និងបច្ចេកទេសជាច្រើន ជាក់ស្ដែងដូចជាត្រៀមបញ្ជូនអត្តពលិកទៅហ្វឹកហាត់រយៈពេលវែងនៅចិន ត្រៀមការប្រកួតកីឡាអាស៊ី ឆ្នាំ២០២៦ ក៏ដូចជាដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ជាដើម។
ទន្ទឹមជាមួយគ្នា ក្រសួងអប់រំ យុវជន និងកីឡា ក៏កំពុងពិចារណា និងពិនិត្យលទ្ធភាពលើការគាំទ្រគម្រោងថវិកាប្រចាំឆ្នាំ ដូចសហព័ន្ធកីឡាដទៃទៀត។ ទាំងអស់នេះ លោកសង្ឃឹមថា នឹងទទួលបាននូវការវិវឌ្ឍន៍ថ្មីមួយទៀត ដើម្បីពង្រឹងខ្លួនឲ្យកាន់តែល្អប្រសើរ សម្រាប់វិស័យកីឡាយុទ្ធគុនចម្រុះកម្ពុជា ទៅថ្ងៃអនាគត។ លោក វ៉ាត់ ចំរើន បន្ថែម។
គួរដឹងថា សមាសភាពសមាជិកប្រតិបត្តិអាណត្តិទី៤ របស់សហព័ន្ធ MMA កម្ពុជា ក្រៅពីលោក វ៉ាត់ ចំរើន ជាប្រធាន គឺមានលោក វ៉ា ស៊ិនភីរម្យ ជាអនុប្រធានទី១, លោក សេង ប៊ុនសុខ, លោក ម៉ុក សាំងហ៊ុន និងលោក អ៊ួ តារា ជាអនុប្រធាន និងលោក ជឹម ធារ៉ា ជាអគ្គលេខាធិការ ព្រមទាំងអគ្គលេខាធិការរង អគ្គហេរញ្ញិក និងសមាជិកសរុប ១១រូបផ្សេងទៀត៕








