Apple គ្រងតំណែងលេខ១ លើទីផ្សារស្មាតហ្វូនសកល ទោះបីគ្រឿងបន្លាស់កំពុងខ្វះខាត

11-04-2026 15:08

(បរទេស)៖ ទោះបីជាស្ថានភាពទីផ្សារទូរស័ព្ទសកលមានការធ្លាក់ចុះក៏ដោយ ក៏ក្រុមហ៊ុន Apple នៅតែអាចបង្កើនការនាំចេញ iPhone របស់ខ្លួនបាន ៥% ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ នេះ។ តាមរបាយការណ៍ពី Counterpoint Research បានឱ្យដឹងថា Apple បានក្លាយជាអ្នកដឹកនាំទីផ្សារលំដាប់ថ្នាក់លេខ១ ដោយកាន់កាប់ចំណែកទីផ្សារ ២១% ដែលលទ្ធផលដ៏ល្អនេះបានមកពីភាពខ្លាំងនៃសង្វាក់ផ្គត់ផ្គង់ និងការហក់ឡើងនៃចំនួនលក់យ៉ាងខ្លាំងរហូតដល់ ២៣% នៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។

ផ្ទុយទៅវិញ គូប្រជែងធំគឺ Samsung បានធ្លាក់ចុះការនាំចេញ ៦% ដោយកាន់កាប់ចំណែកទីផ្សារ ២០% បន្ទាប់ពីការចេញលក់ Galaxy S26 មានការយឺតយ៉ាវជាងការរំពឹងទុក។ ចំណែកឯក្រុមហ៊ុន Xiaomi នៅតែរក្សាចំណាត់ថ្នាក់លេខ ៣ ដដែល ប៉ុន្តែជាម៉ាកសញ្ញាដែលរងការប៉ះទង្គិចខ្លាំងជាងគេក្នុងចំណោមក្រុមហ៊ុនយក្សទាំង ៥ ខណៈដែលស្ថានភាពនយោបាយនៅមជ្ឈិមបូព៌ាក៏បានធ្វើឱ្យអ្នកប្រើប្រាស់ហាក់មានភាពរុញរាក្នុងការចំណាយផងដែរ។

គួរជម្រាបថា មូលហេតុចម្បងដែលធ្វើឱ្យការនាំចេញទូរស័ព្ទសរុបនៅលើពិភពលោកធ្លាក់ចុះ គឺដោយសារតម្រូវការបច្ចេកវិទ្យា AI កំពុងមានការកើនឡើងខ្លាំង។ អ្នកវិភាគ Shilpi Jain បានពន្យល់ថា ការធ្លាក់ចុះនេះកើតឡើងដោយសារ «ក្រុមហ៊ុនផលិតអង្គចងចាំ (Memory) ផ្តល់អាទិភាពទៅលើមជ្ឈមណ្ឌលទិន្នន័យ AI ជាជាងឧបករណ៍អេឡិចត្រូនិកសម្រាប់អ្នកប្រើប្រាស់» ដែលកត្តានេះបានធ្វើឱ្យគ្រឿងបន្លាស់សម្រាប់ផលិតទូរស័ព្ទមានការខ្វះខាត៕