រោងចក្រ S.E.C Mega Factory នៅស្រុកអង្គស្នួល ខេត្តកណ្តាល សម្ពោធបើកដំណើរជាផ្លូវការ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការផលិត

11-04-2026 18:12

(កណ្តាល)៖ រោងចក្រ S.E.C Mega Factory Co.,Ltd នៅស្រុកអង្គស្នួល ខេត្តកណ្តាលបានសម្ពោធបើកដំណើរជាផ្លូវការ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ ដោយរោងចក្រនេះ ផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីបង្កើនគុណភាពផលិតផលស្របតាមតម្រូវការអន្តរជាតិ។

ពិធីសម្ពោធជាផ្លូវការនេះ រៀបចំឡើងក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមនឹងថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុន S.E.C Mega Factory Co,.Ltd លោកប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

ក្នុងឱកាសនោះដែរ លោកស្រី ចម និម្មល បានសម្តែងការអបអរសាទរចំពោះ ការបើកសម្ពោធដំណើរការជាផ្លូវការរបស់ក្រុមហ៊ុន S.E.C Mega Factory Co,.Ltd ដែលនឹងជួយរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ បង្កើតការងារ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះលោកស្រី បានថ្លែងអំណរគុណចំពោះ លោក Raymond Chan នាយកប្រតិបត្តិនៃ S.E.C Mega Factory Co,.Ltd និងដៃគូសហការទាំងអស់ ដែលបានជឿជាក់លើបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសការយកចិត្តទុកដាក់លើ «ផលិតកម្មបៃតង» តាមរយៈការវិនិយោគប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់យ៉ាងទំនើប។

លោកជំទាវរដ្ឋមន្ត្រី បន្តថា បច្ចុប្បន្នវិស័យឧស្សាហកម្មនៅកម្ពុជាបាននិងកំពុងវិវត្តខ្លួនជាបន្តបន្ទាប់ ពីការផលិតបែបប្រពៃណីដែលមានតម្លៃបន្ថែមទាប ទៅជាការផលិតតាមបែបបច្ចេកវិទ្យាទំនើប (AI Smart Garment Factory) ដែលមានតម្លៃបន្ថែមខ្ពស់ ប្រកបដោយនិរន្តរភាព គុណភាព និងប្រសិទ្ធភាពខ្ពស់ ជាក់ស្តែងដូចជាដំណើរការផលិតរបស់ក្រុមហ៊ុន S.E.C Mega Factory Co,.Ltd ជាដើម។

លោក Raymond Chan នាយកប្រតិបត្តិនៃ S.E.C Mega Factory Co,.Ltd បានលើកឡើងថា នៅ S.E.C មិនត្រឹមតែអនុវត្តតាមស្តង់ដារឧស្សាហកម្មនោះទេ ប៉ុន្តែក្រុមហ៊ុនបានបង្កើតស្តង់ដារថ្មី តាមរយៈការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាដោយឥតឈប់ឈរ។

លោកបន្ថែមថា តាមរយៈការនាំមកនូវមរតក ១៨ឆ្នាំរបស់ S.E.C មកកាន់កម្ពុជា គឺដើម្បីចូលរួមចំណែកលើកកម្ពស់ផលិតផល«Made in Cambodia»ឱ្យកាន់តែប្រសើរជាងមុន ស្របតាមគុណភាពលំដាប់ពិភពលោក ឯករាជ្យផ្នែកបច្ចេកទេស និងការច្នៃប្រឌិតដែលអាចប្រកួតប្រជែងបានយ៉ាងជឿជាក់នៅលើឆាកអន្តរជាតិ។

លោកបញ្ជាក់ទៀតថា «យើងជឿជាក់ថា អាជីវកម្មដែលជោគជ័យពិតប្រាកដត្រូវតែជាកម្លាំងដ៏មានឥទ្ធិពលសម្រាប់ភាពល្អ។ ការរកប្រាក់ចំណេញមួយមុខមិនគ្រប់គ្រាន់ទេ ហើយភាពល្អមិនមែនជាការចំណាយនោះទេ។ វាគឺជាការវិនិយោគដ៏ឆ្លាតវៃ និងរយៈពេលវែងដែលបង្កើនតម្លៃជាបន្តបន្ទាប់។ នេះហើយជាមូលហេតុដែលយើងបានវិនិយោគយ៉ាងច្រើនលើថាមពលបៃតង ប្រព័ន្ធនិរន្តរភាពទំនើប និងបរិយាកាសការងារដ៏រស់រវើក បច្ចេកវិទ្យាទំនើប និងសក្តានុពលមនុស្សរីកចម្រើនជាមួយគ្នា។ នៅពេលយើងយកចិត្តទុកដាក់លើបរិស្ថាន បុគ្គលិក និងសហគមន៍ យើងបង្កើតភាពស្មោះត្រង់ ការច្នៃប្រឌិត និងកំណើនដ៏រឹងមាំជាងមុន»

លោក Chan Ping នាយកប្រតិបត្តិ​នៃក្រុមហ៊ុន​ S.E.C Maga Factory បានឱ្យដឹងថា រោងចក្រដំបូងរបស់ S.E.C. នៅកម្ពុជាចាប់ផ្តើមបើកដំណើរការផលិតផលិតផលនៅឆ្នាំ ២០១៩។ បន្ទាប់ពីកើតមានការរាតត្បាតជំងឺកូវីដ១៩ ក្រុមហ៊ុនបានផ្លាស់ប្តូរទៅផលិតម៉ាស់ ដែលជាផលិតផលត្រូវការបំផុតក្នុងអំឡុងពេលនោះ ដើម្បីឱ្យក្រុមហ៊ុនអាចបន្តរស់រានមានជីវិត។

លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានសម្រេចចិត្តបង្កើនការវិនិយោគដោយសាងសង់រោងចក្របន្ថែមទៀត សម្រាប់ដំណើរការឧស្សាហកម្មផលិតសម្លៀកបំពាក់ ដោយបានបង្កើតការងារសម្រាប់បុគ្គលិកកើនឡើង១០ដង។

លោក Robert Hwang អ្នកគ្រប់គ្រងទូទៅ​នៃក្រុមហ៊ុន​ S.E.C Maga Factory បានលើកឡើងថា S.E.C Mega Factory បាននិងកំពុងចូលដល់ដំណាក់កាលថ្មីនៃការបង្កើនសមត្ថភាពប្រតិបត្តិការ។

លោកបន្ថែមថា «រោងចក្រនេះត្រូវបានរចនាឡើងដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មរបស់យើង​ ភាពស៊ីសង្វាក់គ្នានៃគុណភាពរបស់យើង និងសមត្ថភាពរបស់យើងក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងតម្រូវការរបស់អតិថិជនសកល។ សំខាន់ជាងនេះទៅទៀត វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងបរិយាកាសផលិតកម្មដែលមានរចនាសម្ព័ន្ធល្អ គ្រប់គ្រងបានល្អនិងប្រកបដោយចីរភាព»