យល់ដឹងផ្នែកច្បាប់៖ ភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ
12-04-2026 19:05
(ភ្នំពេញ)៖ អំពើពុករលួយត្រូវបានចាត់ទុកថាជាឧបសគ្គដ៏សំខាន់មួយ ដែលបង្កការរារាំងដល់ការអភិវឌ្ឍ សង្គមជាតិ ការបន្ថយប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការបំផ្លាញជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌ ។
ដើម្បីដោះស្រាយបញ្ហានេះ ព្រះរាជាណាចក្រកម្ពុជាបានអនុម័ត “ច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ” នៅ ឆ្នាំ២០១០ និងបានបង្កើត អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នឯករាជ្យមួយ ដើរតួនាទីជាសេនាធិការឱ្យក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ដោយមានបេសកកម្មដឹកនាំការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្រ្កាប បទល្មើសពុករលួយដោយមានការចូលរួមពីមជ្ឈដ្ឋានសាធារណៈ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីលើកកម្ពស់ភាពស្អាត ស្អំក្នុងសង្គមជាតិ ។
ដូច្នេះដើម្បីទប់ស្កាត់ និងធានាបាននូវការអនុវត្តច្បាប់យ៉ាងមានប្រសិទ្ធភាព តើអង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចអ្វីខ្លះ ក្នុងមុខងាររបស់ខ្លួន ?
ដើម្បីបកស្រាយនូវចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការ ជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកនូវប្រធានបទស្ដីពី “ភារកិច្ច របស់អង្គភាពប្រឆាំងអំពើពុករលួយ” មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និស្សិតទាំងអស់គ្នា ដូចខាងក្រោម៖
បើយោងតាម មាត្រា ១៣ នៃ "ច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ" អង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ច ដូចខាងក្រោម៖
អនុវត្តច្បាប់ បទបញ្ជា និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបទល្មើសពុករលួយជាធរមាន រៀបចំកសាងផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ស្របតាមយុទ្ធសាស្ត្រ និងនយោបាយរបស់ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដឹកនាំការងារទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយ តាមដាន ស៊ើបអង្កេត ត្រួតពិនិត្យ និងធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំងលើកវិធានការនានា ពាក់ព័ន្ធនឹង បទល្មើសពុករលួយនៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈ និងឯកជនទាំងអស់ស្របតាមនីតិវិធីជាធរមាន ទទួល និងពិនិត្យរាល់ពាក្យបណ្តឹងដែលពាក់ព័ន្ធនឹងអំពើពុករលួយព្រមទាំងចាត់ការទៅតាមនីតិវិធីជាធរមាន៖
- ស្វែងរក ពិនិត្យ និងរៀបចំឯកសារ និងព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយ
- រក្សាការសម្ងាត់ជាដាច់ខាតចំពោះប្រភពព័ត៌មានទាក់ទងនឹងអំពើពុករលួយ
- ចាត់វិធានការចាំបាច់ដើម្បីរក្សាសន្តិសុខដល់បុគ្គលដែលផ្តល់ព័ត៌មានទាក់ទងនឹងអំពើពុករលួយ
- ធ្វើការគ្រប់គ្រងប្រព័ន្ធការប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមានបញ្ញត្តក្នុងច្បាប់នេះ
- ដឹកនាំការងារឃោសនាអប់រំមហាជនអំពីផលវិបាកនៃអំពើពុករលួយ និងលើកទឹកចិត្តឱ្យមហាជន ចូលរួម ក្នុងការបង្ការទប់ស្កាត់ និងកម្ចាត់អំពើពុករលួយ
- ពិនិត្យ និងលើកគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងរបស់អង្គភាពប្រឆាំង អំពើពុករលួយ
- ទទួលឆ្លើយបំភ្លឺដោយផ្ទាល់មាត់ ឬ ជាលាយលក្ខណ៍អក្សរ ចំពោះរាល់សំណួរដែលលើកឡើងដោយសមាជិក ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឬ សមាជិករដ្ឋសភា
- បម្រើសេវាការងារជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- តែងតាំង ផ្លាស់ប្តូរ និងគ្រប់គ្រង ឬ លើកសំណើតែងតាំង ផ្លាស់ប្តូរ មន្ត្រីរាជការក្រោមឱវាទក្នុងអង្គភាព ប្រឆាំងអំពើពុករលួយ
- ធ្វើសហប្រតិបត្តិការជាមួយអង្គការជាតិ អង្គការតំបន់ អង្គការអន្តរជាតិនានា ដើម្បីប្រយុទ្ធប្រឆាំងអំពើ ពុករលួយឆ្លងដែន
- ធ្វើរបាយការណ៍អំពីសកម្មភាពទាំងឡាយរបស់អង្គភាពប្រឆាំងអំពើពុករលួយ ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើ ពុករលួយ
- មានសិទ្ធិធ្វើការព្រមានចំពោះមុខសញ្ញាដែលក្នុងដំណាក់កាលដំបូងមានការខកខានមិនបានអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងគោលដៅបង្ការ និងទប់ស្កាត់អំពើពុករលួយ ។
សរុបមក បេសកកម្មរបស់អង្គភាពប្រឆាំងអំពើពុករលួយ មិនមែនសំដៅត្រឹមតែការអនុវត្តច្បាប់ក្នុងការបង្ក្រាប និង ការផ្ដន្ទាទោសនោះទេ ប៉ុន្តែគឺជាការផ្សាភ្ជាប់គ្នាយ៉ាងស្អិតរមួតរវាងយុទ្ធសាស្ត្រទាំង ៣ គឺ៖ ការអប់រំ ការបង្ការ និងការបង្ក្រាប ។ តែទោះជាយ៉ាងណា ប្រសិទ្ធភាពនៃកិច្ចការនេះមិនអាចសម្រេចបានជោគជ័យឡើយ ប្រសិនបើខ្វះការចូលរួមពីមហាជន និងជាពិសេសគឺការរក្សាភាពស្អាតស្អំចេញពីបុគ្គលម្នាក់ៗ ។ នៅពេលដែលពលរដ្ឋគ្រប់រូបយល់ដឹងច្បាស់ពីសិទ្ធិ និងកាតព្វកិច្ច របស់ខ្លួន នោះអំពើពុករលួយនឹងត្រូវបានលុបបំបាត់ចេញពីសង្គមជាតិយើងជាក់ជាមិនខាន ។
រៀបរៀងដោយ៖ លោកមេធាវី ឆែ វណ្ណម៉ូលីវ័ន្ត និងលោក ឡេង ពុទ្ធិសក្តា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីមែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕



