តើ Mythos ខ្លាំងដល់កម្រិតណា? មន្ត្រីជាន់ខ្ពស់អាមេរិកជំរុញឱ្យធនាគារធំៗប្រើ AI របស់ Anthropic មួយនេះ ដើម្បីការពារប្រព័ន្ធសុវត្ថិភាព
13-04-2026 09:29
(បរទេស)៖ យោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Scott Bessent និងប្រធានធនាគារកណ្តាលអាមេរិក (Federal Reserve) លោក Jerome Powell បានកោះហៅនាយកប្រតិបត្តិធនាគារនានា សម្រាប់កិច្ចប្រជុំមួយក្នុងសប្តាហ៍នេះ ដើម្បីលើកទឹកចិត្តឱ្យពួកគេប្រើប្រាស់ម៉ូដែល AI ថ្មីដែលមានឈ្មោះថា «Mythos» របស់ក្រុមហ៊ុន Anthropic ក្នុងគោលបំណងស្វែងរកចំណុចខ្សោយនៃប្រព័ន្ធសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tech Crunch នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។
ជាការពិតណាស់ ខណៈពេលដែលធនាគារ JPMorgan Chase គឺជាធនាគារតែមួយគត់ដែលត្រូវបានបញ្ជាក់ថាជាដៃគូដំបូងគេក្នុងការទទួលបានសិទ្ធិប្រើប្រាស់ម៉ូដែលនេះ ក៏មានសេចក្តីរាយការណ៍ថាធនាគារធំៗផ្សេងទៀតដូចជា Goldman Sachs, Citigroup, Bank of America និង Morgan Stanley ក៏កំពុងធ្វើការសាកល្បងប្រើប្រាស់ Mythos ផងដែរ។ ក្រុមហ៊ុន Anthropic បានប្រកាសចេញម៉ូដែលនេះនៅក្នុងសប្តាហ៍នេះ ប៉ុន្តែបានបញ្ជាក់ថាខ្លួននឹងកំណត់ចំនួនអ្នកប្រើប្រាស់ជាបណ្តោះអាសន្នសិន។ មូលហេតុមួយផ្នែកគឺដោយសារតែ Mythos មានសមត្ថភាពខ្លាំងពេកក្នុងការស្វែងរកចំណុចខ្សោយនៃប្រព័ន្ធសុវត្ថិភាព (Cybersecurity) បើទោះបីជាវាមិនត្រូវបានបណ្តុះបណ្តាល (trained) សម្រាប់ជំនាញនេះដោយផ្ទាល់ក៏ដោយ។ (ទោះជាយ៉ាងណា ក៏មានមតិខ្លះលើកឡើងថា នេះគ្រាន់តែជាការនិយាយបំផ្លើស ឬជាយុទ្ធសាស្ត្រលក់ដ៏ឆ្លាតវៃសម្រាប់ទីផ្សារសាជីវកម្មប៉ុណ្ណោះ)។
គួរជម្រាបថា របាយការណ៍នេះហាក់បីដូចជាគួរឱ្យភ្ញាក់ផ្អើលមែនទែន ដោយសារតែបច្ចុប្បន្ន Anthropic កំពុងមានជម្លោះតាមផ្លូវច្បាប់ជាមួយរដ្ឋបាលលោក Trump ជុំវិញការដែលក្រសួងការពារជាតិអាមេរិកបានចាត់ទុក Anthropic ថាជា «ហានិភ័យនៃខ្សែចង្វាក់ផ្គត់ផ្គង់» (supply-chain risk)។ ការកំណត់បែបនេះបានកើតឡើង បន្ទាប់ពីការចរចាបានបរាជ័យជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការដាក់កម្រិតលើរបៀបដែលរដ្ឋាភិបាលអាចយកម៉ូដែល AI របស់ខ្លួនទៅប្រើប្រាស់។ ទន្ទឹមនឹងនេះដែរ យោងតាមសារព័ត៌មាន Financial Times បានរាយការណ៍ថា ភ្នាក់ងារគ្រប់គ្រងហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស ក៏កំពុងពិភាក្សាអំពីហានិភ័យដែលអាចបង្កឡើងដោយម៉ូដែល Mythos នេះផងដែរ៕









