ព្រះខ័នរាជស្វាយរៀង បំបែកកំណត់ត្រាលីគកំពូលកម្ពុជា គ្រងជើងឯក ៣រដូវកាលជាប់គ្នា

13-04-2026 10:52

(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រនៃលីគកំពូលកម្ពុជា ដោយក្លាយជាក្លិបដំបូងគេ បានគ្រងជើងឯក ៣រដូវកាលជាប់គ្នា បន្ទាប់ពីពួកគេ បានសម្រេចបេសកកម្មការពារតំណែងជើងឯកលីគ រដូវកាលឆ្នាំ២០២៥/២៦ ដោយជោគជ័យ មុនបិទរដូវកាលចំនួន ៤ប្រកួត។

ការគ្រងជើងឯកផ្លូវការ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ បន្ទាប់ពីក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ៣-២ កាលពីថ្ងៃអាទិត្យកន្លងទៅ នៅកីឡដ្ឋាវិសាខា។ គ្រាប់បាល់ជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀង បានកើតឡើងនៅវគ្គទី១ ដែលរកបានដោយកីឡាករ សឿត បារាំង ១គ្រាប់ និង សារ៉េត គ្រីយ៉ា ២គ្រាប់ មុនកីឡាករ Patrick Nonato និង កែវ ឧត្តម វាយបកបានម្នាក់ ១គ្រាបវ់ិញឲ្យក្រុម អឹមអូអាយ កំពង់ដេវ៉ា នៅវគ្គទី២។

ការបន្ថែម ៣ពិន្ទុពេញនេះ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង មាន ៦៥ពិន្ទុ នាំមុខ ១៥ពិន្ទុពីក្រុមឈរលេខ២ ភ្នំពេញក្រោន ដែលទើបរកបាន ៥០ពិន្ទុ។ ការណ៍នេះបានធ្វើឲ្យព្រះខ័នរាជស្វាយរៀង ក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ដោយស្វ័យប្រវត្ដិ ទោះបីក្រុមនីមួយៗ នៅសល់ ៤ប្រកួតទៀតក៏ដោយ។

នេះគឺជាលើកដំបូងហើយ ក្នុងប្រវត្តិសាស្ដ្រលីគកំពូលកម្ពុជា ដែលមានក្លិបគ្រងជើងឯក ៣សម័យកាលជាប់គ្នា ពោលគឺក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្លិបដំបូង បន្ទាប់ពីលើកពាន កាលពីរដូវកាលឆ្នាំ២០២៣/២៤ និងរដូវកាលឆ្នាំ២០២៤/២៥ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Pep Monuz និងរដូវកាលឆ្នាំ២០២៥/២៦ ដែលដឹកនាំដោយគ្រូបង្វឹកលោក Matthew McConkey ។

គួរដឹងថា ក្រោយទទួលបានជោគជ័យលីគក្នុងស្រុក ព្រះខ័នរាជស្វាយរៀង មានបេសកកម្មដ៏សំខាន់ កំពុងរង់ចាំក្នុងសប្ដាហ៍នេះ គឺដំណើរឆ្ពោះទៅប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2025/26 ដែលពួកគេនឹងត្រូវធ្វើដំណើរទៅហ្វីលីពីន នាថ្ងៃទី១៤ ខែមេសាស្អែកនេះ ដើម្បីប្រកួតជើងទី២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមម្ចាស់ផ្ទះ Manila Digger នាថ្ងៃទី១៦ ខែមេសាខាងមុខ៕