សេចក្តីរាយការណ៍៖ Apple កំពុងធ្វើតេស្តរចនាប័ទ្មចំនួន ៤ សម្រាប់វ៉ែនតាឆ្លាតវៃ (Smart Glasses) ជំនាន់ថ្មី
13-04-2026 11:37
(បរទេស)៖ យោងតាមលោក Mark Gurman នៃភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Apple មានគម្រោងដាក់លក់វ៉ែនតាឆ្លាតវៃដំបូងបង្អស់របស់ខ្លួននៅឆ្នាំ២០២៧ ដោយអាចនឹងបង្ហាញរូបរាងជាផ្លូវការនៅចុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tech Crunch នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។
លោក Gurman បានតាមដានរាយការណ៍យ៉ាងជាប់លាប់អំពីការវិវត្តនៃយុទ្ធសាស្ត្រវ៉ែនតាឆ្លាតវៃរបស់ក្រុមហ៊ុន ហើយពេលនេះលោកមានព័ត៌មានលម្អិតបន្ថែមអំពីសណ្ឋានរូបរាងរបស់វា។ លោកបានលើកឡើងថា Apple កំពុងធ្វើតេស្តលើការរចនាចំនួន ៤បែប ហើយនៅពេលដាក់លក់ចុងក្រោយ ក្រុមហ៊ុនអាចនឹងជ្រើសរើសយកម៉ូដែលខ្លះ ឬក៏យកទាំង ៤ ម៉ូដែលតែម្ដង។ រចនាប័ទ្មទាំងនោះរួមមាន៖ ហ្វ្រេមរាងចតុកោណកែងធំ, ហ្វ្រេមរាងចតុកោណកែងស្ដើង (ស្រដៀងនឹងវ៉ែនតាដែលនាយកប្រតិបត្តិលោក Tim Cook ពាក់), ហ្វ្រេមរាងពងក្រពើ ឬរង្វង់មូលធំ និងហ្វ្រេមរាងពងក្រពើ ឬរង្វង់មូលតូច។ លើសពីនេះ Apple ក៏កំពុងពិចារណាលើពណ៌ខុសៗគ្នា រួមមាន ពណ៌ខ្មៅ, ពណ៌ខៀវទឹកសមុទ្រ (Ocean Blue) និងពណ៌ត្នោតខ្ចី។
បើតាមការមើលឃើញខ្លះៗ វ៉ែនតានេះហាក់បីដូចជាការដើរថយក្រោយបន្តិចពីផែនការមហិច្ឆតាដែល Apple ធ្លាប់ចង់បញ្ចេញឧបករណ៍ Mixed Reality និង Augmented Reality ជាច្រើនប្រភេទ ដែលផែនការនោះបានជួបការរអាក់រអួលដោយសារការពន្យារពេលផលិតផល និងការទទួលស្គាល់មិនសូវល្អពីសំណាក់អ្នកប្រើប្រាស់ចំពោះ Vision Pro។
ទន្ទឹមនឹងនេះ វ៉ែនតាឆ្លាតវៃថ្មីនេះមានលក្ខណៈស្រដៀងទៅនឹងវ៉ែនតា Ray-Ban របស់ក្រុមហ៊ុន Meta។ វាមិនមានអេក្រង់សម្រាប់បង្ហាញរូបភាពឡើយ ប៉ុន្តែវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចថតរូប និងវីដេអូបាន (មានសេចក្តីរាយការណ៍ថា Apple កំពុងប្រើឡេនកាមេរ៉ារាងពងក្រពើ) ទទួលការហៅទូរសព្ទ ស្តាប់តន្ត្រី និងប្រើប្រាស់មុខងារ Siri ដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីតាមការសន្យា៕









