Victory Giant ត្រៀមបោះទុនយក្សជាង ២ ពាន់លានដុល្លារនៅហុងកុង ដើម្បីពង្រីកអាណាចក្របន្ទះសៀគ្វី AI ទោះទីផ្សារកំពុងប្រឈមហានិភ័យ
13-04-2026 14:06
(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះសៀគ្វី (PCB) ឈានមុខគេរបស់ចិន Victory Giant បានសម្រេចចិត្តបោះជំហានដ៏ធំមួយដោយប្រកាសលក់ភាគហ៊ុននៅទីក្រុងហុងកុង ដើម្បីកៀរគរទុនរហូតដល់ ២,២៣ ពាន់លានដុល្លារ។ ការសម្រេចចិត្តនេះត្រូវបានគេមើលឃើញថាជាការបោះទុនដ៏ក្លាហានបំផុតមួយប្រចាំឆ្នាំ ២០២៦ ខណៈដែលស្ថានភាពសេដ្ឋកិច្ចសកលកំពុងជួបភាពមិនច្បាស់លាស់ ដោយសារភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។
យោងតាមសៀវភៅសេចក្តីជូនដំណឹង ក្រុមហ៊ុនគ្រោងនឹងយកថវិកាប្រមាណ ៧៤% ទៅពង្រីកសង្វាក់ផលិតកម្មនៅក្នុងប្រទេសចិនដីគោក ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងរីកដុះដាល។ Victory Giant បានអះអាងពីភាពខ្លាំងរបស់ខ្លួនថា «ខ្លួនជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក បើគិតតាមចំណូលពីការលក់ក្នុងទីផ្សារ PCB សម្រាប់ AI និងការគណនាកម្រិតខ្ពស់» ជាមួយនឹងចំណែកទីផ្សារជិត ១៤%។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺវត្តមានរបស់ក្រុមអ្នកវិនិយោគធំៗ (Cornerstone investors) ដែលដឹកនាំដោយមូលនិធិ Yunfeng Capital របស់លោក Jack Ma និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើនទៀត បានសន្យាទិញភាគហ៊ុនក្នុងតម្លៃជិត ១ ពាន់លានដុល្លាររួចជាស្រេចទៅហើយ។ នេះបង្ហាញពីទំនុកចិត្តខ្ពស់របស់វិនិយោគិនមកលើសក្តានុពលបច្ចេកវិទ្យារបស់ក្រុមហ៊ុន ទោះបីជាមានសម្ពាធផ្នែកបទប្បញ្ញត្តិពីទីក្រុងប៉េកាំង និងហុងកុងក៏ដោយ។
គួរជម្រាបថា អ្នកជំនាញយល់ឃើញថា «កិច្ចព្រមព្រៀងនេះគឺជាការសាកល្បងថាតើទីក្រុងហុងកុងនៅតែអាចដំណើរការការបោះផ្សាយភាគហ៊ុនបច្ចេកវិទ្យាខ្នាតយក្សបានដែរឬទេ» ចំពេលដែលភូមិសាស្ត្រនយោបាយកំពុងឡើងកម្ដៅ។ ប្រសិនបើជោគជ័យ វានឹងក្លាយជាសញ្ញាវិជ្ជមានដ៏សំខាន់សម្រាប់ទីផ្សារហិរញ្ញវត្ថុហុងកុង ដែលកំពុងព្យាយាមទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗឱ្យមកចុះបញ្ជីបន្ថែមទៀត៕








