TSMC កើបប្រាក់ចំណេញកប់ពពក ខណៈពិភពលោកកំពុងដណ្តើមគ្នាទិញបច្ចេកវិទ្យា AI
13-04-2026 15:24
(បរទេស)៖ ក្រុមហ៊ុន TSMC ដែលជាអ្នកផលិតបន្ទះឈីបឆ្លាតវៃ (AI) ដ៏ធំបំផុតនៅលើលោក កំពុងត្រៀមខ្លួនបំបែកកំណត់ត្រាប្រាក់ចំណេញខ្ពស់បំផុតមិនធ្លាប់មាន ដោយរំពឹងថានឹងកើនឡើងរហូតដល់ ៥០% ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ។ តម្រូវការបន្ទះឈីបសម្រាប់ AI ដែលកំពុងផ្ទុះឡើងខ្លាំងដូចទឹកបាក់ទំនប់ បានធ្វើឱ្យតម្លៃក្រុមហ៊ុនតៃវ៉ាន់មួយនេះហក់ឡើងដល់ ១,៦ ទ្រីលានដុល្លារ ដែលធំជាងក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងដល់ទៅជិតពីរដង។ នេះបើយងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។
ទោះបីជាពិភពលោកកំពុងបារម្ភពីរឿងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលអាចធ្វើឱ្យខ្វះខាតវត្ថុធាតុដើមផលិតបន្ទះឈីបក៏ដោយ ក៏អ្នកជំនាញជឿជាក់ថា TSMC នឹងមិនរង្គោះរង្គើឡើយ។ លោក Galen Zeng អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវជាន់ខ្ពស់នៅ IDC បានពន្យល់ថា៖ «ការមានប្រភពផ្គត់ផ្គង់សម្បូរបែប និងការស្តុកទុកទំនិញបានល្អរបស់ TSMC នឹងជួយឱ្យក្រុមហ៊ុននេះអាចទប់ទល់នឹងការរំខានក្នុងរយៈពេលខ្លីបានយ៉ាងស្រួល»។
បច្ចុប្បន្ន TSMC គឺជាឆ្អឹងខ្នងមិនអាចខ្វះបានសម្រាប់ក្រុមហ៊ុនយក្សដូចជា Nvidia និង Apple តាមរយៈបច្ចេកវិទ្យាផលិតបន្ទះឈីបខ្នាតតូចបំផុត (៣ ណានូម៉ែត្រ)។ លោក Arthur Lai ប្រធានផ្នែកស្រាវជ្រាវបច្ចេកវិទ្យានៃ Macquarie Capital បានកត់សម្គាល់ដោយភាពជឿជាក់ថា៖ «យើងរំពឹងថាចំណូលនឹងបន្តកើនឡើងថែមទៀតនៅត្រីមាសទីពីរ ដោយសារតែការនាំមុខគេលើបច្ចេកវិទ្យាផលិត និងតម្រូវការ AI ដែលមិនងាយថមថយ»។
ដើម្បីឆ្លើយតបនឹងការរីកចម្រើននេះ TSMC កំពុងបោះទុនវិនិយោគមហាសាលចំនួន ១៦៥ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថ្មីៗនៅសហរដ្ឋអាមេរិក និងសម្រេចចិត្តផលិតបន្ទះឈីបកម្រិតខ្ពស់បំផុតនៅប្រទេសជប៉ុនថែមទៀតផង។ សន្ទុះដ៏ខ្លាំងក្លានេះបានបញ្ជាក់យ៉ាងច្បាស់ថា TSMC មិនត្រឹមតែជាអ្នករកស៊ីនោះទេ ប៉ុន្តែគឺជាអ្នកដែលកំពុងកំណត់វាសនានៃបច្ចេកវិទ្យាពិភពលោកទាំងមូល៕











