អត្តពលិក ៧ប្រទេស ត្រៀមអង្រួនព្រឹត្តិការណ៍ World Kickboxing Championship ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី លើទឹកដីបាត់ដំបង

13-04-2026 19:04

(ភ្នំពេញ)៖ កីឡាករ-កីឡាការិនី ទាំងប្រដាល់ឃីកបុកស៊ីង និងគុនខ្មែរ មកពី ៧ប្រទេស រួមមានវៀតណាម អូសបេគីស្ថាន ចិន រុស្ស៊ី អេស្ប៉ាញ ម៉ូរ៉ូកូ និងម្ចាស់ផ្ទះកម្ពុជា នឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Ganzberg World Kickboxing Championship រយៈពេល ២ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅកីឡដ្ឋានវាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៦។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅស្ថានីទូរទស្សន៍ថោន នារសៀលថ្ងៃទី១៣ ខែមេសានេះ លោក តែម ម៉ឺន ប្រធានកិត្តិយសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរវាងស្ថាប័នកីឡាជាតិ និងអន្ដរជាតិ ជំរុញឲ្យមានព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង ក្នុងការរួមគ្នាគាំទ្រ ជំរុញ និងផ្សព្វផ្សាយពីគោលនយោបាយកីឡាជាតិ និងសមិទ្ធផលរីកចម្រើនរបស់រាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ ពិសេសកីឡាឃីកបុកស៊ីង។

ទន្ទឹមជាមួយគ្នាលោក ថមមី គីម ទីប្រឹក្សាស្ថានីយ៍ទូរទស្សន៍ថោន និងជាតំណាងស្ថាប័ន IPCC នៅកម្ពុជា ថា នេះគឺជាការបើកទំព័រថ្មីមួយទៀត សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏ធំ និងប្រជុំដោយកីឡាករ-កីឡាការិនីខ្លាំងៗ មកពីបណ្ដាប្រទេសខាងលើ ចូលរួមការប្រកួត ដែលជាវេទិការលើសពីការប្រកួតប្រជែង ផ្សារភ្ជាប់ការផ្សព្វផ្សាយពីប្រទេសជាតិ ក្បាច់គុន ព្រមទាំងវប្បធម៌ អរិយធម៌ ទេសចរណ៍ ជាដើម ទៅលើឆាកអន្ដរជាតិ តាមរយៈប្រតិភូកីឡាទាំងអស់ ដែលមកប្រកួតនៅកម្ពុជា។

បន្ថែមលើនេះ អ្វីដែលថ្នាក់ដឹកនាំថោន កំពុងខិតខំ ក៏ព្រោះចង់ឃើញវិស័យកីឡា ពិសេសកីឡាប្រដាល់ ទាំងគុនខ្មែរ ទាំងឃីកបុកស៊ីង ឬកីឡាយុទ្ធគុនចម្រុះ (MMA)ជាដើម កាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្ដរជាតិ ហើយចង់ឃើញកីឡាករ-កីឡាការិនីកម្ពុជា លើទង់ជាតិខ្មែរ មិនថានៅសង្វៀនក្នុង ឬក្រៅស្រុក ដ្បិតបច្ចុប្បន្នពិភពលោក បានចាប់ផ្ដើមស្គាល់គុនខ្មែរ ស្គាល់ឃីកបុកស៊ីងកម្ពុជា ហើយក៏ចង់ស្គាល់ ចង់សាកសមត្ថភាពជាមួយកីឡាករគុនខ្មែរផងដែរ។

លោកថា «ថោននឹងព្យាយាមបង្កើតកម្មវិធី មានទាំងគុនខ្មែរ មានទាំងឃីកបុកស៊ីង មានទាំង MMA ដើម្បីសមាហរណកម្មកីឡាចូលទៅក្នុងពិភពលោក ដើម្បីឲ្យពិភពលោក ទទួលស្គាល់ មិនមែនត្រឹមតែមួយវិញ្ញាសានោះទេ យើងត្រូវមាន បើប្រទេសខ្លះគេនិយមឃីកបុកស៊ីង យើងទៅឃីកបុកស៊ីង ប្រទេសខ្លះគេទទួលបានគុនខ្មែរយើងទៅប្រកួតគុនខ្មែរ ប្រទេសខ្លះ ទទួលបាន MMA យើងទៅប្រកួត MMA យើងទៅកុំទាល់»។ លោកក៏បានសរសើរក្លិប លោក អេ ភូថង និងក្លិបលោក ហ៊ុន ចាន់រាជ ដែលអាចទទួលការប្រកួតស្ទើរគ្រប់ទម្រង់ទៀតផង។

ជាមួយគ្នាដែរ លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានបង្ហាញមោទនភាព ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កីឡាឃីកបុកស៊ីងនៅកម្ពុជា។ ក្រោមម្លប់សន្ដិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ព្រមទាំងការដាក់ចេញនូវផែនការច្បាស់លាស់ និងយូរអង្វែង បានធ្វើឲ្យកីឡាឃីកបុកស៊ីង ដែលកើតចេញពីបុត្រសម្ព័ន្ធមួយនៃកីឡាប្រដាល់គុនខ្មែរ ត្រូវបានទទួលស្គាល់ និងដណ្ដើមបានមេដាយជាច្រើនជូនជាតិមាតុភូមិ ទាំងការប្រកួតកីឡាស៊ីហ្គេម និងជើងឯកអាស៊ីជាដើម។

គួរដឹងថា ព្រឹត្តិការណ៍ Ganzberg World Kickboxing Championship លើទឹកដីបាត់ដំបង នាថ្ងៃទី១៤-១៥ ខែមេសានេះ នឹងមានការប្រកួតដណ្ដើមខ្សែក្រវាត់ចំនួន ៧ ខណៈមានកីឡាករ-កីឡាការិនី ៦រូប ត្រូវដណ្ដើមជាមួយដៃគូប្រទេស រួមមានកីឡាករ អេ អាម៉ារីនភូថង, យេន ឌីណា, ម៉ឺន មេឃា, សុខភាព រុំលី, សៅយ៉ាន់ វិសា និងកីឡាការិនី ទូច ចាន់វត្ដី ត្រូវប្រកួតខ្សែក្រវាត់ IPCC Kun Khmer Champion។ ក្រៅពីនោះ ក៏នឹងមានគូមិត្តភាពអន្ដរជាតិដ៏ជក់ចិត្តជាច្រើនទៀតផងដែរ៕