យុទ្ធសាស្ត្រថ្មីរបស់ OpenAI៖ ចំណាយ ២០ពាន់លានដុល្លារលើ Cerebras ដើម្បីពង្រឹងអាណាចក្រ AI
17-04-2026 09:14
(បរទេស)៖ ក្រុមហ៊ុន OpenAI យល់ព្រមបង់ប្រាក់ឱ្យក្រុមហ៊ុនផលិតបន្ទះឈីប Cerebras ក្នុងចំនួនទឹកប្រាក់ជាង ២០ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនមេ (Servers) ដែលដំណើរការដោយបន្ទះឈីបរបស់ក្រុមហ៊ុននេះ។ នេះបើយោងតាមប្រភពព័ត៌មានពី The Information ដែលចុះផ្សាយបន្តដោយ Reuters នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៦។
កិច្ចព្រមព្រៀងនេះមានរយៈពេល ៣ឆ្នាំ ដែលក្នុងនោះ OpenAI នឹងប្រើប្រាស់សេវាកម្ម Cloud របស់ Cerebras សម្រាប់ការគណនា AI (Inference) និងម៉ូដែលវៃឆ្លាតផ្សេងៗ។ វាជាផ្នែកមួយនៃកិច្ចព្រមព្រៀង OpenAI មានសិទ្ធិទទួលបាន ភាគហ៊ុន (Equity Stake) នៅក្នុងក្រុមហ៊ុន Cerebras។ ការផ្លាស់ប្តូរនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ OpenAI ក្នុងការស្វែងរកជម្រើសថ្មីក្រៅពីបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងទីផ្សារ AI ស្ទើរតែទាំងស្រុង។ Cerebras នឹងសាងសង់ ឬជួលមជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Centers) ដែលបំពាក់ដោយបន្ទះឈីបរបស់ខ្លួន ដើម្បីផ្តល់សមត្ថភាពគណនាដល់ OpenAI ជាដំណាក់កាលរហូតដល់ឆ្នាំ ២០២៨។
គួរជម្រាបថា Cerebras គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅ Silicon Valley ដែលល្បីល្បាញដោយសារការផលិតបន្ទះឈីបដែលមានទំហំប៉ុន «ចានបាយ» (Wafer-scale engines) ដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីពន្លឿនការបណ្តុះបណ្តាល និងការដំណើរការម៉ូដែល AI ខ្នាតយក្ស។
ការវិនិយោគដ៏មហិមានេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រកួតប្រជែងក្នុងវិស័យបន្ទះឈីប AI កំពុងមានភាពកក្រើកខ្លាំង ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗកំពុងប្រជែងគ្នាដណ្តើមយកធនធានគណនា (Computing Power) ដើម្បីអភិវឌ្ឍផលិតផល AI ជំនាន់ក្រោយរបស់ខ្លួន៕











