ស៊យធំ! ខ្សែប្រយុទ្ធបារាំង Ekitike នឹងអវត្តមានរហូតដល់ចប់រដូវកាលនេះ ជាពិសេស World Cup 2026 តែម្តង

17-04-2026 09:51

(បរទេស)៖ កីឡាករ Hugo Ekitike របស់ក្រុមជម្រើសជាតិមាន់គកបារាំង នឹងខកខានប្រកួតរហូតដល់ចប់រដូវកាលនេះ ជាពិសេសអវត្តមានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 តែម្តង ដោយសាររងរបួសសាច់ដុំកំភួនជើងជាទម្ងន់។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធទើបតែមានវ័យ ២៣ឆ្នាំរូបនេះ ត្រូវបង្ខចិត្តប្តូរចេញនៅតង់ទី១ នៅអំឡុង Liverpool ប្រកួតទល់នឹងម្ចាស់ការពារតំណែងជើងឯក UEFA Champions League គឺ Paris Saint Germain កាលពីរាត្រីថ្ងៃអង្គារ ទី១៤ ខែមេសានៅកីឡដ្ឋាន Anfield នៃប្រទេសអង់គ្លេស។

សមាជិកថ្មីជាមួយ Liverpool ចាប់ពីខែមករា ឆ្នាំ២០២៦ ត្រូវបានគេសែងចេញពីទីលាន និងបង្កក្តីកង្វល់ដល់ហង្សក្រហមផងដែរ ដែលអាចនឹងប៉ះពាល់ដល់រដូវកាលក្រោយផងនោះ។

Ekitike បានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនផ្ញើទៅកាន់អ្នកគាំទ្រ Liverpool ថា «វាពិតជាលំបាកក្នុងការទទួលយកណាស់ ចំពោះអ្វីដែលបានកើតឡើងលើរូបខ្ញុំនាពេលនេះ និងអ្នករាល់គ្នា។ ខ្ញុំនឹងមិនឯកោទេ។ ភាពខ្លាំង និងការគោរពស្រឡាញ់ពីអ្នករាល់គ្នា វានឹងក្លាយជាកម្លាំងចិត្តសម្រាប់ខ្ញុំ។ ជួបគ្នាឆាប់ៗនេះនៅ Anfield»

ទោះជាយ៉ាងណា បើយោងតាមសេចក្តីថ្លែងការណ៍របស់ Liverpool ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញពុំបានបញ្ជាក់ពីកាលបរិច្ឆេទវិលត្រឡប់របស់ Ekitike ឡើយ ក្រោយពិនិត្យរោគវិនិច្ឆ័យកាលពីថ្ងៃពុធ គ្រាន់តែបញ្ជាក់ពីបញ្ហារបួសធ្ងន់ធ្ងរប៉ុណ្ណោះ៕