FIFA ស្តីបន្ទោសសំបុត្ររថភ្លើងឡើងថ្លៃដល់ $១០០ ជិះពី New York មកទស្សនាផ្តាច់ព្រ័ត្រ World Cup 2026
17-04-2026 10:38
(បរទេស)៖ លោក Mikie Sherrill អភិបាលប្រចាំរដ្ឋ New Jersey បានឱ្យដឹងថា សហព័ន្ធ FIFA បានធ្វើការស្តីបន្ទោស ចំពោះការឡើងថ្លៃនៃតម្លៃសំបុត្រជិះរថភ្លើង នៅពេលអ្នកគាំទ្រត្រូវចំណាយលុយចាប់ពី ១០០ដុល្លារ ដើម្បីធ្វើដំណើរមកទស្សនាផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នារដូវក្តៅនេះ។
បើយោងតាមរបាយការណ៍ពី Athletic បានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា ប្រព័ន្ធដឹកជញ្ជូនក្នុងរដ្ឋ New Jersey នឹងមានការកែប្រែតម្លៃពិសេស ជាមួយនឹងការធ្វើដំណើរលឿនជាងមុនត្រឹមតែ ៣០នាទីប៉ុណ្ណោះពីកីឡដ្ឋាន Penn Stadion ទៅកាន់កីឡដ្ឋាន MetLife Stadium ស្ថិតក្នុងរដ្ឋ New Jersey ដូចគ្នា។
ចំណែកឯតម្លៃសំបុត្ររថភ្លើងក្នុង ១សន្លឹកវិញ គឺមានតម្លៃអាចចាប់ពី ១០០ដុល្លារឡើងទៅ ខុសគ្នាដាច់ស្រឡះពីថ្ងៃធម្មតាមានត្រឹមតែ ១២.៩០ដុល្លារតែប៉ុណ្ណោះ។
ទន្ទឹមគ្នានោះដែរ ស្ថាប័នលក់សំបុត្ររថភ្លើងក៏ពុំមានគម្រោង ក្នុងការបញ្ចុះតម្លៃចំពោះកុមារ ក៏ដូចមន្រ្តីរាជការនោះដែរ។
ជាការកត់សម្គាល់ MetLife Stadium ដែលនឹងប្តូរឈ្មោះទៅជា New York ឬក៏ New Jersey Stadium នៅអំឡុង World Cup 2026 ជំនាន់ទី២៣ ដែលជាគោលនយោបាយសហប្រតិបត្តិការរវាងដៃគូឧបត្ថម្ភផងនោះ នឹងរៀបចំ ៨ប្រកួតនៅទីនេះ ដោយក្នុងនោះក៏មានក្រុមតោកំណាចអង់គ្លេសលេងសន្សំពិន្ទុក្នុងពូល និងវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនាថ្ងៃអាទិត្យ ទី១៩ ខែកក្កដាទៀតផង។
BBC Sport បានចេញផ្សាយថា តម្លៃសំបុត្ររថភ្លើងខាងលើ នឹងប្រកាសដាក់ចេញជាផ្លូវការនៅថ្ងៃសុក្រនេះតែម្តង នៅពេលអភិបាលរដ្ឋ New Jersey ខាងលើបានលើកឡើងថា «FIFA គួរតែចេញថ្លៃសំបុត្ររថភ្លើងខ្លះសម្រាប់អ្នកគាំទ្រ» គ្រាដែលអ្នកនាំពាក្យ FIFA «បានត្រឹមសម្តែងការខកចិត្ត និងភ្ញាក់ផ្អើល» ចំពោះការលើកឡើងរបស់លោក Sherrill បែបនេះទៅវិញ៕



