កក្រើកពិភពលោក! ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GWM ប្រកាសផលិតជាទ្រង់ទ្រាយធំនូវអាគុយឡាន Plug-in Hybrid ទំហំថាមពលធំបំផុតមិនធ្លាប់មាន
17-04-2026 11:11
(បរទេស)៖ ក្រុមហ៊ុន SVOLT Energy Technology បានធ្វើវិស័យឧស្សាហកម្មរថយន្តអគ្គិសនី លើពិភពលោកបានឈានដល់របត់ថ្មីដ៏អស្ចារ្យមួយទៀតហើយ ដែលជាក្រុមហ៊ុនផលិតអាគុយឈានមុខគេស្ថិតក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Great Wall Motor (GWM) បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមផលិតជាទ្រង់ទ្រាយធំនូវ «អាគុយរថយន្តកូនកាត់ (PHEV) ដែលមានទំហំថាមពលធំបំផុតជំនាន់ថ្មី»។ នេះមានន័យថា អ្នកប្រើប្រាស់អាចបើកបរប្រចាំថ្ងៃដោយមិនចាំបាច់ប្រើសាំងទាល់តែសោះ ដែលជាបទពិសោធន៍ស្ទើរតែដូចរថយន្តអគ្គិសនីសុទ្ធ (BEV) ទៅហើយ។
បើយោងតាមការចុះផ្សាយពីគេហទំព័រព័ត៌ CarNewsChina បានឱ្យដឹងថា អាគុយជំនាន់ថ្មីនេះមានទំហំថាមពលរហូតដល់ 80kWh ដែលជាតួលេខដ៏ខ្ពស់បំផុតសម្រាប់រថយន្តប្រភេទ Plug-in Hybrid (PHEV)ដែលវាមានចំណុចខ្លាំងដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល គឺអាចបើកបរដ៏អស្ចារ្យដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយរហូតដល់ទៅ ៤០០គីឡូម៉ែត្រ (តាមស្តង់ដារ CLTC ប្រទេសចិន) សម្រាប់ការសាកថ្មពេញតែម្តង។
អាគុយដែលនឹងផលិតថ្មីនេះ នឹងបំពាក់ចូលនៅបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្រិត (4C Charging) វាមិនត្រឹមតែមានទំហំធំនោះទេ គឺអាចធ្វើការសាកថ្មចាប់ពី ៥% ទៅ ៨០% ចំណាយពេលត្រឹមតែ ១០ ទៅ ១៥ នាទីប៉ុណ្ណោះ។ ដែលនេះគឺជាបច្ចេកវិទ្យាដ៏កម្រមានបំផុតសម្រាប់រថយន្តប្រភេទ Hybrid។
ជម្រាបផងថា (4C Charging) គឺជាបច្ចេកទេសមួយដែលប្រើដើម្បីវាស់ស្ទង់ល្បឿននៃការសាកថ្ម (Charging Rate) ធៀបនឹងទំហំផ្ទុករបស់ថ្ម (Capacity)។ បច្ចុប្បន្នបច្ចេកវិទ្យាកម្រិតនេះ បានកំពុងក្លាយជាស្តង់ដារថ្មីសម្រាប់ឡានអគ្គិសនី (EV) ដូចជាអាគុយប្រភេទ Qilin របស់ក្រុមហ៊ុន CATL ដែលអាចសាកពី 10% ទៅ 80% ក្នុងពេលត្រឹមតែ10-15 នាទី។
ក្នុងនោះវាមានសមត្ថភាពអាចប្រើប្រាស់បានយូរអង្វែង ដោយក្រុមហ៊ុនបានអះអាងថា អាគុយប្រភេទថ្មីនេះត្រូវបានផលិតឡើងជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ ដែលជួយពន្យារពេលអាយុកាលការប្រើប្រាស់បានកាន់តែយូរ និងមានសុវត្ថិភាពខ្ពស់បំផុត បើទោះបីជាត្រូវសាកថ្មក្នុងកម្រិតល្បឿនលឿនញឹកញាប់ក៏ដោយ។
បើតាមប្រភពខាងលើ អាគុយទំហំយក្សនេះនឹងត្រូវយកទៅបំពាក់លើរថយន្តស៊េរីទំនើបៗរបស់ក្រុមហ៊ុន GWM ជាពិសេសគឺម៉ូឌែល Wey និងម៉ូឌែល Tank (ដូចជា Tank 700 ឬ Tank 800) ដែលជាប្រភេទរថយន្ត SUV ខ្នាតធំត្រូវការកម្លាំងខ្លាំង និងចម្ងាយបើកបរឆ្ងាយ។
យោងតាមការវិភាគរបស់អ្នកចាំជំនាញ់ទីផ្សារពិភពលោកក៏បានលើកឡើងផងថា ការឈានជើងចូលមកដល់នៃការផលិតអាគុយកម្លាំង 80kWh ពីសំណាក់ក្រុមហ៊ុន SVOLT នេះ មិនត្រឹមតែជាការបង្ហាញមោទនភាពរបស់បច្ចេកវិទ្យាចិននោះទេ ប៉ុន្តែគឺជាសញ្ញាព្រមានដល់គូប្រជែងធំៗលើសកលលោកថា ប្រភេទម៉ូឌែលរថយន្ត Plug-in Hybrid (PHEV) កំពុងឈានចូលដល់កម្រិតកំពូល ដែលអាចលុបបំបាត់ក្តីបារម្ភរឿង «អស់អាគុយតាមផ្លូវជាមួយក្តីបារម្ភតម្លៃប្រេងសាំង» បានយ៉ាងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា SVOLT Energy Technology គឺជាក្រុមហ៊ុនដែលកំពុងមានឥទ្ធិពលខ្លាំងមួយក្នុងការផ្គត់ផ្គង់អាគុយទៅកាន់បណ្តាក្រុមហ៊ុនរថយន្តល្បីៗជាច្រើន ហើយការសម្រេចបាននូវការផលិតអាគុយខ្នាតយក្សសម្រាប់ឡាន Hybrid នាពេលនេះ នឹងធ្វើឱ្យរថយន្តអគ្គិសនី+សាំង កាន់តែមានភាពទាក់ទាញសម្រាប់អ្នកប្រើប្រាស់៕



