Tesla ឆ្ពោះទៅតៃវ៉ាន់៖ ស្វែងរកកំពូលវិស្វករមកសម្រេចសុបិនរោងចក្របន្ទះឈីប AI ក្នុងគម្រោង Terafab
17-04-2026 11:16
(បរទេស)៖ ក្រុមហ៊ុន Tesla កំពុងប្រកាសជ្រើសរើសវិស្វករជំនាញជាច្រើនរូបនៅតៃវ៉ាន់ ដើម្បីបម្រើឱ្យគម្រោងខ្នាតយក្សថ្មីមួយឈ្មោះថា Terafab។ គម្រោងនេះមានគោលដៅបង្កើតរោងចក្រផលិតបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) បែបទំនើបកម្ម ដែលរួមបញ្ចូលរាល់ដំណាក់កាលផលិតកម្មទាំងអស់នៅកន្លែងតែមួយ ចាប់តាំងពីការរចនា រហូតដល់ការវេចខ្ចប់សម្រេច ដើម្បីបម្រើឱ្យមហិច្ឆតាក្នុងវិស័យមនុស្សយន្ត និងមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
ការសម្រេចចិត្តជ្រើសរើសបុគ្គលិកនៅតៃវ៉ាន់នេះ គឺដោយសារទីនោះជាបណ្ដុំនៃអ្នកជំនាញផលិតឧបករណ៍ ពាក់កណ្តាលសម្រេច (Semiconductor) កម្រិតខ្ពស់បំផុតក្នុងលោក ជាពិសេសបច្ចេកវិទ្យាខ្នាតតូចបំផុតក្រោម ៧ ណានូម៉ែត្រ និង ២ ណានូម៉ែត្រ។ បន្ទះឈីបដែលផលិតចេញពីរោងចក្រ Terafab នេះ ត្រូវបានរំពឹងថានឹងប្រើប្រាស់សម្រាប់បច្ចេកវិទ្យាចុងក្រោយបង្អស់ រួមមានទាំងបន្ទះឈីបសម្រាប់ផ្កាយរណបក្នុងលំហអាកាស និងប្រព័ន្ធដំណើរការទិន្នន័យល្បឿនលឿនបំផុត។
ជុំវិញការលេចមុខរបស់គូប្រជែងថ្មីនេះ ក្រុមហ៊ុនយក្ស TSMC របស់តៃវ៉ាន់បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនមើលស្រាលគូប្រកួតនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ជាសារដាស់តឿនថា នៅក្នុងឧស្សាហកម្មបន្ទះឈីបនេះគឺ «គ្មានផ្លូវកាត់ទេ» ព្រោះការសាងសង់រោងចក្រផលិតថ្មីមួយ ត្រូវចំណាយពេលយ៉ាងតិចពី ២ ទៅ ៣ ឆ្នាំ ដើម្បីដំណើរការបាន។
គួរជម្រាបថា ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់លោក Elon Musk ក្នុងការបង្កើតរោងចក្រផ្ទាល់ខ្លួននេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ពីខាងក្រៅ ចំពេលដែលតម្រូវការបន្ទះឈីប AI នៅលើពិភពលោកកំពុងមានការខ្វះខាត និងមានការប្រកួតប្រជែងខ្ពស់បំផុត៕











