ព្រះខ័នរាជស្វាយរៀង បន្ថែមកំណត់ត្រាថ្មី ក្នុងពានកម្រិតទ្វីបអាស៊ី ក្រោយលត់ក្រុម Manila Digger ៣-០
17-04-2026 11:25
(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានបន្ថែមកំណត់ត្រាថ្មី ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី (AFC Challenge League) ឆ្នាំ២០២៥/២៦ ក្នុងនាមក្លិបកម្ពុជាដំបូងគេ ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ ២រដូវកាលជាប់គ្នា បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះ Manila Digger ដោយលទ្ធផល ៣-០ កាលពីរាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។
សម្រាប់ជំនួបកាត់សេចក្ដីនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើទឹកដីហ្វីលីពីន បន្ទាប់ពីប្រកួតស្មើគ្នា ១-១ នៅទឹកដីកម្ពុជានេះ ស្វាយរៀងបានផ្ដល់នូវការខកចិត្តដល់ក្រុមម្ចាស់ផ្ទះ ក៏ដូចជាអ្នកគាំទ្ររបស់ Manila Digger ក្រោយរកបានគ្រាប់បាល់ជ័យជម្នះរហូតដល់ ៣គ្រាប់ ដោយកីឡាករ សារ៉េត គ្រីយ៉ា ១គ្រាប់ នៅនាទី១១ និង ២គ្រាប់ទៀត បញ្ចប់ទីដោយកីឡាករ Kwame Peprah នៅនាទី៣៩ និងនាទី៦៨។
ជ័យជម្នះនេះ បានជួយឲ្យព្រះខ័នរាជស្វាយរៀង ឡើងវគ្គផ្ដាច់ព្រ័ត្រជាថ្មី ដោយឈរចាំបេក្ខភាពមកពីតំបន់អាស៊ីខាងលិច ដែលគ្រោងនឹងធ្វើការប្រកួតវគ្គ ៨ក្រុមចុងក្រោយនាថ្ងៃទី១៩ ខែមេសាចុងសប្ដាហ៍នេះ លើទឹកដីកណ្ដាល នាប្រទេសកៀហ្ស៊ីស៊ីស្ថាន ក្រោយពន្យារពេលដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ក្នុងនោះក្រុមអូម៉ង់ Al-Shabab ត្រូវជួបក្រុមគុយវ៉ែត Al-Kuwait និងក្រុមលីបង់ Al-Ansar ត្រូវជួបក្រុមកៀហ្ស៊ីស៊ីស្ថាន Muras United ហើយក្រុមឈ្នះ នឹងត្រូវជួបគ្នា នាថ្ងៃទី២២ ខែមេសា ពោលគឺលេងតែ ១ជើងប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះ ឡើងមកជួបក្រុមកម្ពុជា នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។
នេះគឺជាជោគជ័យមួយដ៏ធំសម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង ដែលនឹងត្រូវចារក្នុងប្រវត្តិពានកម្រិតទី៣ ទ្វីបអាស៊ី ក្នុងនាមក្លិបបាល់ទាត់កម្ពុជាដំបូងគេ ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីរដូវកាលឆ្នាំ២០២៤/២៥ កន្លងទៅ បានឡើងវគ្គផ្ដាច់ព្រ័ត្រ តែសោកស្ដាយចាញ់ក្រុមភ្ញៀវ Arkadag របស់ទួកមេនីស្ថាន ទទួលបានត្រឹមជើងឯករង។ យ៉ាងណាអ្នកគាំទ្របានសាទរ ចំពោះការខំប្រឹង និងសមិទ្ធផលដែលក្លិបតំណាងកម្ពុជាមួយនេះ សម្រេចបានដែលជាបង្ហាញពីភាពរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជា ហើយក៏រំពឹងថា វគ្គផ្ដាច់ព្រ័ត្រឆ្នាំនេះពួកគេនឹងធ្វើបានកាន់តែល្អ ដើម្បីដណ្ដើមពានរង្វាន់កម្រិតទ្វីបលើកដំបូងជូនក្លិប ក៏ដូចជាប្រទេសកម្ពុជាផងដែរ។
គួរដឹងថា ៤ថ្ងៃមុនព្រះខ័នរាជស្វាយរៀង ឡើងវគ្គផ្ដាច់ព្រ័ត្រពាន AFC Challenge League 2025/26 ពួកគេក៏ទើបបានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រក្នុងលីគកំពូលកម្ពុជា ក្នុងនាមក្លិបគ្រងជើងឯកលីគ ៣រដូវកាលជាប់គ្នាលើកដំបូង ហើយក៏ជាការកំណត់បេក្ខភាពក្លិបតំណាងកម្ពុជាផ្លូវការ ដែលត្រៀមប្រកួតជើងឯកក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two នាឆ្នាំ២០២៦/២៧ ខាងមុខផងដែរ៕










