ក្លិបព្រះខ័នរាជស្វាយរៀង នឹងរងពិន័យ ១លានដុល្លារ និងទណ្ឌកម្មផ្សេងទៀត បើមិនព្រមលេងនៅទឹកដីកណ្ដាល ទល់ក្រុម Bangkok United

17-04-2026 12:05

(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង នឹងរងពិន័យទឹកប្រាក់ដ៏ច្រើន និងទណ្ឌកម្មផ្សេងៗទៀត ប្រសិនបើមិនព្រមប្រកួតនៅទឹកដីកណ្ដាល តាមការសម្របសម្រួលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដែលបានកំណត់ឲ្យ ប្រកួតជាមួយក្រុម Bangkok United របស់ថៃ ក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup 2025/26 ដែលកំណត់លេងនាថ្ងៃទី២២ ខែមេសាខាងមុខ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

សូមរំឮកថា ជំនួប B នៃពានប្រចាំតំបន់ រវាងព្រះខ័នរាជស្វាយរៀង និងក្រុម Bangkok United ដំបូងឡើយត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ ប៉ុន្ដែជិត ២សប្ដាហ៍មុនការប្រកួតមកដល់ ព្រះខ័នរាជស្វាយរៀងបានចេញសេចក្ដីថ្លែងការណ៍ អំពីការសម្រេចពន្យាពេលការប្រកួត និងរៀបចំកាលវិភាគប្រកួតឡើងវិញរបស់ AFF បន្ទាប់ពីក្រុមមកពីលីគកំពូលថៃ បានបដិសេធធ្វើដំណើរមកប្រកួតនៅកម្ពុជា ដោយសារបារម្ភពីសុវត្ថិភាព ព្រោះបញ្ហាព្រំដែន។

រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នេះ ក្លិបព្រះខ័នរាជស្វាយរៀងបានចេញសេចក្ដីថ្លែងការណ៍មួយទៀត តាមរយៈអ្នកចាត់ការទូទៅក្លិបលោក Christopher Grant ដោយបកស្រាយអំពីការសម្រេចចិត្តលេងនៅទឹកដីកណ្ដាល តាមការសម្រេចរបស់ AFF បន្ទាប់ពីមានប្រតិកម្មជាច្រើនពីអ្នកគាំទ្រ ជុំវិញការកំណត់ និងយល់ព្រមលេងនៅទឹកដីកណ្ដាល។

ប្រភពខាងលើបានបញ្ជាក់ថា «បន្ទាប់ពីមានការប្រកាសជាផ្លូវការពី AFF ដែលបានបញ្ជាក់ថា ការប្រកួតពានរង្វាន់ Shopee Cup របស់យើងទល់នឹងក្រុម Bangkok United FC នឹងត្រូវធ្វើឡើងនៅទីក្រុងហាណូយ នាថ្ងៃទី២២ ខែមេសា យើងចង់ផ្តល់ការបកស្រាយឱ្យបានច្បាស់លាស់ជូនដល់អ្នកគាំទ្ររបស់យើង។ ជាដំបូងយើងយល់ច្បាស់ពីការខកចិត្ត និងអារម្មណ៍ជុំវិញស្ថានភាពមួយនេះ។ ខ្ញុំចង់បញ្ជាក់ឱ្យបានច្បាស់ថា ការសម្រេចចិត្តនេះ មិនមែនធ្វើឡើងដោយក្លិបនោះទេ។

ក្លិបរបស់យើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរៀបចំការប្រកួតនេះនៅក្នុងប្រទេសកម្ពុជា។ ជាការពិតណាស់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក យើងបានផ្តល់នូវផែនការពេញលេញ និងការធានាផ្សេងៗ ដើម្បីធានាថាការប្រកួត អាចត្រូវបានរៀបចំឡើងដោយសុវត្ថិភាព និងជោគជ័យ ដូចដែលយើងធ្លាប់បានធ្វើជាច្រើននៅពេលទទួលស្វាគមន៍ក្រុមអន្តរជាតិនានា។

ជាច្រើនដងកន្លងមកនេះ យើងក៏បានលើកឡើងពីកង្វល់អំពីផលប៉ះពាល់ផ្នែកកីឡានៃការសម្រេចចិត្តនេះ រួមមានការធ្វើដំណើរអន្តរជាតិបន្ថែម និងកាលវិភាគប្រកួតដ៏មមាញឹកដែលមានផលប៉ះពាល់ដល់ការសម្រាកការពារសុខុមាលភាព កីឡាករ និងសមត្ថភាពរបស់យើងក្នុងការដាក់កីឡាករខ្លាំងបំផុតចូលលេងក្នុងគ្រប់កម្មវិធីប្រកួត។ ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏ការសម្រេចចិត្តជាចុងក្រោយនៅតែត្រូវលេងនៅទឹកដីកណ្តាល»

ក្លិបតំណាងកម្ពុជាដដែលបន្ដថា «ក្នុងនាមជាក្លិបដែលចូលរួមក្នុងកម្មវិធីប្រកួតនេះ យើងតម្រូវឱ្យគោរពតាមបទប្បញ្ញត្តិផ្លូវការ។ ប្រសិនបើយើងបដិសេធមិន ចូលរួមប្រកួត វាអាចនឹងមានផលវិបាកធ្ងន់ធ្ងរដល់ក្លិបរួមមាន៖ ការផាកពិន័យជាប្រាក់រហូតដល់ ១,០០០,០០០ដុល្លារអាមេរិក, ការហាមឃាត់មិនឱ្យចូលរួមការប្រកួតផ្សេងៗរហូតដល់ ២ឆ្នាំ និងព្រមទាំងទណ្ឌកម្មបន្ថែមផ្សេងៗទៀត»

«ផលវិបាកទាំងនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្លិបបាល់ទាត់របស់យើង ដល់ក្លិបបាល់ទាត់របស់យើង។ ហើយយើងក៏បានជួបពិភាក្សាផ្ទៃក្នុងយ៉ាង លម្អិត និងបានវាយតម្លៃបញ្ហានេះតាមផ្នែកច្បាប់កីឡារផងដែរ។ ដោយសារតែផលវិបាកធ្ងន់ធ្ងរដែលអាចកើតមាន ចំពោះក្លិប យើងគ្មានជម្រើសអ្វីក្រៅពីចូលរួមការប្រកួតនោះទេ។ យើងសូមការយោគយល់ចំពោះស្ថានភាពដែលក្លិប កំពុងជួបប្រទះដែលវាមិនមែនជាកំហុសដោយសារក្លិបនោះទេ។ យើងតែងតែផ្តល់តម្លៃខ្ពស់ និងបន្តគោរពរាល់កង្វល់របស់អ្នកគាំទ្រយើងជានិច្ច។ ជាងពេលណាៗទាំងអស់ យើងត្រូវការការគាំទ្រពីអ្នកទាំងអស់គ្នា ខណៈពេលដែលយើងតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិនេះ។ សូមអរគុណ»

នេះគឺជាសេចក្ដីថ្លែងការណ៍ចុងក្រោយ ជុំវិញការប្រកួតបង្គ្រប់កិច្ច ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup 2025/26 ទោះបីក្រុមទាំងពីរ បានអស់ឱកាសប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយ៉ាងណាក្ដី៕