ជប៉ុនទម្លាក់លុយ ៣៨០លានដុល្លារឱ្យ Sony ពង្រីកផលិតកម្មសេនស័រ AI និងឡានស្វ័យប្រវត្តិ
17-04-2026 14:13
(បរទេស)៖ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់កញ្ចប់ថវិកាឧបត្ថម្ភដ៏ធំសន្ធឹកសន្ធាប់រហូតដល់ ៦០ ពាន់លានយ៉េន (ប្រមាណ ៣៨០ លានដុល្លារ) ដល់ក្រុមហ៊ុន Sony ដើម្បីគាំទ្រដល់ការកសាងរោងចក្រផលិតសេនស័ររូបភាព (Image Sensor) ថ្មីមួយនៅក្នុងខេត្ត Kumamoto។ ការសម្រេចចិត្តនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ជប៉ុន ក្នុងការរុញច្រានក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ឱ្យក្លាយជាអ្នកផ្គត់ផ្គង់ឈានមុខគេលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
ជុំវិញការវិនិយោគនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក Ryosei Akazawa បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយថា បន្ទះសេនស័ររូបភាពដែលប្រៀបដូចជា «ភ្នែកទិព្វ» របស់ម៉ាស៊ីន នឹងក្លាយជាគ្រឿងបង្គុំដែល «មិនអាចខ្វះបានសម្រាប់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ និងបញ្ញាសិប្បនិម្មិត AI»។ លោកបានបន្ថែមថា ការធានាឱ្យបាននូវការផ្គត់ផ្គង់សេនស័ររូបភាពប្រកបដោយស្ថិរភាព គឺជាកត្តាចាំបាច់បំផុតសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យានាពេលអនាគត។
ជាការកត់សម្គាល់ ក្រុមហ៊ុន Sony មិនត្រឹមតែមានឈ្មោះបោះសំឡេងក្នុងវិស័យកម្សាន្ត ដូចជា ហ្គេម PS5 ភាពយន្ត និងតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែ Sony ក៏ជា «ស្តេចត្រាញ់» ក្នុងបច្ចេកវិទ្យាសេនស័ររូបភាព ដែលកំពុងបំពាក់លើកាមេរ៉ាទូរស័ព្ទស្មាតហ្វូនដែលយើងប្រើប្រាស់រាល់ថ្ងៃផងដែរ។
គួរជម្រាបថា ការជំរុញផលិតកម្មនៅពេលនេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារសកល ដែលកំពុងត្រូវការបច្ចេកវិទ្យាមើលឃើញកាន់តែទំនើប និងឆ្លាតវៃ សម្រាប់បម្រើឱ្យវិស័យយានយន្តអគ្គិសនី និងមនុស្សយន្តជំនាន់ថ្មីដែលដើរដោយថាមពល AI៕









