យល់ដឹងកីឡា៖ អ៉ីតាលី បាត់បង់ចំណូលជាង ៣០លានដុល្លារ ដ្បិតខកខានទៅ World Cup ជាលើកទី៣

17-04-2026 14:13

(បរទេស)៖ ប្រទេសអ៉ីតាលី បានបន្តខកខានឡើងទៅលេងជុំចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ជាថ្មីម្តងទៀត និងជាលើកទី៣ ជាប់ៗគ្នា ដែលបណ្តាលឱ្យខាតបង់ប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ beinsports។

តាមការប៉ាន់ប្រមាណ សហព័ន្ធបាល់ទាត់អ៉ីតាលី FIGC (Italian Football Federation) មានការខាតបង់គិតជាប្រាក់ចំនួន ៣៤លានដុល្លារ ក្នុងរយៈពេលជាង ១ទសវត្សរ៍មកនេះ (១២ឆ្នាំ) ដែលពួកគេបានបាត់មុខពី World Cup ពោលគឺចាប់តាំងពីបង្ហាញខ្លួនលើកចុងក្រោយកាលឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល។

ការប៉ះពាល់ហិរញ្ញវត្ថុនេះដែរ អាចបណ្តាលមកពីកត្តាជាច្រើន តួយ៉ាងគឺ អ៉ីតាលីនឹងទទួលបានយ៉ាងហោចណាស់ ១០លានដុល្លារផងដែរពី FIFA ប្រសិនបើពួកគេមានកៅអីឡើងទៅលេង World Cup ១លើក និងច្រើនជាងនេះទៀត វាអាស្រ័យទៅលើការប្រកួតបន្តបន្ទាប់។

ប្រភពពីគេហទំព័រកីឡាខាងលើដដែលក៏បានបញ្ជាក់បន្ថែមថា អ៉ីតាលីក៏បានខាតបង់ប្រាក់ចំណូលពីដៃគូឧបត្ថម្ភនានា ប្រមាណជាង ១១លានដុល្លារថែមទៀតដែរ ពីការបរាជ័យលេងជម្រុះ World Cup ប្រចាំតំបន់អឺរ៉ុបមួយលើកៗទៀត ជាអ្វីដែលមិននឹកស្មានដល់ទាល់តែសោះ ក្នុងនាមអតីតជើង World Cup ៤សម័យកាលដែរនោះ។

ផលប៉ះពីកីឡានេះដែរ វាក៏អាចជះឥទ្ធិពលដល់ GDP នៅពេលដែលវិស័យបាល់ទាត់នៅប្រទេសស្ថិតនៅអឺរ៉ុបមួយនេះ មានការចាប់អារម្មណ៍ពីគ្រប់ស្រទាប់វណ្ណៈ៕