iPhone វ៉ាដាច់គេ! កើនឡើង ២០% នៅទីផ្សារចិន ខណៈក្រុមហ៊ុនដទៃកំពុងជួបបញ្ហា

18-04-2026 08:39

(បរទេស)៖ របាយការណ៍ថ្មីពី Counterpoint Research បានបង្ហាញថា ការនាំចេញទូរស័ព្ទ iPhone របស់ Apple ក្នុងទីផ្សារប្រទេសចិន បានហក់ឡើងដល់ ២០% ក្នុងត្រីមាសទី១ ឆ្នាំ២០២៦។ កំណើនដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងចំពេលដែលទីផ្សារស្មាតហ្វូនសរុបក្នុងប្រទេសចិនមានការធ្លាក់ចុះ ៤% ដោយសារការឡើងថ្លៃនៃបន្ទះឈីប និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្ខំឱ្យក្រុមហ៊ុនភាគច្រើនត្រូវដំឡើងថ្លៃលក់រាយរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

ក្នុងចំណោមគូប្រជែងទាំងអស់ មានតែ Apple និង Huawei ប៉ុណ្ណោះដែលនៅតែរក្សាកំណើនបាន។ លោក Ivan Lam អ្នកវិភាគជាន់ខ្ពស់នៅ Counterpoint Research បានពន្យល់ថា៖ «ខណៈពេលដែលគូប្រជែងភាគច្រើនដំឡើងថ្លៃ Apple លេចធ្លោជាងគេផ្នែកតម្លៃ (Value) ដោយសារអ្នកប្រើប្រាស់ចិនដឹងថា ផលិតផលរបស់ខ្លួនអាចប្រើប្រាស់បានយ៉ាងហោចណាស់ ៣ ឆ្នាំ»។ ភាពជឿជាក់លើគុណភាពនេះហើយ ទើបធ្វើឱ្យ Apple ទទួលបានចំណែកទីផ្សារដល់ទៅ ១៩% ឈរនៅលំដាប់ថ្នាក់លេខ២ បន្ទាប់ពី Huawei។

ស្របពេលជាមួយគ្នានេះ Huawei បានដណ្តើមតំណែងកំពូល (លេខ១) ជាមួយចំណែកទីផ្សារ ២០% ដោយសារតម្រូវការខ្លាំងលើស៊េរីកម្រិតថវិកា Enjoy 90 និងស៊េរីកម្រិតខ្ពស់។ ផ្ទុយទៅវិញ ក្រុមហ៊ុនដទៃទៀតដូចជា Xiaomi បានធ្លាក់ចុះការនាំចេញយ៉ាងគំហុករហូតដល់ ៣៥% រួមទាំង Oppo និង Honor ក៏មានការធ្លាក់ចុះដូចគ្នាដែរ ដោយសារការប្រកួតប្រជែងតម្លៃ និងការកើនឡើងនៃថ្លៃដើមផលិតកម្ម។

សម្រាប់ទស្សនវិស័យទៅថ្ងៃមុខ លោក Ivan Lam ព្យាករណ៍ថាទីផ្សារអាចនឹងជួបការលំបាកបន្ថែមទៀត ប៉ុន្តែលោកនៅតែមានជំនឿចិត្តលើក្រុមហ៊ុនយក្សទាំងពីរនេះ ដោយលោកបានបញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ យើងរំពឹងថា Apple និង Huawei នឹងមានស្ថានភាពល្អប្រសើរជាងគេ» ជាពិសេសតាមរយៈការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ ដែលចង់បានឧបករណ៍ដែលមានស្ថេរភាព និងតម្លៃសមស្រប៕