ចិនបង្ហាញបច្ចេកវិទ្យារបាំងការពារការកើនកម្តៅភ្លើងអាគុយថ្មី អាចធន់នឹងកម្ដៅ ១៣០០°C ដើម្បីពង្រឹងសុវត្ថិភាពរថយន្តអគ្គិសនី

18-04-2026 10:12

(បរទេស)៖ ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យបច្ចេកវិទ្យា Nanjing (Nanjing Tech University) បានបង្កើតសម្ភារៈអ៊ីសូឡង់ (insulation material) សម្រាប់អាគុយលីចូម ដែលអាចធន់នឹងកម្ដៅបានរហូតដល់ ១៣០០°C។ ការរកឃើញនេះ កើតឡើងចំពេលដែលឧស្សាហកម្មរថយន្តអគ្គិសនីចិន កំពុងបង្កើនស្ដង់ដារសុវត្ថិភាពឱ្យកាន់តែតឹងរ៉ឹង។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Science and Technology Daily បានឱ្យដឹងនាពេលថ្មីៗនេះ ។

សម្ភារៈថ្មីនេះ គឺជាបន្ទះអ៊ីសូឡង់ (insulation material) ដែលផលិតចេញពី (Silica Aerogel) ដែលត្រូវបានរចនាឡើងដើម្បីធ្វើការការឆ្លងកម្ដៅកាន់តែយឺតរវាងកោសិកាអាគុយ (Battery Cells) នៅពេលមានបាតុភូតចំហេះឡើងកម្ដៅ (Thermal Runaway)។ ដែលជាទូទៅ នៅពេលអាគុយមានបញ្ហា សីតុណ្ហភាពអាចហក់ឡើងកម្តោះខ្ពស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទី និងអាចរាលដាលទៅកាន់កោសិកាក្បែរខាងយ៉ាងលឿន។

អ្វីទៅជា Silica Aerogel? វាគឺជាសារធាតុរឹងដែលស្រាលបំផុតលើលោក ដែលត្រូវបានបង្កើតឡើងដោយការដកយកជាតិរាវចេញពី «ជែល Gel» ហើយជំនួសមកវិញដោយ «ឧស្ម័ន Gas» ជាលទ្ធផលវាក្លាយជាគ្រោងឆ្អឹងរឹងដែលមានរន្ធតូចៗកម្រិតណាណូ (Nano-pores) ជាច្រើន។ ធន់នឹងភ្លើងខ្លាំង វាមិនឆេះហើយអាចទប់កម្ដៅបានរហូតដល់ ១៣០០°C (ក្នុងបច្ចេកវិទ្យាថ្មី) មានទម្ងន់ស្រាលមិនធ្វើឱ្យឡានធ្ងន់ដែលជួយឱ្យឡានបើកបានចម្ងាយឆ្ងាយ និងការពារការឆ្លងកម្ដៅ (Thermal Runaway) ប្រសិនបើអាគុយមួយគ្រាប់មានបញ្ហាឆេះ (របាំង Aerogel) នេះ នឹងទប់មិនឱ្យកម្ដៅនោះឆ្លងទៅឆេះអាគុយគ្រាប់ផ្សេងទៀត។

ជាលទ្ធផលនៃការធ្វើតេស្ត បន្ទះដែលមានកម្រាស់ត្រឹមតែ ២,៣មីលីម៉ែត្រ ដែលបានដាក់តេស្តឱ្យរងកម្ដៅ ១០០០°C រយៈពេល ៥នាទី ប៉ុន្តែវាអាចរក្សាសីតុណ្ហភាពឱ្យនៅទាបជាង ១០០°C បាន។ ដូច្នេះសម្ភារៈអ៊ីសូឡង់ (insulation material) ឬអាចទៅថាគ្រឿងបង្គំថ្មីនេះអាចទប់ស្កាត់ការឆ្លងកម្ដៅបានរហូតដល់ ២ម៉ោង។

ខណៈបច្ចេកវិទ្យា Aerogel ជំនាន់មុន អាចធន់បានត្រឹមតែប្រហែល ៣០០°C ប៉ុណ្ណោះ ដែលវានៅទាបជាងកម្រិតកម្ដៅចំហេះជាក់ស្តែង (ចន្លោះពី ៦៥០°C ទៅ ១០០០°C ចំណែកបច្ចេកវិទ្យាថ្មីនេះ បានបង្កើនសមត្ថភាពទប់ទល់រហូតដល់ ១៣០០°C។

បើនិយាយពីរចនាសម្ព័ន្ធ ឬរូបរាងរបស់ Aerogel គឺជាបណ្ដាញរន្ធតូចៗកម្រិតណាណូ ដែលមានខ្យល់រហូតដល់ ៩៩% ដែលជួយកាត់កម្រិតការចម្លងកម្ដៅ។ ក្រុមស្រាវជ្រាវបានដោះស្រាយបញ្ហានេះ ឱ្យកាន់តែមានភាពងាតស្រួយ ដោយរចនាឱ្យមានភាពយឺតជាង ៩០% ដែលអនុញ្ញាតឱ្យបន្ទះនេះរក្សាសីតុណ្ហភាពកម្តៅបានល្អ ទោះបីជាគ្រាប់អាគុយមានការរីក ឬរួមមាឌនៅពេលដំណើរការក៏ដោយ។

ជាមួយការផលិតក្នុងទ្រង់ទ្រាយធំ ដើម្បីសម្រេចបាននូវការផលិតសម្រាប់ឧស្សាហកម្ម ក្រុមការងារបានប្រើប្រាស់ដំណើរការសម្ងួតដោយប្រើ Supercritical CO2។ ហើយបច្ចេកវិទ្យានេះជួយឱ្យគេអាចប្រើប្រាស់សារធាតុរំលាយ (Ethanol) ឡើងវិញបានជាង ៩៩,៥% ដែលកាត់បន្ថយថ្លៃដើមនៃវត្ថុធាតុដើមបានច្រើនជាងពាក់កណ្តាល។

សូជម្រាបផងថា ការរកឃើញថ្មីនេះ ស្របពេលដែលរដ្ឋាភិបាលប្រទេសចិន ត្រៀមដាក់ចេញនូវស្ដង់ដារសុវត្ថិភាពអាគុយថ្មី «គ្មានការឆេះ គ្មានការផ្ទុះ» (No fire, No explosion) ដែលនឹងត្រូវអនុវត្តជាកំហិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៦។ ហើយគោលការណ៍ស្ដង់ដារថ្មីនេះតម្រូវឱ្យអាគុយត្រូវតែរក្សាសុវត្ថិភាពឱ្យបាន ២ម៉ោង បន្ទាប់ពីមានបញ្ហាកម្ដៅ ដើម្បីទុកពេលឱ្យអ្នកដំណើរចាកចេញបានដោយសុវត្ថិភាព។

ជាការកត់សម្គាល់ទាក់ទងនិងទិន្នន័យទីផ្សារអាគុយចិន ហើយគិតត្រឹមខែមីនា ឆ្នាំ២០២៦ ការដំឡើងអាគុយសរុបសម្រេចបាន ៥៦,៥ GWh។ គ្រាដែលអាគុយប្រភេទ LFP នៅតែគ្រប់គ្រងទីផ្សារធំជាងគេគឺប្រមាណ ៨១,១% (ស្មើនឹង ៤៥,៨ GWh) ខណៈអាគុយប្រភេទ NMC មានចំណែក ១០,៧% ក្នុងទីផ្សារ។

សូមបញ្ជាក់ផងថា GWh គឺមកពីពាក្យ Gigawatt-hour (ហ្គីហ្គាវ៉ាត់-ម៉ោង) វាគឺជាខ្នាតរង្វាស់ទៅលើថាមពលអគ្គិសនី ក្នុងកម្រិតដ៏ខ្ពស់ដែលគេប្រើសម្រាប់សម្រាប់វាស់វែងសមត្ថភាពផលិតថាមពលរបស់រោងចក្រអគ្គិសនី ឬវាស់វែងបរិមាណសរុបនៃគ្រាប់អាគុយរថយន្តអគ្គិសនីនៅក្នុងទីផ្សារ។

សរុបជារួមមក បន្ទះអ៊ីសូឡង់ការពារកម្តៅប្រភេទថ្មីនេះ ដែលផលិតពី Silica Aerogel គឺសម្រាប់ដាក់ចន្លោះគ្រាប់អាគុយរថយន្តអគ្គិសនី វាមានតួនាទី ទប់ស្កាត់មិនឱ្យមានចរន្តភ្លើងឆេះរាលដាលលឿនពីគ្រាប់អាគុយមួយទៅគ្រាប់អាគុយមួយទៀត នៅពេលមានបញ្ហាឆ្លងចរន្ត ឬកើនកម្ដៅខ្លាំង៕