Meta ត្រៀមបញ្ឈប់បុគ្គលិកជិត ៨,០០០ នាក់ទៀតក្នុងខែឧសភា ខណៈលោក Mark Zuckerberg ងាកមកពង្រឹងផ្នែក AI ជំនួសវិញ
18-04-2026 11:12
(បរទេស)៖ ក្រុមហ៊ុន Meta ដែលជាម្ចាស់ Facebook និង Instagram កំពុងធ្វើឱ្យពិភពបច្ចេកវិទ្យាមានការភ្ញាក់ផ្អើលជាថ្មី ដោយគ្រោងនឹងបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំក្នុងរលកទីមួយនៅថ្ងៃទី ២០ ខែឧសភាខាងមុខនេះ។ បើយោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា បុគ្គលិកប្រហែល ៨,០០០ នាក់ (ស្មើនឹង ១០% នៃបុគ្គលិកសរុប) នឹងត្រូវបាត់បង់ការងារក្នុងដំណាក់កាលដំបូងនេះ ហើយការកាត់បន្ថយនឹងបន្តធ្វើឡើងបន្ថែមទៀតរហូតដល់ចុងឆ្នាំ ២០២៦។
មូលហេតុចម្បងនៃការកាត់បន្ថយនេះ គឺដោយសារលោក Mark Zuckerberg កំពុងសម្រុកបោះទុនរាប់ពាន់លានដុល្លារលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយលោកមានគោលដៅចង់ «ផ្លាស់ប្តូរទម្រង់ការងារផ្ទៃក្នុងរបស់ក្រុមហ៊ុនយ៉ាងខ្លាំងក្លា»។ ថ្នាក់ដឹកនាំ Meta យល់ឃើញថា ការប្រើប្រាស់ AI មកជួយការងារ នឹងធ្វើឱ្យក្រុមហ៊ុនដើរលឿនជាងមុន និងមានប្រសិទ្ធភាពជាងមុន ដោយមិនចាំបាច់មានបុគ្គលិកច្រើនជាន់ថ្នាក់ស្មុគស្មាញដូចមុនឡើយ។ ជាក់ស្តែង វិស្វករជាច្រើនត្រូវបានផ្ទេរទៅកាន់ផ្នែក «Applied AI» ដើម្បីបង្កើតប្រព័ន្ធឆ្លាតវៃដែលអាចសរសេរកូដ និងដោះស្រាយការងារស្មុគស្មាញដោយស្វ័យប្រវត្តិជំនួសមនុស្ស។
និន្នាការ «យក AI ជំនួសមនុស្ស» នេះ កំពុងក្លាយជា «គំរូទូទៅក្នុងចំណោមក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិក»។ មិនមែនមានតែ Meta ទេ សូម្បីតែក្រុមហ៊ុនយក្ស Amazon និងក្រុមហ៊ុនហិរញ្ញវត្ថុ Block ក៏បានបញ្ឈប់បុគ្គលិករាប់ម៉ឺននាក់រួចទៅហើយ ដោយយោងលើហេតុផលដូចគ្នាគឺ៖ យក AI មកធ្វើការដើម្បីចំណេញពេលវេលា និងថវិកា។
គួរជម្រាបថា បើទោះបីជាកាលពីឆ្នាំមុន Meta រកចំណេញបានរហូតដល់ ៦០ ពាន់លានដុល្លារ និងមានស្ថានភាពហិរញ្ញវត្ថុរឹងមាំក៏ដោយ ប៉ុន្តែយុទ្ធសាស្ត្រថ្មីនេះបានបង្ហាញយ៉ាងច្បាស់ថា នៅក្នុងយុគសម័យបច្ចេកវិទ្យាថ្មី កម្លាំងមនុស្សលែងជាអាទិភាពទីមួយទៀតហើយ ពោលគឺ AI នឹងក្លាយជាអ្នកក្តាប់វាសនានៃការងារនាពេលអនាគតវិញម្តង៕











