Apple ឈ្នះក្តីជាថ្មី! តុលាការអាមេរិកច្រានចោលការទាមទារបិទការនាំចូល Apple Watch

18-04-2026 13:15

(បរទេស)៖ តុលាការពាណិជ្ជកម្មសហរដ្ឋអាមេរិក (ITC) បានសម្រេចក្តីឱ្យក្រុមហ៊ុន Apple ឈ្នះនៅក្នុងជម្លោះផ្លូវច្បាប់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រ Masimo ដែលបានព្យាយាមស្នើសុំឱ្យមានការដាក់បម្រាមនាំចូលនាឡិកា Apple Watch ជាថ្មីម្តងទៀត។ តុលាការបានសម្រេចបិទសំណុំរឿងនេះ បន្ទាប់ពីរកឃើញថា នាឡិកា Apple Watch ដែលត្រូវបានរចនាឡើងវិញ គឺមិនបានរំលោភលើប៉ាតង់បច្ចេកវិទ្យាវាស់កម្រិតអុកស៊ីសែនក្នុងឈាមរបស់ Masimo ឡើយ។

ឆ្លើយតបនឹងជ័យជម្នះនេះ ក្រុមហ៊ុន Apple បានថ្លែងអំណរគុណដល់តុលាការ និងបានបញ្ជាក់ថា៖ «ការសម្រេចនេះធានាថា យើងអាចបន្តផ្តល់មុខងារសុខភាពដ៏សំខាន់នេះដល់អ្នកប្រើប្រាស់របស់យើង។ អស់រយៈពេលជាង ៦ ឆ្នាំមកហើយ ដែល Masimo បានធ្វើការវាយប្រហារតាមផ្លូវច្បាប់មកលើ Apple មិនឈប់ឈរ ហើយការចោទប្រកាន់ស្ទើរតែទាំងអស់របស់ពួកគេត្រូវបានច្រានចោល»។ ការសម្រេចនេះបានជួយឱ្យ Apple រួចផុតពីបម្រាមនាំចូល ដែលធ្លាប់បានប៉ះពាល់ដល់ការលក់នាឡិកា Series 9 និង Ultra 2 កាលពីចុងឆ្នាំមុន។

ដើមចមនៃជម្លោះនេះ កើតឡើងដោយសារ Masimo ចោទ Apple ថាបានលួចបច្ចេកវិទ្យាវាស់អុកស៊ីសែនតាមរយៈការទិញទឹកចិត្តបុគ្គលិករបស់ខ្លួន។ ដើម្បីជៀសវាងបម្រាម Apple បានកែសម្រួលបច្ចេកវិទ្យានេះ ដោយតម្រូវឱ្យទិន្នន័យសុខភាពបង្ហាញនៅលើ iPhone ជំនួសឱ្យការបង្ហាញផ្ទាល់លើនាឡិកាវិញ ដែលការផ្លាស់ប្តូរនេះត្រូវបានអាជ្ញាធរគយអាមេរិកយល់ព្រម។ ទោះបីជាយ៉ាងណាក៏ដោយ ជម្លោះរវាងក្រុមហ៊ុនយក្សទាំងពីរនេះនៅមិនទាន់ចប់សព្វគ្រប់ឡើយ ដោយសារនៅមានបណ្តឹងពាក់ព័ន្ធនឹងការលួចអាថ៌កំបាំងពាណិជ្ជកម្មផ្សេងទៀត ដែលកំពុងស្ថិតក្នុងដំណើរការកាត់ក្តីនៅឡើយ។

គួរជម្រាបថា ជ័យជម្នះក្នុងសប្តាហ៍នេះ គឺជាដង្ហើមដ៏សំខាន់សម្រាប់ Apple ក្នុងការបន្តចរាចរផលិតផលនាឡិកាឆ្លាតវៃរបស់ខ្លួននៅលើទីផ្សារអាមេរិក ខណៈដែលក្រុមហ៊ុន Masimo នៅតែមានសិទ្ធិប្តឹងឧទ្ធរណ៍បន្តទៀត ប្រសិនបើពួកគេមិនសុខចិត្តនឹងការសម្រេចនេះ៕