ចិនត្រៀមបង្កើនសន្ទុះមហិច្ឆតាអវកាស តាមរយៈការបង្កើត «ទីក្រុងរណប» ថ្មីនៅឆ្នាំ ២០២៦

18-04-2026 16:41

(បរទេស)៖ មហិច្ឆតាអវកាសរបស់ចិនកាន់តែមានសន្ទុះខ្លាំង បន្ទាប់ពីក្រុងប៉េកាំងប្រកាសត្រៀមបញ្ចប់ការសាងសង់តំបន់ស្នូលនៃ «ទីក្រុងរណប» (Satellite Town) នៅពាក់កណ្តាលឆ្នាំ ២០២៦ ខាងមុខ។ មជ្ឈមណ្ឌលថ្មីនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិត និងប្រតិបត្តិករផ្កាយរណប ដើម្បីពង្រឹងខ្សែចង្វាក់ផលិតកម្មឱ្យកាន់តែរឹងមាំ និងឆ្ពោះទៅរកការប្រកួតប្រជែងលំដាប់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមេសា​ ឆ្នាំ២០២៦។

បច្ចុប្បន្ន វិស័យអវកាសពាណិជ្ជកម្មចិនបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយការបាញ់បង្ហោះរហូតដល់ជាង ៦០% គឺជាប្រតិបត្តិការបែបពាណិជ្ជកម្ម។ លោក Gao Yibin ប្រធានផ្នែកស្រាវជ្រាវយុទ្ធសាស្ត្រនៃក្រុមហ៊ុន Future Aerospace បានលើកឡើងថា ទីផ្សារដែលមានតម្លៃរាប់ពាន់លានយ័ននេះ កំពុងដើរទៅមុខយ៉ាងលឿនតាមរយៈ «ការអនុម័តការបាញ់បង្ហោះកាន់តែឆាប់រហ័ស និងការចាក់បញ្ចូលទុនឥតឈប់ឈរ» ដែលវានឹងជួយឱ្យចិនអាចគ្រប់គ្រងបច្ចេកវិទ្យាសំខាន់ៗដូចជា អ៊ីនធឺណិតផ្កាយរណប និងប្រព័ន្ធ 6G នាពេលអនាគត។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ការដាក់ឱ្យប្រើប្រាស់នូវបណ្តាញផ្កាយរណបគន្លងទាប និងការតភ្ជាប់បច្ចេកវិទ្យា 6G ទាំងលើដី និងអាកាស «បង្ហាញឱ្យឃើញថា ឧស្សាហកម្មនេះនឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លានៅឆ្នាំ ២០២៦»។ ការបង្កើតទីក្រុងរណបនេះ នឹងក្លាយជាគ្រឹះដ៏សំខាន់ក្នុងការជំរុញឱ្យមានរំហូរធនធានមនុស្ស មូលធន និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

គួរជម្រាបថា ការសម្រេចបាននូវគម្រោងទីក្រុងរណបនេះ មិនត្រឹមតែជាការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាជាការត្រៀមខ្លួនរបស់ចិន ក្នុងការនាំមុខគេលើការតភ្ជាប់បច្ចេកវិទ្យាអវកាស និងអ៊ីនធឺណិតជំនាន់ថ្មី ដែលនឹងផ្លាស់ប្តូរមុខមាត់ឧស្សាហកម្មអវកាសពិភពលោកទាំងមូល៕