យល់ដឹងផ្នែកច្បាប់៖ បុត្រសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មបរទេស

19-04-2026 21:20

(ភ្នំពេញ)៖ នៅក្នុងយុគសម័យសកលភាវូបនីយកម្ម ក្រុមហ៊ុនពាណិជ្ជកម្មមាននិន្នាការពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនទៅកាន់បណ្តាប្រទេសនានា ដើម្បីពង្រឹងសមត្ថភាពនៃការប្រកួតប្រជែង និងពង្រីកទីផ្សារ។ ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រះរាជាណាចក្រកម្ពុជាបានបង្កើតច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេសនោះគឺច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកិច្ច និងលើកទឹកចិត្តដល់វិនិយោគិនបរទេស។ ច្បាប់នេះអនុញ្ញាតឱ្យក្រុមហ៊ុនពាណិជ្ជកម្មបរទេសអាចបង្កើត និងដំណើរការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈបែបបទនានា ក្នុងនោះរួមមានបុត្រសម្ព័ន្ធផងដែរ។

ដូច្នេះ តើបុត្រសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មបរទេសមានលក្ខណៈដូចម្តេច?

ដើម្បីបកស្រាយនូវចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ ស្តីពី «បុត្រសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មបរទេស» មកបកស្រាយជូនសិស្ស និស្សិត និងសាធារណជន ដូចខាងក្រោម៖

មុនឈានដល់ការបកស្រាយនូវ ប្រធានបទខាងលើ សូមស្វែងយល់អំពីនិយមន័យនៃ «ក្រុមហ៊ុនពាណិជ្ជកម្មបរទេស» ជាមុនសិន។ យោងតាមមាត្រា ២៧១ ថ្មី នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០២២ «ក្រុមហ៊ុនពាណិជ្ជកម្មបរទេស» គឺជាក្រុមហ៊ុនដែលបង្កើតឡើងក្រោមច្បាប់នៃប្រទេសដទៃ មានទីតាំងពាណិជ្ជកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនពាណិជ្ជកម្មបរទេស អាចមានទីតាំងធ្វើពាណិជ្ជកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជាបាន តាមបែបបទផ្សេងៗដូចជា ការិយាល័យតំណាងពាណិជ្ជកម្ម ឬការិយាល័យទំនាក់ទំនងពាណិជ្ជកម្ម សាខាក្រុមហ៊ុនពាណិជ្ជកម្ម និងបុត្រសម្ព័ន្ធ។

យោងតាមច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥ បុត្រសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មបរទេស គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយក្រុមហ៊ុនពាណិជ្ជកម្មបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដែលមានភាគហ៊ុនយ៉ាងតិច ៥១ (ហាសិបមួយ) ភាគរយ ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនពាណិជ្ជកម្មបរទេសនោះ។

បុត្រសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មបរទេស មាននីតិបុគ្គលិកលក្ខណៈដាច់ដោយឡែកពីក្រុមហ៊ុនដើម ចាប់ពីកាលបរិច្ឆេទចុះបញ្ជីពាណិជ្ជកម្ម តាមច្បាប់ ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។ បុត្រសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មបរទេស អាចត្រូវបានបង្កើតឡើងក្នុងទម្រង់ជា ក្រុមហ៊ុនសហកម្មសិទ្ធិ ឬជាក្រុមហ៊ុនមូលធន។

បុត្រសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មបរទេស អាចធ្វើគ្រប់សកម្មភាពពាណិជ្ជកម្មជាមុខរបរជាប្រចាំរបស់ខ្លួន ដូចក្រុមហ៊ុនពាណិជ្ជកម្មក្នុងស្រុកដែរ លើកលែងតែសកម្មភាពណា ដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជាហាមឃាត់ចំពោះរូបវន្តបុគ្គល និងនីតិបុគ្គលបរទេស។ ឧទាហរណ៍៖ បុត្រសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មបរទេស មិនអាចក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លីបានឡើយ ព្រោះត្រូវបានច្បាប់ហាមឃាត់។ យោងតាមមាត្រា ៤៤ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា មានតែរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។

សរុបមក បុត្រសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មបរទេស គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយក្រុមហ៊ុនពាណិជ្ជកម្មបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានភាគហ៊ុនយ៉ាងតិច ៥១ (ហាសិបមួយ) ភាគរយ ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនពាណិជ្ជកម្មបរទេសនោះ ហើយអាចធ្វើគ្រប់សកម្មភាពពាណិជ្ជកម្មជាមុខរបរជាប្រចាំរបស់ខ្លួន ដូចក្រុមហ៊ុនពាណិជ្ជកម្មក្នុងស្រុកដែរ លើកលែងតែសកម្មភាពណា ដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជាហាមឃាត់ចំពោះរូបវន្តបុគ្គល និងនីតិបុគ្គលបរទេសតែប៉ុណ្ណោះ៕

រៀបរៀងដោយ៖ កញ្ញា សាន់ រតនា ជាប្រធានផ្នែកសេវាកម្មច្បាប់ និងលោក ភា ពិសិដ្ឋ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕