Bayern ត្រូវបានប្រកាសជាជើងឯកលីគ Bundesliga និងស្ថិតលើផ្លូវឈ្នះពាន៣ រដូវកាលនេះទៀតផង
20-04-2026 09:56
(បរទេស)៖ ក្រុមបាល់ទាត់ Bayern Munich បានក្លាយជាជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga 2025-26 ជាស្ថាពរមុនបិទរដូវកាលដែលនៅសល់ ៦សប្តាហ៍ទៀត ក្រោយយកឈ្នះ Stuttgart ៤-២ ក្នុងកីឡដ្ឋាន Allianz Arena របស់ពួកគេកាលពីរាត្រីថ្ងៃអាទិត្យរួចមក។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាលើកទី៣៥ សម្រាប់ក្រុមខ្លារខិនក្នុងការគ្រប់គ្រងពាន Bundesliga ច្រើនជាងគេផងដែរ ដ្បិតក្រុមលេខ២ Borussia Dortmund បានបរាជ័យក្នុងផ្ទះរបស់ Hoffenheim កាលពីរាត្រីថ្ងៃសៅរ៍ មុនពេលក្រុមរបស់លោក Vincent Kompany ត្រូវការលទ្ធផលត្រឹមស្មើប៉ុណ្ណោះយប់មិញទល់នឹង Stuttgart ដើម្បីបន្តការពារតំណែងជើងឯកបានសម្រេចផងនោះ។
ពួកគេបានឈ្នះជើងឯក Bundesliga ជាលើកទី១៣ ក្នុងចំណោម ១៤សម័យកាលចុងក្រោយនេះ បន្ទាប់ពី Bayer Leverkusen ដណ្តើមបានលើកដំបូងនារដូវកាល ២០២៣-២៤ ស្ថិតក្រោមការដឹកនាំរបស់លោក Xabi Alonso ដែលលេង ៣៦ប្រកួតពេញ ១រដូវកាលមិនចាញ់សោះ។
នេះមានន័យថា Bayern ក៏បានកំពុងស្ថិតលើផ្លូវឆ្ពោះទៅកាន់តំណែងជើងឯក ៣ពានសម្រាប់រដូវកាលនេះផងដែរ តាមរយៈស្ថិតក្រោមការបង្វឹករបស់បុរសសញ្ជាតិប៊ែលហ្ស៊ិកខាងលើ នៅពេលពួកគេឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ German Cup ទល់នឹង Bayer Leverkusen និងស្ថិតក្នុងវគ្គនេះដូចគ្នាក្នុងពានអឺរ៉ុប UEFA Champions League 2025-26 ទល់នឹងម្ចាស់ការពារតំណែងជើងឯក Paris Saint Germain ទៀតផង៕



