ទីភ្នាក់ងារសន្តិសុខអាមេរិកកំពុងប្រើប្រាស់ Mythos របស់ក្រុមហ៊ុន Anthropic ទោះបីជាមានការហាមឃាត់ក៏ដោយ
20-04-2026 10:18
(បរទេស)៖ ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) កំពុងប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) Mythos Preview របស់ក្រុមហ៊ុន Anthropic បើទោះបីជាមន្ទីរបញ្ចកោណ បានកំណត់ក្រុមហ៊ុននេះជាផ្លូវការថាជា «ហានិភ័យដល់ខ្សែសង្វាក់ផ្គត់ផ្គង់» ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Axios កាលពីថ្ងៃអាទិត្យកន្លងទៅ។
សារព័ត៌មាន Axios បានឱ្យដឹងដោយស្រង់សម្តីពីប្រភពនានាថា ម៉ូដែល Mythos Preview កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងក្រសួង។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មាន Reuters មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះបានភ្លាមៗនៅឡើយទេ។ ចំណែកឯក្រុមហ៊ុន Anthropic, ទីភ្នាក់ងារ NSA និងក្រសួងការពារជាតិ ក៏មិនទាន់មានការឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយដែរ។ សូមបញ្ជាក់ថា NSA គឺជាផ្នែកមួយនៃក្រសួងការពារជាតិអាមេរិក។
កាលពីសប្តាហ៍មុន រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងនាយកប្រតិបត្តិក្រុមហ៊ុន Anthropic បានពិភាក្សាគ្នាអំពីការធ្វើការងាររួមគ្នាជាលើកដំបូង ចាប់តាំងពីមានជម្លោះកាលពីដើមឆ្នាំនេះ រវាងមន្ទីរបញ្ចកោណ និងក្រុមហ៊ុន AI មួយនេះ ជុំវិញបញ្ហានៃរបៀបដែលម៉ូដែលរបស់ក្រុមហ៊ុនគួរត្រូវបានយកទៅប្រើប្រាស់។ ការពិភាក្សានេះបានកើតឡើងចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ម៉ូដែលចុងក្រោយបង្អស់របស់ក្រុមហ៊ុនគឺ Mythos នឹងជួយពង្រឹងសមត្ថភាពនៃការវាយប្រហារតាមអ៊ីនធឺណិត (Cyberattacks) ឱ្យកាន់តែខ្លាំង។
ក្រុមហ៊ុន Anthropic ធ្លាប់បានលើកឡើងថា នេះគឺជាម៉ូដែលដែលមានសមត្ថភាពបំផុតរបស់ខ្លួនសម្រាប់ការសរសេរកូដ (Coding) និងកិច្ចការងារបែបភ្នាក់ងារស្វ័យប្រវត្តិ (Agentic tasks) ដែលសំដៅលើសមត្ថភាពរបស់ម៉ូដែលក្នុងការធ្វើសកម្មភាពដោយឯករាជ្យ។ អ្នកជំនាញបានព្រមានថា សមត្ថភាពសរសេរកូដក្នុងកម្រិតខ្ពស់របស់វា អាចផ្តល់លទ្ធភាពដែលមិនធ្លាប់មានពីមុនមក ក្នុងការស្វែងរកចំនុចខ្សោយនៃប្រព័ន្ធសន្តិសុខសាយប័រ និងបង្កើតវិធីសាស្ត្រដើម្បីវាយប្រហារចូលទៅក្នុងប្រព័ន្ធទាំងនោះ៕









