លោក ណម វិស្សុត ត្រូវបានជ្រើសរើសជា អ្នកដឹកនាំវ័យក្មេងពិភពលោក ប្រចាំឆ្នាំ២០២៦ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក

20-04-2026 10:30

(ភ្នំពេញ)៖ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ ត្រូវបានជ្រើសរើសជា អ្នកដឹកនាំវ័យក្មេងពិភពលោក (Young Global Leaders) ប្រចាំឆ្នាំ ២០២៦ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដែលនឹងត្រូវចូលរួមនៅក្នុងបណ្តាញសកលនៃបុគ្គលដឹកនាំឆ្នើមអាយុ ៤០ឆ្នាំ និងក្រោមអាយុ ៤០ ឆ្នាំ តាមរយៈការទទួលស្គាល់នូវសមិទ្ធផលការងារ ភាពជាអ្នកដឹកនាំដែលផ្ដោតលើប្រយោជន៍រួម និងសមត្ថភាពពិសេស ក្នុងការរៀបចំផែនការតម្រង់ទិសដៅសម្រាប់អនាគតឱ្យកាន់តែល្អប្រសើរ។

ការជ្រើសរើសលោក ណម វិស្សុត បានបង្ហាញឱ្យឃើញពីសក្ដានុពលរីកចម្រើននៃអ្នកដឹកនាំកម្ពុជាជំនាន់ថ្មី ដែលកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងវិថីប្រសព្វរវាង វិស័យធុរកិច្ច កិច្ចការអភិវឌ្ឍជាតិ និងកិច្ចការអន្តរជាតិ។ ក្នុងនាមជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា លោកបានដឹកនាំក្រុមហ៊ុន ដោយផ្តោតលើវិន័យប្រតិបត្តិការ ការរីកចម្រើនប្រកបដោយចីរភាព និងការតភ្ជាប់ជើងហោះហើរក្នុងតម្លៃសមរម្យ ខណៈពេលកំពុងមានតួនាទីជាសមាជិកដ៏សំខាន់មួយរូប ក្នុងក្រុមប្រឹក្សា សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ផងដែរ។

ការជ្រើសរើសជាសកល ចំពោះកិត្យានុភាពដ៏ល្បីល្បាញ ក្នុងការប្រមូលផ្តុំអ្នកដឹកនាំ ក្រុមបណ្តាញអ្នកដឹកនាំវ័យក្មេងពិភពលោក ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៤ បានពង្រីកបណ្តាញសមាជិកលើសពី ១,៤០០នាក់ និងមានសមាជិករៀមច្បងប្រមាណ១២០ ជាតិសាសន៍ រួមមានសុទ្ធសឹងជាប្រមុខរដ្ឋ រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាល ប្រធានក្រុមហ៊ុន សហគ្រិន អ្នកច្នៃប្រឌិត សិល្បករ អ្នកអប់រំ និងអ្នកដឹកនាំសង្គមស៊ីវិលជាដើម។ លើសពីនេះទៅទៀត ការជ្រើសរើសនេះ កាន់តែមានតម្លៃទ្វេដងតាមរយៈកិត្យានុភាព នៃវេទិកាសេដ្ឋកិច្ចពិភពលោក និងកម្រិតនៃភាពល្បីល្បាញនៃសមាជិកជាធនធាន ដែលមិនអាចកាត់ថ្លៃបានមានដូចជា ប្រធានាធិបតីបារាំង Emmanuel Macron មហាសេដ្ឋីជំនួញចិន Jack Ma ដែលជាសហស្ថាបនិកក្រុមហ៊ុន Alibaba Group និងលោក Tan Sri Tony Fernandes ជាសហស្ថាបនិកក្រុមហ៊ុន AirAsia និងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Capital A Group ជាដើម។

ដំណើរការជ្រើសរើសនេះ ត្រូវបានធ្វើឡើងក្រោមលក្ខខណ្ឌយ៉ាងតឹងរ៉ឹង និងម៉ត់ចត់បំផុត ដើម្បីស្វែងរកអ្នកដឹកនាំដែលលេចធ្លោពិតប្រាកដ ពីគ្រប់វិស័យ តំបន់ និងស្ថាប័នផ្សេងៗ។ លោក ណម វិស្សុត បានក្លាយជាជនជាតិខ្មែរទីបួន ដែលបានជ្រើសរើសជាអ្នកដឹកនាំវ័យក្មេងពិភពលោក នៅក្នុងនោះមានថ្នាក់ដឹកនាំមានឥទ្ធិពលដែលដូចជាលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលនៃធនាគារជាតិកម្ពុជា ដែលត្រូវបានជ្រើសរើសជាអ្នកដឹកនាំវ័យក្មេងពិភពលោកកាលពីឆ្នាំ ២០១៩ ជាដើម។

បញ្ជីឈ្មោះអ្នកដឹកនាំវ័យក្មេងប្រចាំឆ្នាំ២០២៦ នេះមានសមាជិកសរុបប្រមាណ ១១៨ រូប ជាធនធានកម្រដែលមានបទពិសោធន៍ ចំណេះដឹង និងមានឥទ្ធិពលមកពីបណ្តាស្ថាប័នហិរញ្ញវត្ថុទូទាំងពិភពលោក រួមមានលោក Yazeed Alumbarak ជាប្រធាននាយក នៃក្រុមហ៊ុនផ្តល់សេវាកម្មវិនិយោគ និងគ្រប់គ្រងហិរញ្ញវត្ថុ BlackRock លោកស្រី Sabina Ceric ប្រធាននាយកក្រុមហ៊ុនផ្តល់សេវាកម្មវិនិយោគក្នុង
វិស័យធនគារ និងហិរញ្ញវត្ថុ Goldman Sachs ព្រមទាំងថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈមានដូចជា លោកស្រី Kristrún Frostadóttir នាយករដ្ឋមន្រ្តីនៃប្រទេស Iceland និង លោកស្រី Verena Hubertzរដ្ឋមន្ត្រីសហព័ន្ធទទួលបន្ទុកផ្នែកគោលនយោបាយលំនៅដ្ឋាន រៀបចំនគរូបនីយកម្ម និងសំណង់ នៃប្រទេសអាល្លឺម៉ង់។

នៅក្នុងប្រសាសន៍ដ៏មានអត្ថន័យមួយ លោក ណម វិស្សុត បានបញ្ជាក់ថា៖ «ខ្ញុំទទួលបានការជ្រើសរើសជា អ្នកដឹកនាំវ័យក្មេងពិភពលោក ជាមួយភាពម៉ឺងម៉ាត់ និងសេចក្តីអំណរ។ សម្រាប់ខ្ញុំ សមិទ្ធផលនេះមិនមែនជាជោគជ័យផ្ទាល់ខ្លួនទេ ប៉ុន្តែនេះគឺជាការឆ្លុះបញ្ចាំង ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា និងការចូលរួមចំណែករបស់ក្រុមការងារ Allstars របស់ ក្រុមហ៊ុនអ៊ែរអេស៊ា ខេមបូឌា ដោយមានការជឿជាក់ពីម្ចាស់ភាគហ៊ុនទាំងអស់ រួមមានការគ្រាំទ្រពីដៃគូសហការដ៏ទៃទៀត ក៏ដូចជាការជួយជ្រោមជ្រែងពីក្រុមហ៊ុន AirAsia Group ព្រមទាំងការជួយជំរុញគាំទ្រពីសំណាក់អតិថិជន និងក្រុមគ្រួសារដែលតែងតែបន្តជាផ្នែកមួយដ៏សំខាន់នៃបេសសកម្មរបស់ យើងទាំងអស់គ្នា។ ជាមួយគ្នានេះដែរ សមិទ្ធផលនេះ ក៏បានមកពីបទពិសោធន៍ដ៏មានតម្លៃដែលខ្ញុំទទួលបានពីបុគ្គល និងស្ថាប័ន ដែលខ្ញុំធ្លាប់បានរួមការងារជាមួយកន្លងមកផងដែរ»

បន្ថែមពីនេះ លោក ណម វិស្សុត បានសង្ឃឹមថា នឹងប្រើគេហទំព័រនេះជាមួយភាពទំនួលខុសត្រូវ និងមានលក្ខណៈស្ថាបនា ដើម្បីចូលរួមចំណែកក្នុងកិច្ចពិភាក្សាលើការផ្សារភ្ជាប់ទំនាក់ទំនង ការបង្កើតឱកាសថ្មីៗ និងការជំរុញកំណើនប្រកបដោយចីរភាព ព្រមទាំងតំណាងឱ្យកម្ពុជាប្រកបដោយភាពសុចរិត និងផែនការច្បាស់លាស់៕