Man City បន្ថយគំលាតពី Arsenal មកនៅត្រឹម ៣ពិន្ទុវិញ ក្រោយឈ្នះក្រុមកាំភ្លើងធំ ២-១ ក្នុងសប្តាហ៍ទី៣៣
20-04-2026 10:32
(ឡុងដ៍)៖ តាមរយៈជ័យជម្នះ ២-១ ទៅលើគូប្រជែងកាំភ្លើងធំ Arsenal បានញាំងឱ្យក្រុម Manchester City បានរំកិលមកក្បែរក្រុមកំពូលតារាងជាមួយនឹងគំលាតត្រឹមតែ ៣ពិន្ទុវិញ គិតត្រឹមសប្តាហ៍ទី៣៣ ជើងទី២ នៃលីគកំពូលអង់គ្លេស Premier League 2025-26។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធអន្តរជាតិន័រវេស Erling Haaland ជាអ្នករកបានគ្រាប់ជ័យជម្នះ ២-១ ក្នុងកីឡដ្ឋាន Etihad ដែលស្ថិតក្នុងទីក្រុង Manchester កាលពីរាត្រីថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពី Kai Havertz បានបញ្ចប់ការហ៊ោរកញ្ជ្រៀវនៅនាទី១៨ ដ្បិត Cherki ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទី១៦ នោះ។
ទោះជាយ៉ាងណា គ្រូបង្វឹក Mikel Arteta នៅតែមានឱកាសអាចគ្រងតំណែងជើងឯក Premier League ជាលើកដំបូងគិតចាប់តាំងពី Arsenal ឈ្នះចុងក្រោយកាលឆ្នាំ២០០៤ ក្នុងចំណោម ៥ប្រកួតដែលនៅសល់ មុនពេលបិទរដូវកាលនេះដ៏ពេញលេញ ដោយកន្លងមកពួកគេធ្លាប់បាននាំមុខដល់ទៅ ៩ពិន្ទុ មុនពេលធ្លាក់មកនៅត្រឹមនាំមុខ ៣ពិន្ទុវិញក៏ដោយ។
ចំណែកឯមេឃខៀវវិញ ក៏នៅសល់ ១ប្រកួតក្នុងដៃបន្ថែមទៀតដែរ និងមាន ៧០ពិន្ទុស្មើជាមួយ Arsenal ទៀតផងនៅរាត្រីថ្ងៃពុធខានស្អែកនេះ ប្រសិនបើកូនក្រុមរបស់លោក Pep Guardiola អាចយកឈ្នះ Burnley ក្នុងកីឡដ្ឋាន Turf Moor ប្រកួតទី៣៣ របស់ពួកគេពិតមែន៕



