អត្តពលិកកម្ពុជា ៤ប្រភេទ ចូលរួមប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី នៅចិន

20-04-2026 13:47

(ភ្នំពេញ)៖ ក្រុមអត្តពលិកកម្ពុជា ៤ប្រភេទ នឹងចូលរួមព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី (Asian Beach Games) លើកទី៦ នៅទីក្រុង Sanya សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២-៣០ ខែមេសា ឆ្នាំ២០២៦ ខាងមុខរួមមានកីឡាចំបាប់ ជឺជីតស៊ូ ទ្រីយ៉ាត្លុង និងកីឡាបាល់ទាត់លើតុ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ឆ្នាំនេះកម្ពុជាបញ្ជូនប្រតិភូចូលរួមក្នុងកម្រិតតូចជាងមុនប្រមាណ ៣០នាក់។ យ៉ាងណាក្ដីលោកសង្ឃឹមថា ប្រតិភូកីឡាទាំងអស់គ្នា ពិសេសកីឡាករ-កីឡាការិនី នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការប្រកួតប្រជែង ដើម្បីស្វែងរកលទ្ធផលល្អជូនជាតិ ដូចអ្វីដែលកម្ពុជាធ្វើបានកន្លងមក។

សូមរំឮកថា កាលពីឆ្នាំ២០១៦ ក្នុងការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ីនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ២១គ្រឿង រួមមានមេដាយមាស ៦ ប្រាក់ ៦ និងសំរឹទ្ធ ៩។ ចំពោះបេសកកម្មឆ្នាំថ្មីនេះ គិតត្រឹមថ្ងៃទី២០ ខែមេសានេះ មានកីឡា ២ប្រភេទ បានចេញដំណើរពីមាតុភូមិហើយ រួមមានកីឡាជឺជីតស៊ូ និងទ្រីយ៉ាត្លុង ខណៈចំបាប់ និងបាល់ទាត់លើតុ នឹងចេញដំណើរជាបន្ដបន្ទាប់ ដើម្បីត្រៀមការប្រកួតតាមកាលបរិច្ចេទរៀងៗខ្លួន៕