ការប្រកួត និងសម្ដែងនូវកីឡាអត្តសញ្ញាណជាតិ ទទួលបានការគាំទ្រខ្លាំង ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ
20-04-2026 14:36
(ភ្នំពេញ)៖ ការប្រកួតអុកចត្រង្គ និងការសម្ដែងនូវយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី១៤-១៩ ខែមេសាកន្លងទៅ បានទាក់ទាញការគាំទ្រយ៉ាងច្រើនកុះករ ទាំងនៅទីតាំងភូមិវប្បធម៌ផ្ទាល់ និងតាមបណ្ដាញសង្គមនានា។
ថ្លែងក្រោយបិទបញ្ចប់ការប្រកួតកីឡាខាងលើ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា រយៈពេលជិត ១សប្ដាហ៍ នៃសកម្មភាពកីឡា ដើម្បីអបអរព្រឹត្តិការណ៍នគរសង្ក្រាន្ដឆ្នាំនេះ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យជាមួយកំណើនអ្នកទស្សនាយ៉ាងច្រើន ទាំងអ្នកទស្សនាផ្ទាល់ និងតាមអនឡាញ ដែលបង្ហាញពីស្មារតីរួបរួម និងយល់ដឹង ដើម្បីលើកតម្កើងនូវកីឡាអត្តសញ្ញាណជាតិខ្មែរ។
ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតវិញ សម្រាប់កីឡាអុកចត្រង្គ កីឡាករដែលបានឆ្លងកាត់វគ្គជម្រុះ ឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រចំនួន ៨រូប បានបង្ហាញគុណផលខ្ពស់រៀងៗខ្លួន ទាំងកម្រិតកុមារា និងមនុស្សពេញវ័យ ទម្រាំរកឃើញស្ដេចអុកនគរសង្ក្រាន្ដ បានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ។ នេះជាសញ្ញាណវិជ្ជមានបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាអុកចត្រង្គ ហើយលោកសង្ឃឹមថា ឆ្នាំក្រោយប្រភេទកីឡាប្រើបញ្ញានេះ នឹងទាក់ទាញការចូលរួម និងគាំទ្រកាន់តែខ្លាំងក្លាបន្ថែមទៀត។
ចំណែកការបង្ហាញនូវកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណវិញ ក៏បានទាក់ទាញការទស្សនា និងគាំទ្រយ៉ាងផុសផុលផងដែរ។ នេះជាលើកទី២ ហើយដែល NOCC ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំនូវក្បាច់គុនមរតកដូនតាខ្មែរ ដើម្បីអបអរសង្ក្រាន្ដឆ្នាំថ្មី បន្ទាប់ពីរៀបចំលើកដំបូងកាលពីឆ្នាំ២០២៥ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ក្រោមគំនិតផ្ដួចផ្ដើម និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
តាមរយៈភាពជោគជ័យនេះនាឆ្នាំក្រោយៗ NOCC និងក្រុមស្រាវជ្រាវគម្ពីអាថ៌កំបាំងដូនតាខ្មែរ គ្រោងនឹងបញ្ចូលល្បែងរបាំប្រជាប្រិយមួយចំនួនទៀតដែលប្រើកម្លាំងមានដូចជា ចំបាប់បុរាណ រុញអង្រែ ជាដើម ដើម្បីជំរុញឱ្យមានភាពសម្បូរបែប ហើយភ្ញៀវទេសចរបរទេសក៏អាចចូលរួមលេងបាន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។
គួរដឹងថា ការប្រកួតកីឡាអុកចត្រង្គ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ដឆ្នាំ២០២៦ សម្រាប់ម្ចាស់ជយលាភី គឺកីឡាករ សុខ លីមហេង ដែលក្លាយជាស្ដេចអុចត្រង្គនគរសង្ក្រាន្ដ ឆ្នាំ២០២៦ បន្ទាប់ពីយកឈ្នះកីឡាករ ជា ស៊ីដេត នៅវគ្គផ្ដាច់ព្រ័ត្រ។ ពិធីប្រគល់ពានរង្វាន់ស្ដេចអុកចត្រង្គនគរសង្ក្រាន្ដនេះ ធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងវត្តមានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាច្រើនផងដែរ៕























