ធនាគារ ប្រ៊ីដ និងបុរី ចន្ទគីរី ចុះហត្ថលេខាលើភាពជាដៃគូ ដើម្បីផ្តល់ដំណោះស្រាយឥណទានគេហដ្ឋានប្រកបដោយភាពបត់បែន
20-04-2026 17:48
(ភ្នំពេញ)៖ ធនាគារ ប្រ៊ីដ និងក្រុមហ៊ុន ISI គ្រុប បានចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ ក្នុងគោលបំណងពង្រឹងទីផ្សារឥណទានគេហដ្ឋានឱ្យកាន់តែប្រសើរ និងផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាអាចមានលទ្ធភាពកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់គេហដ្ឋានក្នុងក្តីស្រមៃ។ កម្មវិធីនេះធ្វើឡើងក្រោមការចូលរួមពីគណៈគ្រប់គ្រងទំាងពីស្ថាប័ន និងភ្ញៀវកិត្តិយសជាច្រើនទៀត។
ដោយមើលឃើញពីបញ្ហាប្រឈមដែលអតិថិជនជាច្រើនបានជួបប្រទះពាក់ព័ន្ធនឹងការដាក់ប្រាក់កក់ដំបូង ស្ថាប័នទាំងពីរបានផ្តួចផ្តើមគំនិតនេះដែលរចនាឡើងយ៉ាងច្បាស់លាស់សម្រាប់អតិថិជនដែលមានតម្រូវការកម្ចីសម្រាប់ទិញលំនៅឋានរបស់បុរីចន្ទគីរី ដែលអតិថិជនមានសមត្ថភាពក្នុងការបង់រំលស់ប្រចាំខែ ប៉ុន្តែមានការលំបាកក្នុងការបង់ប្រាក់កក់ដំបូង។
ដើម្បីដោះស្រាយបញ្ហានេះ ធនាគារ ប្រ៊ីដ នឹងផ្តល់ជូនអតិថិជននូវកម្ចីដែលមានទំហំរហូតដល់ ៩៥% នៃតម្លៃអចលនទ្រព្យ រួមជាមួយអត្រាការប្រាក់មានភាពប្រកួតប្រជែង និងលក្ខខណ្ឌបង់សងប្រកបដោយភាពបត់បែនរហូតដល់២៥ឆ្នាំ។
លោក Richard Liew អគ្គនាយកប្រតិបត្តិនៃធនាគារ ប៊្រីដ បានថ្លែងថា «តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ស្ថាប័នទាំងពីរនឹងសហការគ្នាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន។ យើងជឿជាក់ថាដើម្បីជួយសម្រួលឥណទានដល់អតិថិជន កិច្ចសហកប្រតិបត្តិការនឹងជួយឱ្យការងារកាន់តែរលូនរាល់ពេលអតិថិជនដាក់ពាក្យស្នើរឥណទានទិញគេហដ្ឋានជាមួយបុរីចន្ទគីរី»។
កិច្ចសហការនេះត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យដំណើរការប្រាក់កម្ចីទិញផ្ទះកាន់តែលឿន មានសុវត្ថិភាព និងមានភាពងាយស្រួលសម្រាប់អតិថិជនរបស់យើងជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែនតាមតម្រូវការ ដែលអនុញ្ញាតឱ្យប្រជាជនអាចមានឱកាសទទួលបានផ្ទះនៅក្នុងក្តីស្រម៉ៃរបស់ពួកគេដោយមានទំនុកចិត្ត។ការផ្តល់ជូននេះនឹងត្រូវបានបង្កើតឡើងក្រោមការសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការត្រួតពិនិត្យហ្មត់ចត់ និងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Richard Liew ។
លើសពីនោះភាពជាដៃគូនេះបានសរបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ប៊្រីដ ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងវិវត្តទៅមុខ។ តាមរយៈការកាត់បន្ថយភាពលំបាក ក្នុងការទទួលបានផ្ទះដែលអតិថិជនពេញចិត្ត ធនាគារមានគោលបំណងជួយដល់ក្រុមគ្រួសារជាច្រើនទៀតឱ្យទទួលបាននូវកន្លែងរស់នៅប្រកបដោយគុណភាព ផាសុកភាព ក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន ISI គ្រុប៕









