ក្រសួងអប់រំ គាំទ្រព្រឹត្តិការណ៍ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» ដើម្បីលើកកម្ពស់ការអាន និងស្វែងយល់ពីប្រវត្តិរូបិយវត្ថុខ្មែរ

20-04-2026 18:20

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC), សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ អម្រឹត បានប្រកាសសហការគ្នារៀបចំព្រឹត្តិការណ៍ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» ជាលើកដំបូងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅបរិវេណកោះពេជ្រ និងកោះនរា ដើម្បីលើកកម្ពស់វិស័យអប់រំ តាមរយៈការបង្កើតទម្លាប់ការអាន និងការសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ដ្ររូបិយវត្ថុខ្មែរជាដើម។

ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរស.ស.រ» ដោយទទួលបានការគាំទ្រពេញទំហឹងពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដ្បិតលោកចាត់ទុកយុទ្ធនាការនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃការអប់រំប្រកបដោយគុណភាព ដើម្បីកសាងធនធានមនុស្ស និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

យោងតាមខ្លឹមសារ នៃសន្និសីទសារព័ត៌មានខាងលើ កម្មវិធី «១ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៣ ទី១-ចូលរួមចំណែកបន្តលើកកម្ពស់ វិស័យអប់រំ ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ទី២-ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការអាន ដើម្បីបណ្ដុះទម្លាប់អានក្នុងជីវិតប្រចាំថ្ងៃ និងជំរុញវប្បធម៌អាននៅកម្ពុជា និងទី៣-ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការស្វែងយល់ពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ នៅ សារមន្ទីរ ស.ស.រ ដែលជាសារមន្ទីរទំនើប និងដំបូងគេបង្អស់ ដែលផ្តល់នូវចំណេះដឹងអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ និង សង្គម ក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។

ក្នុងនាមក្រសួងអប់រំ និងជាមន្ដ្រីកីឡាជាន់ខ្ពស់កម្ពុជាមួយរូប លោក វ៉ាត់ ចំរើន បានបង្ហាញនូវការគាំទ្រ ក្នុងការផ្សារភ្ជាប់សកម្មភាពកីឡា ដើម្បីលើកកម្ពស់វិស័យអប់រំ ដ្បិតកីឡា គឺជាចលនាសង្គមមួយ ដែលអាចជួយលើកកម្ពស់សុខភាពសាធារណផង និងការអប់រំផង ។ ដូច្នេះកិច្ចសហការរវាងស្ថាប័នរដ្ឋ និងឯកជន ក្នុងការរួមគ្នារៀបចំកម្មវិធីរត់ ឬដើរនាពេលខាងមុខ គឺជាយុទ្ធនាការសង្គមមួយដ៏សំខាន់ ក្នុងស្មារតីលើកកម្ពស់ការអាន ការបណ្ដុះទម្លាប់អាន ការសិក្សាស្រាវជ្រាវ និងការបង្កើតនូវប្បធម៌អាន ដើម្បីឲ្យការអាន ក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃផងដែរ។

លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន បានសម្ដែងសេចក្ដីសោមនស្ស និងរីករាយស្វាគមន៍ ចំពោះគំនិតផ្ដួចផ្ដើមរៀបចំកម្មវិធីនេះឡើង ក្នុងការនាំសិស្សានុសិស្ស មកទស្សនាសារមន្ទីរ ។ លោកថា សារមន្ទីរ ស.ស.រ មិនត្រឹមតែជាកន្លែងអភិរក្សប៉ុណ្ណោះទេ ថែមទាំងជាស្ថាប័នផ្តោតសំខាន់ទៅលើការអប់រំ និងចែករំលែកនូវចំណេះដឹងផងដែរ។

លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុងនៅកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» លើកដំបូង គឺមាន ៣វិញ្ញាសា រួមមានវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រ។ បច្ចុប្បន្នមានអ្នកចុះឈ្មោះចូលរួមប្រមាណ ៥០០នាក់ហើយ ហើយលោករំពឹងថា នឹងអាចទទួលបាន២០០០ ទៅ ៣០០០នាក់។ ដូច្នេះលោកសូមអំពាវនាវឱ្យមានការចុះឈ្មោះឱ្យបានរួសរាន់ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំសម្ភារៈជូន៕