Tesla បញ្ចប់ក្ដីក្ដាំងក្រៅតុលាការ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់យុវជននៅ Florida

21-04-2026 10:13

(បរទេស)៖ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់បណ្តឹង «មរណភាពដោយអយុត្តិធម៌» មួយនៅរដ្ឋ Florida ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០១៨ ដែលបានសម្លាប់យុវជនម្នាក់។ ដើមឡើយ តុលាការបានគ្រោងនឹងបើកសវនាការនៅថ្ងៃនេះ ប៉ុន្តែ Tesla ត្រូវបានដកចេញពីបញ្ជីចុងចោទវិញ បន្ទាប់ពីមេធាវីដើមបណ្តឹងបានបញ្ជាក់ថា ការទាមទារប្រឆាំងនឹងក្រុមហ៊ុនត្រូវបានដោះស្រាយរួចរាល់ជាលក្ខណៈឯកជន។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

គ្រោះថ្នាក់នេះបានកើតឡើងនៅពេលយុវជនអាយុ ១៨ ឆ្នាំម្នាក់ បានបើកបររថយន្ត Tesla Model S ក្នុងល្បឿនយ៉ាងលឿនដល់ទៅ ១៨៦ គីឡូម៉ែត្រក្នុងមួយម៉ោង (១១៦ ម៉ាយ) នៅលើផ្លូវកោង រហូតបាត់បង់ម្ចាស់ការបុកទង្គិចជញ្ជាំងបេតុង។ ឪពុកម្តាយរបស់អ្នកបើកបរបានចោទប្រកាន់ថា បុគ្គលិកបច្ចេកទេសរបស់ Tesla បានលួចបិទកម្មវិធីកំណត់ល្បឿន (Speed-limiter) ដោយពួកគេមិនបានដឹងខ្លួន ដែលកម្មវិធីនេះមានតួនាទីកម្រិតល្បឿនមិនឱ្យលើសពី ១៣៧ គីឡូម៉ែត្រក្នុងមួយម៉ោងឡើយ។

ទោះជាយ៉ាងណា Tesla បានបដិសេធរាល់ការធ្វើខុស និងបានការពារជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ថា ការបើកបរ «ដោយខ្វះការប្រុងប្រយ័ត្ន» របស់អ្នកបើកបរផ្ទាល់គឺជាមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ «មិនថារថយន្តមានកម្មវិធីកំណត់ល្បឿន ឬអត់នោះទេ»។ រហូតមកដល់ពេលនេះ លក្ខខណ្ឌនៃកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ដើម្បីបញ្ចប់រឿងក្ដីនេះ មិនត្រូវបានភាគីទាំងសងខាងបង្ហាញជាសាធារណៈឡើយ។

គួរជម្រាបថា នេះមិនមែនជាលើកទីមួយទេដែល Tesla ជ្រើសរើសដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជៀសវាងការអូសបន្លាយក្តីក្តាំង។ កាលពីឆ្នាំមុន ក្រុមហ៊ុនក៏បានបញ្ចប់បណ្តឹងស្រដៀងគ្នានេះក្នុងករណីគ្រោះថ្នាក់នៅរដ្ឋ Ohio ផងដែរ។ ប៉ុន្តែ Tesla នៅតែបន្តប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ផ្សេងទៀត រួមទាំងការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមសងជំងឺចិត្តចំនួន ២៤៣ លានដុល្លារ ក្នុងករណីគ្រោះថ្នាក់ពាក់ព័ន្ធនឹងប្រព័ន្ធ Autopilot កាលពីឆ្នាំ ២០១៩៕