DM-i ទល់នឹង Hybrid ធម្មតា៖ តើបច្ចេកវិទ្យាមួយណាដែលស័ក្តិសមបំផុតសម្រាប់ស្ថានភាពផ្លូវក្នុងប្រទេសកម្ពុជា?

21-04-2026 10:15

(ភ្នំពេញ)៖ ក្នុងពេលដែលទីផ្សាររថយន្តកំពុងងាកទៅរកការប្រើប្រាស់ថាមពលបៃតង បច្ចេកវិទ្យា DM-i (Dual Mode Intelligent) ដែលជាមុខងាររបស់ក្រុមហ៊ុនយក្ស BYD បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ក្នុងនាមជាបច្ចេកវិទ្យា «Super Hybrid»ដែលអាចឈានទៅរកការលុបបំបាត់ក្តីបារម្ភរបស់អ្នកប្រើប្រាស់រវាងការជ្រើសរើសរថយន្តសាំង និងរថយន្តអគ្គិសនីសុទ្ធ។

តើអ្វីទៅជាបច្ចេកវិទ្យា DM-i? DM-i គឺជាប្រព័ន្ធ Hybrid កម្រិតខ្ពស់ដែលផ្តោតសំខាន់លើ «ការប្រើប្រាស់អគ្គិសនីជាចម្បង»។ ខុសពីប្រព័ន្ធ Hybrid ធម្មតាដែលប្រើម៉ាស៊ីនសាំងជាកម្លាំងរុញច្រានជាគោល ខណៈបច្ចេកវិទ្យា DM-i ប្រើប្រាស់ម៉ូទ័រអគ្គិសនីដើម្បីបើកបរក្នុងភាគរយច្រើនបំផុតនៃពេលវេលា ចំណែកម៉ាស៊ីនសាំងមានតួនាទីត្រឹមជាអ្នកជំនួយ ឬផលិតថាមពលសាកចូលទៅក្នុងអាគុយប៉ុណ្ណោះ។

ចំណុចខ្លាំងដែលធ្វើឱ្យ DM-i លេចធ្លោជាងគេនោះ គឺការសន្សំសំចៃប្រេងកម្រិតខ្ពស់ បច្ចេកវិទ្យានេះអាចជួយឱ្យរថយន្តស៊ីប្រេងទាបបំផុត ត្រឹមប្រមាណ ៣.៨លីត្រក្នុង ១០០គីឡូម៉ែត្រប៉ុណ្ណោះ ទោះបីជាក្នុងស្ថានភាពអស់ថ្មពីការសាកក៏ដោយ។
ហើយរក្សាចម្ងាយបើកបរដ៏អស្ចារ្យ ដោយការសាកភ្លើង និងចាក់សាំងពេញម្តង រថយន្តដែលបំពាក់បច្ចេកវិទ្យានេះអាចធ្វើដំណើរបានចម្ងាយសរុបចន្លោះពីជាង ១,០០០គីឡូម៉ែត្រ ឬលើសពី ១,២០០គីឡូម៉ែត្រទៅតាមកម្លាំងម៉ាស៊ីន។

ជាមួយបទពិសោធន៍រថយន្តបំពាក់បច្ចេកវិទ្យានេះបើកបរដូចរថយន្ត EV ទទួលបានបទពិសោធន៍ការជាន់ស្ទុះខ្លាំង ភាពស្ងាត់ និងភាពរលូន គឺជាចំណុចពិសេសដែលអ្នកបើកបរនឹងទទួលបាន ព្រោះកម្លាំងរុញច្រានស្ទើរតែទាំងស្រុងចេញពីម៉ូទ័រអគ្គិសនី។
រួមជាមួយសុវត្ថិភាពខ្ពស់ជាមួយកម្រិតអាគុយ ដែលប្រព័ន្ធនេះប្រើប្រាស់អាគុយប្រភេទ Blade Battery ដ៏ល្បីល្បាញខាងសុវត្ថិភាព ធន់នឹងការឆេះ និងមានអាយុកាលប្រើប្រាស់បានយូរ។

ជាការកត់សម្គាល់ការវិវឌ្ឍន៍ចុងក្រោយ ដោយបច្ចុប្បន្នក្រុមហ៊ុន BYD បាននឹងកំពុងអភិវឌ្ឍបច្ចេកវិទ្យានេះដល់ជំនាន់ទី៥ ដែលកាន់តែបង្កើនប្រសិទ្ធភាពកម្ដៅម៉ាស៊ីន និងកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យកាន់តែទាបជាងមុន។ ហើយបច្ចេកវិទ្យានេះត្រូវបានគេមើលឃើញថាជា «ស្ពានចម្លង ឬជាចំណុចចាប់ផ្តើមដ៏ល្អបំផុត» សម្រាប់អ្នកប្រើប្រាស់ដែលចង់សាកល្បងរថយន្តអគ្គិសនី ប៉ុន្តែនៅតែមានតម្រូវការប្រើប្រាស់ម៉ាស៊ីនសាំងជាជំនួយសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ។

DM-i កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ដែលស្វែងរកតុល្យភាពរវាងសមត្ថភាព សន្សំសំចៃ និងភាពងាយស្រួល៕