Amazon និង Anthropic ចុះកិច្ចព្រមព្រៀងយក្សតម្លៃ ១០០ពាន់លានដុល្លារ បង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យ Cloud និង AI
21-04-2026 10:33
(បរទេស)៖ ក្រុមហ៊ុន Amazon បានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួននឹងវិនិយោគទឹកប្រាក់រហូតដល់ ២៥ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងក្រុមហ៊ុន Anthropic ដែលជាក្រុមហ៊ុនអាជីវកម្មថ្មី (Startup) ផ្នែកបញ្ញាសិប្បនិម្មិត (AI) ខណៈដែល Anthropic ប្ដេជ្ញាចិត្តនឹងចំណាយថវិកាជាង ១០០ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ លើបច្ចេកវិទ្យាក្លោដរបស់ Amazon។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។
កិច្ចព្រមព្រៀងនេះ បានធ្វើឱ្យទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរកាន់តែស៊ីជម្រៅ ស្របពេលដែល Anthropic កំពុងប្រញាប់ប្រញាល់ពង្រឹងសមត្ថភាពម៉ូដែល AI របស់ខ្លួន។ ក្រុមហ៊ុន Amazon ដែលមានមូលដ្ឋាននៅទីក្រុង Seattle នឹងវិនិយោគ ៥ពាន់លានដុល្លារភ្លាមៗ ហើយទឹកប្រាក់ ២០ពាន់លានដុល្លារបន្ថែមទៀតនឹងត្រូវផ្ដល់ជូននៅពេលក្រោយ អាស្រ័យលើលទ្ធផលជោគជ័យនៃដំណាក់កាលពាណិជ្ជកម្មជាក់លាក់។ ការវិនិយោគថ្មីនេះ ធ្វើឡើងបន្ទាប់ពី Amazon ធ្លាប់បានដាក់ទុនចំនួន ៨ពាន់លានដុល្លាររួចមកហើយនៅក្នុងក្រុមហ៊ុននេះ។ ខណៈពេលដែល Amazon បន្តនាំមុខគេក្នុងការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់បច្ចេកវិទ្យា AI ដូចជាកម្លាំងគណនានៃប្រព័ន្ធក្លោដជាដើម ក្រុមហ៊ុននេះហាក់នៅមានកម្រិតក្នុងការបង្កើតភាពទាក់ទាញខ្លាំងលើម៉ូដែល AI ផ្ទាល់ខ្លួន (ដូចជាម៉ូដែល Nova)។
Amazon បានឱ្យដឹងថា ខ្លួនរំពឹងថានឹងចំណាយថវិកាប្រហែល ២០០ពាន់លានដុល្លារក្នុងឆ្នាំនេះ លើការចំណាយដើមទុន (Capital Expenditures) ដែលភាគច្រើនគឺសម្រាប់ការអភិវឌ្ឍ AI។ លើសពីនេះ Amazon ក៏កំពុងដាក់ទុនយ៉ាងសន្ធឹកសន្ធាប់លើក្រុមហ៊ុន AI ធំៗដទៃទៀតផងដែរ។ ការវិនិយោគថ្មីលើ Anthropic (ម្ចាស់ម៉ូដែល Claude) នេះ បានធ្វើឡើងបន្ទាប់ពីការប្រកាសកាលពីដើមឆ្នាំថា ខ្លួននឹងវិនិយោគរហូតដល់ ៥០ពាន់លានដុល្លារក្នុងក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ Anthropic បានឱ្យដឹងថា ខ្លួនរំពឹងថានឹងនាំយកសមត្ថភាពដំណើរការប្រហែល ១ ហ្គីហ្គាវ៉ាត់ (Gigawatt) តាមរយៈបន្ទះឈីប Trainium2 និង Trainium3 នៅត្រឹមចុងឆ្នាំនេះ ហើយគោលដៅចុងក្រោយគឺការទទួលបានសមត្ថភាពរហូតដល់ ៥ ហ្គីហ្គាវ៉ាត់។ លោក Andy Jassy នាយកប្រតិបត្តិក្រុមហ៊ុន Amazon បានលើកឡើងថា ការប្រើប្រាស់បន្ទះឈីប Trainium របស់ Anthropic «បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពដែលយើងសម្រេចបានរួមគ្នាលើបន្ទះឈីបផលិតតាមតម្រូវការ (Custom Silicon)»។
គួរជម្រាបថា បច្ចុប្បន្ន Anthropic កំពុងមានគោលដៅនាំមុខក្នុងសមរភូមិ AI តាមរយៈការបញ្ចេញម៉ូដែលដែលផ្ដោតលើការសរសេរកូដ (Coding) និងការរចនា (Design) ខណៈដែល Amazon កំពុងស្វែងរកអតិថិជនសម្រាប់បន្ទះឈីប AI ផ្ទាល់ខ្លួនរបស់ខ្លួន។ ក្រោយការប្រកាសនេះ ភាគហ៊ុនរបស់ Amazon បានកើនឡើងប្រហែល ២.៧% ក្នុងការជួញដូរបន្ថែមម៉ោង៕









