Man Utd ត្រូវការត្រឹម ៦ពិន្ទុទៀត ក្នុងចំណោម ៥ប្រកួតនៅសល់ ដើម្បីបានកៅអីពានអឺរ៉ុប UCL រដូវកាលក្រោយ

21-04-2026 14:28

(បរទេស)៖ Manchester United ត្រូវការត្រឹមតែ ៦ពិន្ទុទៀតតែប៉ុណ្ណោះ ក្នុងការទទួលបានកៅអី១ ដើម្បីលេងពានរង្វាន់អឺរ៉ុប UEFA Champions League 2026-27 ឡើងវិញ ក្រោយពេលខកខានរដូវកាលនេះ។ នេះបើយោងតាម Channel JF។

ទោះជាយ៉ាងណា ក្រុមបិសាចក្រហមមួយនេះ ដែលធ្លាប់ឈ្នះជើងឯក ៣លើក និងលើកចុងក្រោយកាលឆ្នាំ២០០៨ នោះ កាន់តែធានាកៅអីវគ្គ Group Phase ប្រសិនបើក្រុមស្ថិតនៅតំបន់ Top-5 មានដូចជា Aston Villa និង Liverpool បាត់បង់ពិន្ទុ ក្នុងចំណោម ៥ប្រកួតដែលនៅសល់ដូចគ្នា។

ក្រោយឆ្លងកាត់ ៣៣ប្រកួតក្នុងជើងទី២ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅបណ្តោះអាសន្ន Michael Carrick រហូតចប់រដូវកាលនេះ កំពុងឈរនៅលេខរៀងទី៣ បណ្តោះអាសន្ននៅ Premier League ដោយមាន ៥៨ពិន្ទុ ចាញ់ប្រៀបក្រុមលេខ២ Manchester City ៩ពិន្ទុ គ្រាដែលកាំភ្លើងធំ Arsenal មាន ៧០ពិន្ទុសរុបឈរទីកំពូលតារាង។

Man Utd ត្រូវប្រឈមមុខនឹង Brentford, Liverpool, Sunderland, Nottingham Forest និង Brighton ចំពោះ ៥ប្រកួតនៅសល់ មុនពេលបិទរដូវកាលឆ្នាំ២០២៥-២៦ នេះដ៏ពេញលេញ៕