Apple ប្រឈមមុខនឹងវិធានការក្តៅនៅឥណ្ឌា ជុំវិញរឿងក្តីផ្ដាច់មុខ និងការលាក់បាំងទិន្នន័យហិរញ្ញវត្ថុ
21-04-2026 15:56
(បរទេស)៖ ស្ថាប័នឃ្លាំមើលការប្រកួតប្រជែងរបស់ឥណ្ឌា (CCI) បានសម្រេចពន្លឿនរឿងក្តីប្រឆាំងនឹងក្រុមហ៊ុន Apple បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ បដិសេធមិនព្រមផ្តល់ទិន្នន័យហិរញ្ញវត្ថុតាមការទាមទារ។ ការស៊ើបអង្កេតបឋមបានរកឃើញថា Apple បានរំលោភបំពានអំណាចទីផ្សាររបស់ខ្លួន តាមរយៈការបង្ខំឱ្យអ្នកបង្កើតកម្មវិធី (Developers) ប្រើប្រាស់តែប្រព័ន្ធទូទាត់ប្រាក់របស់ខ្លួន ដែលនាំឱ្យស្ថាប័ន CCI កំណត់យកថ្ងៃទី២១ ខែឧសភា ខាងមុខ ជាថ្ងៃសវនាការចុងក្រោយដើម្បីសម្រេចលើការផាកពិន័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។
រឿងក្តីនេះបានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ក្រុមហ៊ុន Apple ដោយសារពួកគេអាចនឹងត្រូវប្រឈមការផាកពិន័យជាទឹកប្រាក់មហាសាលរហូតដល់ ៣៨ ពាន់លានដុល្លារ ប្រសិនបើឥណ្ឌាប្រើប្រាស់ប្រាក់ចំណូលសរុបពីជុំវិញពិភពលោកមកគណនា។ Apple បានព្យាយាមប្តឹងតវ៉ាប្រឆាំងនឹងច្បាប់ផាកពិន័យនេះនៅតុលាការជាន់ខ្ពស់ក្រុងដេលី និងបានស្នើឱ្យផ្អាកនីតិវិធីស៊ើបអង្កេត ប៉ុន្តែត្រូវបាន CCI បដិសេធ ដោយអះអាងថា Apple កំពុងព្យាយាម «ពន្យារពេលរឿងក្តី» តែប៉ុណ្ណោះ។
អ្នកជំនាញផ្នែកច្បាប់មើលឃើញថា វិធានការកំណត់ថ្ងៃសវនាការចុងក្រោយនេះ គឺជាការបង្ហាញជំហររឹងមាំរបស់ឥណ្ឌា។ លោក Gautam Shahi ដៃគូផ្នែកច្បាប់នៃក្រុមហ៊ុន Dua Associates បានលើកឡើងថា៖ «Apple មានឱកាសឥឡូវនេះដើម្បីដាក់បញ្ជូនហិរញ្ញវត្ថុរបស់ខ្លួនដែលបញ្ជាក់ដោយសវនករ... បើមិនដូច្នោះទេ ការជជែកដេញដោលលើកម្រិតនៃការពិន័យនឹងត្រូវរឹតត្បិតទៅតាមនោះដែរ»។ នេះមានន័យថា បើ Apple នៅតែបន្តលាក់បាំងទិន្នន័យ ពួកគេអាចនឹងបាត់បង់សិទ្ធិក្នុងការតវ៉ាចំនួនទឹកប្រាក់ដែលត្រូវពិន័យ។
ទោះបីជា Apple អះអាងថាខ្លួនគ្រាន់តែជា «អ្នកលេងតូចតាច» នៅក្នុងទីផ្សារឥណ្ឌាដែលមានទូរស័ព្ទ Android គ្រប់គ្រងភាគច្រើនក៏ដោយ ប៉ុន្តែទិន្នន័យបង្ហាញថា ចំណែកទីផ្សារ iPhone បានកើនឡើងទ្វេដងក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។ ការរឹតបន្តឹងពីសំណាក់អាជ្ញាធរឥណ្ឌានៅពេលនេះ គឺជាផ្នែកមួយនៃសម្ពាធសកលដែល Apple កំពុងជួបប្រទះ ខណៈដែលប្រទេសជាច្រើនទៀតក៏កំពុងពិនិត្យមើលការអនុវត្តអាជីវកម្មដែលត្រូវបានចោទថា «ផ្ដាច់មុខ» នេះដូចគ្នាដែរ៕









