Elon Musk កាន់តែខ្លាំង! បង្កើនចំណែកភាគហ៊ុនក្នុង SpaceX ត្រៀមនាំក្រុមហ៊ុនចូលទីផ្សារហ៊ុនឆាប់ៗនេះ

21-04-2026 16:43

(បរទេស)៖ កំពូលមហាសេដ្ឋី Elon Musk ត្រូវបានរាយការណ៍ថា បានសំងំបង្កើនចំណែកភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន SpaceX កាលពីឆ្នាំមុន តាមរយៈការទិញភាគហ៊ុនដែលមានតម្លៃ ១.៤ ពាន់លានដុល្លារពីបុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Information នៅថ្ងៃអង្គារសប្តាហ៍នេះ។

របាយការណ៍បានឱ្យដឹងថា ការទិញភាគហ៊ុនក្នុងទីផ្សារបន្ទាប់ (Secondary stock purchase) នេះ ត្រូវបានធ្វើឡើងតាមរយៈមូលនិធិទុកចិត្ត (Trust) របស់លោក Musk ហើយព័ត៌មាននេះត្រូវបានលាតត្រដាងនៅក្នុងសេចក្តីព្រាងនៃឯកសារសម្ងាត់ សម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO Prospectus) របស់ SpaceX។

The Information បានបន្តថា កាលពីខែមុន ក្រុមហ៊ុន SpaceX ក៏បានអនុម័តផែនការមួយដែលនឹងផ្ដល់ភាគហ៊ុនបន្ថែមចំនួន ៦០លានហ៊ុន ដល់លោក Musk ដែលជានាយកប្រតិបត្តិ ប្រសិនបើតម្លៃទីផ្សារ (Market capitalization) របស់ក្រុមហ៊ុនកើនឡើងពី ១.១ ទ្រីលានដុល្លារ រហូតដល់ ៦.៦ ទ្រីលានដុល្លារ ហើយក្រុមហ៊ុនសម្រេចបាននូវផែនការមហិច្ឆតានៃការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data centers) នៅលើលំហអាកាស ដើម្បីផ្គត់ផ្គង់កម្លាំងគណនា (Compute) ដល់អ្នកអភិវឌ្ឍន៍ AI។ ភាគហ៊ុនទាំងនោះនឹងត្រូវប្រគល់ឱ្យជាបន្តបន្ទាប់ នៅពេលដែលតម្លៃទីផ្សាររបស់ SpaceX កើនឡើងក្នុងកម្រិត ៥០០ពាន់លានដុល្លារម្ដងៗ។

សារព័ត៌មាន Reuters មិនទាន់អាចបញ្ជាក់ពីភាពត្រឹមត្រូវនៃរបាយការណ៍នេះភ្លាមៗនៅឡើយទេ ហើយខាងក្រុមហ៊ុន SpaceX ក៏មិនទាន់មានការឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយដែរ។

ក្រុមហ៊ុន SpaceX ដែលបានដាក់ពាក្យចុះបញ្ជីសម្ងាត់នៅសហរដ្ឋអាមេរិកកាលពីខែមីនា បានបង្កើតប្រាក់ចំណេញប្រហែល ៨ពាន់លានដុល្លារកាលពីឆ្នាំមុន លើចំណូលសរុបពី ១៥ ទៅ ១៦ ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters កាលពីខែមករា។ Reuters បានរាយការណ៍នៅថ្ងៃអង្គារថា SpaceX គ្រោងនឹងប្រើប្រាស់រចនាសម្ព័ន្ធភាគហ៊ុនពីរប្រភេទ (Dual-class equity structure) ដែលផ្ដល់សិទ្ធិឱ្យម្ចាស់ភាគហ៊ុនប្រភេទ B (Class B) មានសម្លេងឆ្នោត ១០ ក្នុងមួយហ៊ុន ដែលការណ៍នេះនឹងធ្វើឱ្យអំណាចប្រមូលផ្ដុំលើលោក Musk និងក្រុមអ្នកខាងក្នុងមួយចំនួនតូច ខណៈដែលភាគហ៊ុនប្រភេទ A (Class A) ដែលលក់ឱ្យវិនិយោគិនសាធារណៈ នឹងមានសម្លេងឆ្នោតតែ ១ ក្នុងមួយហ៊ុនប៉ុណ្ណោះ៕